Saturday, June 28, 2025
Homeសន្ដិសុខសង្គមអួតខ្លួនរដ្ឋលេខាធិការ ឆបោកជិត ១ម៉ឺនដុល្លារ ជាប់ខ្នោះ

អួតខ្លួនរដ្ឋលេខាធិការ ឆបោកជិត ១ម៉ឺនដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការ ក្លែងហត្ថលេខា និងក្លែងត្រារបស់

សម្តេចនាយករដ្ឋមន្ត្រី ក្លែងប័ណ្ណសម្គាល់ខ្លួន ក្លែងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ទៅឆបោកប្រាក់អ្នកដទៃ ចំនួន ៨៥០០ដុល្លារ ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌបម្រើការងារនៅក្រសួងទេសចរណ៍។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទ្រី សារិទ្ធិ (ឈ្មោះពិតប្រាកដ) និងឈ្មោះឈុន ហុងលី (ឈ្មោះតែងតាំងខ្លួនឯង ក្លែងធ្វើជារដ្ឋលេខាធិការ) អាយុ៣៥ឆ្នាំ មានលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ គឹយោងទៅលើពាក្យបណ្តឹងរបស់មេធាវីទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ គឺជនសង្ស័យឈ្មោះឈុន ហុងលី ពិតជាក្លែងក្លាយទាំងអស់ ដែលបានតាំងខ្លួនឯងជារដ្ឋលេខាធិការទៀតផង ហើយឈ្មោះនេះបានទៅឆបោកប្រាក់ពីអ្នកដទៃ ចំនួន ៨៥០០ដុល្លារ ដើម្បីយកទៅរត់ការឱ្យគេ បានចូលក្របខ័ណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ។

សំណុំរឿងនេះ បានស្ថិតនៅលើដៃលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដែលពេលនេះបាននិងកំពុងដំណើរការបើកការស៊ើបសួរនៅឡើយ។ ប៉ុន្តែបើពិនិត្យលើអង្គហេតុបទល្មើសដូចការចោទប្រកាន់នោះ បុរសរូបនេះមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ននោះឡើយ៕

RELATED ARTICLES