Friday, June 27, 2025
Homeសង្គម និងជីវិតឈឺពោះកើតកូនកណ្តាលផ្សារ អ្នកដើរផ្សារជួយសម្រាល

ឈឺពោះកើតកូនកណ្តាលផ្សារ អ្នកដើរផ្សារជួយសម្រាល

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាមនុស្សមានសតិមិនល្អ បានឈឺពោះសម្រាលកូន នៅកណ្តាលផ្សារខ្មែរ-អ៊ិស្លាម ព្រែកប្រា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ស្ត្រីៗដែលមកទិញម្ហូប នាំគ្នាជួយបង្កើតកូនរហូតបានដោយជោគជ័យ ទម្រាំរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ។

ស្ត្រីដែលសម្រាលកូនកណ្តាលផ្សារខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង២០ឆ្នាំ និងជាមនុស្សមានសតិមិនសូវប្រក្រតី។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្សារខ្មែរអ៊ិស្លាម ហៅផ្សារចាម ស្ថិតតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានត្អូញថា ឈឺពោះខ្លាំងណាស់ និងហៅឱ្យគេឯងជួយផង ប៉ុន្តែដោយសារគេស្គាល់ថា ស្ត្រីរូបនេះ គឺជាមនុស្សមានសតិមិនប្រក្រតី ទើបមិនសូវមានអ្នកចាប់អារម្មណ៍ នឹកស្មានថានាងចេះតែស្រែក។ លុះប្រមាណជាកន្លះម៉ោងក្រោយ ស្រាប់តែឃើញស្ត្រីខាងលើ មានធ្លាក់ឈាម ហើយសម្រាលកូនចេញមក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញផ្សារ និងត្រូវបានស្ត្រីៗជាអ្នកដើរផ្សារទិញម្ហូប នាំគ្នាជួយសម្រាលរហូតបានជោគជ័យ និងរាយការណ៍សុំអន្តរាគមន៍ពីរថយន្តសង្គ្រោះ មកដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីសង្គ្រោះបន្ត។

តាមប្រភពពីក្រុមគ្រូពេទ្យដែលចេញរថយន្តទៅជួយសង្គ្រោះស្ត្រីខាងលើ បានបញ្ជាក់ថា សុខភាពស្ត្រីជាម្តាយនៅល្អប្រសើរ ចំណែកទារកហាក់ដូចជានៅខ្សោយខ្លាំងណាស់។

យ៉ាងណាក្តី មកដល់រសៀលថ្ងៃដដែលនោះ ស្ត្រីរងគ្រោះ និងកូន កំពុងសម្រាកនៅបន្ទប់សង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ នៅឡើយ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រូពេទ្យ៕

RELATED ARTICLES