Sunday, June 29, 2025
Homeសង្គម និងជីវិតអង្គការសង្គមស៊ីវិល ៧២ ស្នើការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងទៅលើកូដករណាហ្គាវើលដ៍

អង្គការសង្គមស៊ីវិល ៧២ ស្នើការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងទៅលើកូដករណាហ្គាវើលដ៍

ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល ចំនួន ៧២ បានសេចក្តីថ្លែងការណ៍រួម ស្ដីពី «ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើកូដករ» និងសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន។

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល ទាំង៧២ រួមមាន ៖ សម្ព័ន្ធសហជីពកម្ពុជា (CATU), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL), សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA), សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC), សហភាពការងារកម្ពុជា (CLC) និងសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) ជាដើម ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ​ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ក៏ដូចជាការរឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅៗពីសំណាក់អាជ្ញាធរ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំរាជរដ្ឋាភិបាល ឱ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើកូដករ ម្តងហើយម្តងទៀត ដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុង ហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់ ។

យើងខ្ញុំព្រួយបារម្ភចំពោះវិធានការថ្មីៗនេះពីសំណាក់អាជ្ញាធរ​ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សា ដែលភាគច្រើនជាស្ត្រី ។ ជាច្រើនលើកច្រើនសា អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ ។ អ្នកសារព័ត៌មាន ត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្ដីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករទៅកាន់រថយន្តក្រុងយ៉ាងហិង្សា ។ ពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកូដករនៅទីតាំងធ្វើចត្តាឡីស័កកូវីដ-១៩ ផងដែរ ។

ក្នុងករណីមួយចំនួន អាជ្ញាធរបានបង្ខំអ្នកឃ្លាំមើលឱ្យលុបរូបភាព និងវីដេអូ អំពីហេតុការណ៍ ដែលអាចបង្ហាញនៅពេលក្រោយថា ការឃាត់ខ្លួនដោយរំលោភបំពានទាំងនេះ ជាប្រភពនៃភាពអាម៉ាស់ និងមិនសមហេតុផល ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ។ ប្រសិនបើអ្នកឃ្លាំមើល នៅតែបន្តត្រូវបានរឹតត្បិត យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពាន អាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ ។

លើសពីនេះ នាពេលថ្មីៗនេះ អាជ្ញាធរបានរុញកូដករចូលទៅក្នុងរថយន្តក្រុង យ៉ាងហិង្សា ហើយដឹកអ្នកទាំងនោះទៅកាន់ជាយក្រុង ហើយទុកពួកគេចោល ដោយបង្ខំឱ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ សកម្មភាពនេះ គឺជាសកម្មភាពដែលមិនត្រឹមត្រូវទាំងស្រុង និងជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់ មកលើក្រុមកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ ដោយមិនមានមូលហេតុស្របច្បាប់ណាមួយត្រូវបានលើកឡើងដោយអាជ្ញាធរ ។

កូដករជាស្ត្រី មកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដាក់គោលដៅជាមួយអំពើហិង្សា ការបៀតបៀនផ្លូវភេទ ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តដោយរំលោភបំពាន នៃវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងកូដកម្មអហិង្សារបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍នៅក្នុងវីដេអូមួយ ដែលអាជ្ញាធរបានប្រើប្រាស់ភាសាអាសគ្រាមដោយមិនសមរម្យ ទៅលើកូដករម្នាក់ ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ ។ កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសជាអាជ្ញាធរម្នាក់ បានចាប់និងច្របាច់សុដន់របស់ស្ត្រីជាកូដករម្នាក់ ខណៈដែលនាងកំពុងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង ។ កាលពីថ្ងៃទី២២ ខែមីនា កូដករជាស្ត្រីម្នាក់ត្រូវបានអាជ្ញាធរដាល់ចំភ្នែក នៅពេលដែលអាជ្ញាធររុញច្រានយ៉ាងហិង្សាបង្ខំឱ្យកូដករចូលក្នុងរថយន្តក្រុង ។ សកម្មភាពទាំងនេះ គឺមិនអាចទទួលយកបានឡើយ ។

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី និងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី ។ ប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះកូដកម្មនេះ គឺជាការចាប់ខ្លួនអ្នកដឹកនាំ សមាជិក និងសកម្មជនសហជីពចំនួន ១១រូប ទៅវិញ ពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវ ។ បើទោះជាជិតបីខែក្រោយមក អ្នកទាំងនោះ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នក្តី ក៏បទចោទទៅលើពួកគេ មិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ ។ អាជ្ញាធរនៅតែបន្តរុញច្រានបង្ខំ និងឃាត់ខ្លួនកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ រាប់រយនាក់ ទៅក្នុងរថយន្តក្រុង ស្ទើរតែរាល់ថ្ងៃ ក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវ ទៅកាន់មណ្ឌលចត្តាឡីស័ក ហើយថ្មីៗនេះ ដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែង នៅជាយរាជធានីភ្នំពេញ​ ។

យើងខ្ញុំ សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន…៕

RELATED ARTICLES