ខេត្តតាកែវ ៖ ស្ត្រីម្នាក់ដែលត្រូវអតីតប្តីសុំជានាគ្នាវិញ ក្រោយពីលែងលះបាន ៥ខែ ប៉ុន្តែមិនព្រម រហូតធ្វើឱ្យអតីតប្តីផ្ទុះកំហឹង ជះទឹកអាស៊ីដ បណ្តាលឱ្យរលាករលួយពេញខ្លួន រងរបួសធ្ងន់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស នោះ មកដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត ដោយសារស្នាដៃអតីតប្តីកំណាចជះទឹកអាស៊ីដដាក់ បណ្តាលឱ្យរលេះរលួយខ្លួនប្រាណនោះ មានឈ្មោះទឹម សុខឃីម អាយុ៤៣ឆ្នាំ មានលំនៅ ភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ចំណែកជនដៃដល់ជាអតីតប្តី ដែលជះទឹកអាស៊ីដដាក់ប្រពន្ធ រួចរត់គេចខ្លួនបាត់ មានឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះទឹម សុខឃីម ក្រោយពីត្រូវអតីតប្តីចិត្តកំណាចជះទឹកអាស៊ីដដាក់ បណ្តាលឱ្យរលាករលេះរលួយពេញខ្លួនប្រាណ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រួចមក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី) ភ្លាមៗដែរ និងត្រូវបានក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសរបស់

ស្ត្រីរងគ្រោះ មានសភាពធ្ងន់ខ្លាំងពេក ទើបក្រោយពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់រយៈពេល ជាង ១សប្តាហ៍រួចមក ស្ត្រីរងគ្រោះក៏លែងអាចទ្រាំទ្រនឹងស្ថានភាពរបួសបាន ទើបបណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ខណៈដែលប្តីចិត្តឃោរឃៅ សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ។
សពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកត្រឡប់មកកាន់លំនៅឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជាមួយនេះ ក្រុមគ្រួសារសព បានទទូចសំណូមពរដល់សមត្ថកិច្ច មេត្តាស្រាវជ្រាវតាមចាប់ជនដៃដល់ យកមកដាក់ទោសតាមផ្លូវច្បាប់ ឱ្យខាងតែបាន ដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ។

គួររំលឹកថា កាលពីវេលាម៉ោង ១២ ង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចភូមិភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយប្តីប្រពន្ធ ២នាក់ រួមរស់នឹងគ្នាអស់រយៈពេលជិត ២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុសស្រី២នាក់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏ចាប់ផ្តើមកើតរឿងរកាំរកូស រហូតឈានដល់ការលែងលះគ្នា រស់នៅរៀងខ្លួន ស្រាប់តែ ៥ខែក្រោយមក បុរសជាប្តី បានតាមមកលួងលោមសុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ លុះប្រពន្ធអត់ព្រម ធ្វើឱ្យបុរសជាប្តីចងគំនុំក្នុងចិត្ត ក៏ធ្វើសកម្មភាពជះទឹកអាស៊ីដដាក់ប្រពន្ធ បណ្តាលឱ្យរលាករលួយពេញខ្លួនប្រាណ រងរបួសយ៉ាងធ្ងន់ បន្ទាប់មកក៏រត់គេចខ្លួនបាត់។
តាមការរៀបរាប់ពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ជនដៃដល់និងជនរងគ្រោះ ជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការជាមួយគ្នាអស់រយៈពេលជិត ២០ឆ្នាំមកហើយ និងមានកូនប្រុសស្រី ២នាក់ជាចំណងដៃ។ ក្រោយមក ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបអ្នកទាំងពីរក៏បានលែងលះគ្នាអស់រយៈពេល ៥ខែមកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ បុរសជាប្តី បានមកតាមលួងលោមសុំអតីតប្រពន្ធ ត្រូវរ៉ូវគ្នាវិញ ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះបដិសេធ។

ប្រភពដដែល បន្តថា លុះមកដល់យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ជនដៃដល់បានមកផ្ទះជនរងគ្រោះជាអតីតប្រពន្ធម្តងទៀត លុះដោយសារតែឃើញយប់ជ្រៅទៅហើយ ទើបស្ត្រីរងគ្រោះក៏បានឃាត់អតីតប្តីនោះ ឱ្យសម្រាកនៅផ្ទះ ១យប់សិនទៅ ដោយជនដៃដល់ដេកខាងលើផ្ទះ ចំណែកស្ត្រីរងគ្រោះ រួមទាំងកូនប្រុសស្រី២នាក់ទៀត ដេកនៅខាងក្រោម។ ស្រាប់តែមកដលក់វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខណៈដែលស្ត្រីរងគ្រោះ និងកូនៗ កំពុងដេកលក់ ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីដ មកជះពីលើ បណ្តាលឱ្យរលាកទាំងម្តាយនិងកូន រងរបួសធ្ងន់ ហើយភ្លាមនោះ ជនដៃដល់ក៏បានគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ភ្លាមៗដែរ តែអសកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបស្ត្រីរងគ្រោះ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៕