ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីល្មោភកាមម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានឡើងមកលួងលោមសុំប្រពន្ធរួមភេទ ទាំងដែលប្រពន្ធរបស់ខ្លួនសរសៃខ្ចី ទើបនឹងសម្រាលកូនបាន ១០ថ្ងៃ កំពុងដេកបំបៅដោះកូន លុះប្រពន្ធប្រកែកមិនព្រម ជាហេតុធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែប្តីកំណាចផ្ទុះកំហឹងខ្លាំង ក៏ធ្វើសកម្មភាពដុតផ្ទះចោល បំណងដុតសម្លាប់ទាំងប្រពន្ធនិងកូនតូច បណ្តាលឆាបឆេះផ្ទះហ្មត់ តែសំណាងល្អ ស្ត្រីជាប្រពន្ធបានបីកូនរត់ចុះពីលើផ្ទះទាន់។

ហេតុការណ៍ដ៏គួរឱ្យហួសចិត្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងទឹកជ្រៅ ឃុំផុង ស្រុកបរសេដ្ឋ។
បុរសជាប្តីកំណាច ដែលសុំប្រពន្ធរួមភេទមិនបាន ដុតផ្ទះខ្លួនឯងចោល ប៉ងសម្លាប់ប្រពន្ធកូននោះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ុន បូរ៉ា អាយុ៤២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះពេន តូណា អាយុ៣៨ឆ្នាំ មុខរបរកសិករ ទើបនឹងសម្រាលកូនបាន ១០ថ្ងៃ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ដោយឡែក ផ្ទះដែលទទួលរងការឆាបឆេះអស់ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់ទើបតែសម្រាលកូនបាន ១០ថ្ងៃ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ប្តីរបស់គាត់មិនដឹងជាផឹកស្រាស្រវឹងមកពីណា បានឡើងមកសុំគាត់រួមភេទ ទាំងក្នុងពេលដែលគាត់កំពុងដេកបំបៅដោះកូន ហើយទោះជាគាត់ពន្យល់ប្រាប់ហេតុផលថាគាត់សរសៃខ្ចី ខ្លាចទាស់សរសៃយ៉ាងណាក្តី ក៏ប្តីមិនខ្ចីស្តាប់ នៅតែទទូចទាមទាររួមភេទឱ្យខាងបាន ប៉ុន្តែគាត់មិនយល់ព្រម ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប្រាវទៅ។
ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា លុះក្រោយមក ប្តីរបស់គាត់ទំនងជាខឹងរឿងសុំគាត់រួមភេទមិនបាន ស្រាប់តែបែកគំនិតធ្វើសកម្មភាពដុតផ្ទះចោល ប៉ងសម្លាប់ទាំងរូបគាត់ជាប្រពន្ធនិងកូនតូច បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះប្រសិនបើគាត់បីកូនតូចរត់ចុះពីលើផ្ទះមិនទាន់ ប្រាកដជាត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះមិនខាន តែសំណាងល្អគាត់បីកូនចុះទាន់ ដោយមិនបានយករបស់របរ ខោអាវអ្វីបានបន្តិចឡើយ ចំណែកផ្ទះទាំងមូល ត្រូវបានក្លាយជាចំណីភ្លើងអស់គ្មានសល់។
ក្នុងពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋនិងសមត្ថកិច្ច បានចុះអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ប៉ុន្តែមិនអាចស្រោចស្រង់អ្វីបានឡើយ ពោលគឺផ្ទះទាំងមូល រួមនិងទ្រព្យសម្បត្តិ សម្ភារៈក្នុងនោះ ត្រូវភ្លើងឆេះក្លាយជាផេះផង់អស់ទៅហើយ។
ក្រោយកើតហេតុ ជនបង្កហេតុជាប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ បញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕