ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងទើបចេញពីមណ្ឌលកែប្រែថ្មីៗ ស្រាប់តែផឹកស្រាស្រវឹងជោក ដើរទៅរឿងអុកឡុក បង្កការភ័យខ្លាចដល់អ្នកភូមិ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នោចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ។

ជនសង្ស័យដែលបង្កការអុកឡុកដល់អ្នកភូមិ និងត្រូវបានឃាត់ខ្លួន មានឈ្មោះសុង រ៉ា អាយុ៤២ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានឈ្មោះសុង រ៉ា ជាអ្នកដើររើសអេតចាយ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានផឹកស្រាស្រវឹង រួចបង្កការ អុកឡុក ជេរប្រមាថគេឯង និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅកាន់លោកវរសេនីយ៍ទោ រុំ ប្រេ អធិការរងនគរបាលក្រុងសិរីសោភ័ណ ដើម្បីអន្តរាគមន៍ជាបន្ទាន់។ ភ្លាមនោះ នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការនាំខ្ញួនជនសង្ស័យឈ្មោះសុង រ៉ា មកសាកសួរនៅអធិការដ្ឋាន និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល (វិជ្ជមាន)។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់បានជាប់ពន្ធនាគារម្តងរួចមកហើយ និងទើបបានដោះលែងឱ្យមានសេរីភាពវិញ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕