ខេត្តស្វាយរៀង ៖ ផ្ទះលក់ចាប់ហួយមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង និងបណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះទទួលរងរបួសទៀតផង ដោយសារមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញ ស្រុកកំពង់រោទ៍។

តាមសមត្ថកិច្ចស្រុកកំពង់រោទ៍ បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះឡុង សារី ភេទស្រី អាយុ៥៩ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ (រងរបួសរលាកកំភួនជើង)។ ចំណែកសម្ភារដែលឆេះរងការខូចខាត រួមមាន តូបធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ១០ម៉ែត្រ ខូចខាតទាំងស្រុង ស្រាបៀរនិងទឹកផ្លែឈើ សរុប

ចំនួន៣០កេស ទឹកសុទ្ធ ៥០យួរ និង៥ប៊ីដុង លុយខ្មែរ ១០ម៉ឺនរៀល ប្លង់ដី ១០សន្លឹក អត្តសញ្ញាណប័ណ្ណនិងឯកសារ រួមនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមក កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទ៍ ចំនួន៥នាក់ និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង បានសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុក និងកម្លាំងប្រជាការពារជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ ប៉ុន្តែ ដោយសារភ្លើងឆេះពេញក្រមុំទៅហើយនោះ ទើបឈាន


ទៅដល់ម៉ោងប្រមាណ៩ព្រឹក ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍អគ្គិភ័យខាងលើ គឺដោយសារឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គិភ័យកើតឡើង៕