ខេត្តសៀមរាប ៖ ស្ត្រី២នាក់ជាបងប្អូនបង្កើតនឹងគ្នា បានអំពាវនាវសូមឱ្យស្ថាប័នតុលាការខេត្តសៀមរាប សូមជួយរកយុត្តិធម៌ជូនពួកគាត់ បន្ទាប់ពីពួកគាត់ទាំង២នាក់បងប្អូន ទទួលបានដីកាកោះចុងក្រោយ ដែលត្រូវប្តីប្តឹងទៅតុលាការជាលើកទី២ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដោយចោទពីបទហិង្សាដោយចេតនា និងជេរប្រមាថជាសាធារណៈ។

តាមសម្តីស្ត្រីឈ្មោះអោម ច័ន្ទរី អាយុ៤០ឆ្នាំ រស់នៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប និងប្អូនស្រីឈ្មោះ អោម ស្រីនាង ហៅស្រីអូន អាយុ២៩ឆ្នាំ បានរៀបរាប់ថា នៅក្នុងដីកាកោះនោះ អ្នកស្រីនិងប្អូនស្រីបង្កើត ត្រូវឡើងទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក ទាំងអស់គ្នា ដោយមានសមាសភាពជំនុំជម្រះ គឺលោកជូន សុរាសី ចៅក្រមស៊ើបសួរ និងលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងលោក តាន់ មនោរម្យ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តសៀមរាប។

ស្ត្រីជាបងស្រី បានរៀបរាប់បន្តថា អ្នកស្រីមិនអាចទ្រាំរស់នៅជាមួយប្តី ដែលគាត់ធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបែបនេះឡើយ សូម្បីពេលខ្លះ គាត់និងកូនៗចំនួន៤នាក់ គ្មានអាហារគ្រប់គ្រាន់ផង។ មុនពេលគាត់នាំកូនចុះចេញពីផ្ទះ ទៅរស់នៅជាមួយម្តាយបង្កើត គឺដោយសារប្តីរបស់គាត់ បិទរបងមិនឱ្យចូលផ្ទះ។ ជាមួយនេះ គាត់បានសំណូមពរទៅអង្គការការពារស្ត្រីមានវិបត្តិ និងស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ និងផ្តល់សិទ្ធិឱ្យគាត់រស់នៅចិញ្ចឹមកូនប្រកបដោយសុខដុមរមនាផង។

ចំណែកបុរសជាមគ្គុទេសក៍ទេសចរអង់គ្លេស ឈ្មោះឈិន សវិចិត្រ អាយុជាង៤០ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលត្រូវជាប្តីរបស់ស្ត្រីឈ្មោះអោម ច័ន្ទរី បានបញ្ជាក់យ៉ាងខ្លីតាមទូរស័ព្ទថា ការលើកឡើងរបស់ប្រពន្ធគាត់ គឺជារឿងមិនពិត។ លោកបន្តថា លោកក៏សុំការបំភ្លឺពីអ្នកសារព័ត៌មាន ដើម្បីជួយរកការពិតវិញផងដែរ។

ទោះជាយ៉ាងនេះក្តី ស្ត្រីរងគ្រោះ និងកូនស្រីតូចៗចំនួន ៤នាក់ ក្នុងនោះកូនស្រីទី៣ របស់គាត់ ត្រូវបានប្តីគាត់យកទៅរស់នៅជាមួយ។ ចំណែកកូនស្រីតូចៗចំនួន ៣នាក់ ដែលរស់នៅជាមួយម្តាយ ព្រមទាំងអ្នកស្រី បានសំណូមពរឱ្យឪពុក ឬបុរសជាប្តី ឈប់ប្រើហិង្សាមកលើពួកគាត់តទៅទៀត និងសូមឱ្យពួកគាត់ និងកូនៗ រស់នៅដោយមានសេរីភាពផង។

សូមបញ្ជាក់ផងដែរថា កូនស្រីទាំង ៤នាក់ ក្នុងនោះកូនភ្លោះ ២នាក់ មានទី១-ឈ្មោះវិចិត្រ សូរីកា ទី២-ឈ្មោះវិចិត្រ សូរីដា អាយុ១០ឆ្នាំ ជាកូនភ្លោះមុខរបរសិស្ស។ ទី៣-ឈ្មោះវិចិត្រ សូរីតា អាយុ៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅជាមួយឪពុក និងទី៤-ឈ្មោះ វិចិត្រ វិមានរចនា អាយុ១ឆ្នាំ៣ខែ រស់នៅក្នុងបន្ទុក៕