ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានសម្រេចធ្វើការចោទប្រកាន់ស្ត្រីម្នាក់ ដែលមានតួនាទីជាបុគ្គលិកគណនេយ្យទីផ្សារនៃក្រុមហ៊ុនមួយ ពីបទរំលោភលើទំនុកចិត្ត និងបានចេញមូលប្បទានបត្រមានទឹកប្រាក់ជាង ២ម៉ឺនដុល្លារ។
ស្ត្រីរូបនេះមានឈ្មោះឆោម ម៉ារ៉ាឌី អាយុ២៣ឆ្នាំ ជាបុគ្គលិកគណនេយ្យរបស់ក្រុមហ៊ុន ROYAL VSNN SUPPLY Co.Ltd ស្នាក់នៅផ្ទះលេខ៤៧៩ ផ្លូវលំ ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។
សូមរំឭកថា នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នោះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានចាប់បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះណៃ ស្រីនិក ពីបទរំលោភលើទំនុកចិត្ត។
តាមពាក្យបណ្តឹងបានលើកឡើងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ជនឈ្មោះឆោម ម៉ារ៉ាឌី បានចូលបម្រើការងារនៅក្រុមហ៊ុនខាងលើនេះ ដោយមានតួនាទីផ្នែកគណនេយ្យ ទទួលបានប្រាក់ខែ ៣៣០ដុល្លារ ក្នុង១ខែ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនងទៅក្រុមហ៊ុនចិន មួយទៀត ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គប់គិតគ្នាធ្វើទុយោលក់ ដោយដាក់ឈ្មោះក្រុមហ៊ុន ROYAL VSNN SUPPLY Co.Ltd ដែលមានទឹកប្រាក់ប្រមាណ២៧០០០ដុល្លារ ព្រមទាំងបានលួចចេញមូលប្បទានបត្រ ២សន្លឹក លើទឹកប្រាក់រាប់សែន ដុល្លារ ឱ្យទៅក្រុមហ៊ុនមួយនោះទៀតផង។
នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពនិងទទួលស្គាល់នូវរាល់សកម្មភាពដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែថាប្រាក់ទាំងអស់នោះត្រូវបានយកទៅចំណាយផ្សេងៗអស់ហើយ។ ដូច្នេះសំណុំរឿងនេះមានតែអនុវត្តតាមផ្លូវច្បាប់ជាធរមានតែប៉ុណ្ណោះ៕