ភ្នំពេញ ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាតាមដានព័ត៌មានតាមបណ្តាញព័ត៌មាន ប្រាកដជាធ្លាប់បានស្គាល់គ្រូមន្តអាគមវ័យក្មេងម្នាក់ ឈ្មោះគ្រូអគ្គិនេត្រដែលជាគ្រូទាយមានប័ណ្ណធានា តែក្រោយពីល្បីឈ្មោះបានមួយរយ: ស្រាប់តែត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ស្ងប់ស្ងាត់មួយរយ:ទៅ

ស្រាប់តែថ្មីៗនេះ លេចចេញរូបថតនិងវីដេអូ បង្ហាញពីគ្រូអគ្គិនេត្រនេះប្រែកាយក្លាយជាកូនក្រមុំ ថតរូបត្រៀមរៀបការ (Pre-Wedding) ជាមួយកំលោះក្មេងសង្ហាម្នាក់ យ៉ាងផ្អែមល្ហែម បង្កជាការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសអ្នកប្រើបណ្តាញសង្គម រហូតមានការចែករំលែកតគ្នាជាហូរហែនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។

គ្រូអគ្គិនេត្រ ដែលបានតែងខ្លួនជាកូនក្រមុំ យ៉ាងប្លែក មើលសឹងតែមិនស្គាល់នោះ បានបញ្ជាក់ថា បុរសវ័យក្មេងដែលថតរូប Pre-Wedding ជាមួយគ្នាពេលនេះ គឺជាគូស្នេហ៍របស់់ខ្លួន និងត្រៀមចូលរោងការជាមួយឆាប់ៗនេះ ដោយគ្រោងអញ្ជើញភ្ញៀវកិត្តិយសចូលរួមជាច្រើនផងដែរ ។ យ៉ាងណា ពួកគេមិនទាន់បង្ហើបពីកាលបរិច្ឆេទពិតប្រាកដនៃអាពាហ៍ពិពាហ៍របស់ពួកគេនៅឡើយ។

ជាមួយឈុតត្រៀមរៀបអាពាហ៍ពិពាហ៍ ជាមួយសង្សារភេទដូចគ្នា (គ្រូអគ្គិនេត្រ) កូនកំលោះដែលជាគូស្នេហ៍របស់គ្រូអគ្គិនេត្រ បានបង្ហោះរូបភាព និងវីដេអូ Pre-Wedding របស់ពួកគេ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនជាមួយសំណេរថា «តោះ! ត្រៀមខ្លួនមកចូលរួមពិធីមង្គលការ 2នាក់ខ្ញុំហើយនៅបងប្អូន?»។

គួរបញ្ជាក់ថា នេះមិនមែនជាគូទី នៃគូស្នេហ៍ភេទដូចគ្នា (ប្រុសនិងប្រុស ឬភេទទី៣) ដែលរៀបការជាមួយគ្នានោះទេ ព្រោះកន្លងមកមានគូស្នេហ៍ភេទដូចគ្នា ជាច្រើនគូមកហើយដែលពួកគេបានស្រឡាញ់គ្នា និងបានរៀបការតាម

ប្រពៃណីខ្មែរទៀតផង។ ជាក់ស្តែង តារាសម្តែងភេទទី៣ នាងផេន ខេក ទើបតែបានរៀបការជាមួយបុរសជាគូស្នេហ៍ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដោយមានតារាសិល្បករ-សិល្បការិនី ចូលរួមយ៉ាងច្រើនកុះករទៀតផង៕