ភ្នំពេញ ៖ ឃ្លាំងផ្ទុកសម្ភារៈមួយកន្លែង ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលរងការឆាបឆេះ បង្កឱ្យខូចខាតសម្ភារៈមួយចំនួន ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ចំណុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងដែលរងការឆាបឆេះខាងលើ មានឈ្មោះសំ សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរប្រធានការិយាល័យរដ្ឋបាល។ ចំណែកប្រភេទសំណង់ ថ្មបេតុង ទំហំ ៨ម៉ែត្រ គុណនឹង២៥ម៉ែត្រ។

ប្រភពដដែល បន្តថា ចំពោះមូលហេតុដែលនាំឱ្យកើតមានការឆាបឆេះខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបង្កឱ្យមានការខូចខាតសម្ភារៈ រួមមាន ឃ្លាំងស្តុកកៅអីចាស់ៗ ក្តារខៀន អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ហើយក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះដែរ។





នៅក្នុងហេតុការណ៍ខាងលើនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ដើម្បីជួយបាញ់ទឹកពន្លត់ និងបានប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត ស្មើនឹង ២០ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល៕