ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់ ដែលទើបនឹងមានអាយុ១ខួប ត្រូវបានរកឃើញថាមានវិជ្ផមានជំងឺកូវីដ-១៩ និងថែមទាំងមានជំងឺរលាក ហូរឈាមពោះវៀនធំយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង ទីបំផុត ក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យគន្ធបុប្ផា ខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ អស់ពីលទ្ធភាពរហូតទទួលបានជោគជ័យ។

ក្មេងប្រុសខាងលើ ទើបនឹងមានអាយុ១ខួបប៉ុណ្ណោះ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
យោងតាមប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះក្មេងប្រុស អាយុ១ឆ្នាំ ឆ្លងកូវីដ-១៩ និងមានជំងឺរលាកហូរឈាមពោះវៀនធំយ៉ា ងធ្ងន់ធ្ងរបំផុត។ ក្មេងប្រុសតូចនេះ មានអាយុ១ឆ្នាំ មកពីខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ជាមួយម្តាយ ត្រូវបានបញ្ជូនមកពីមណ្ឌលព្យាបាលកូវីដ អូឡាំពិក ដោយមានជំងឺរលាកហូរឈាមពោះវៀនធំ (hemorrhagic rectocolites) យ៉ាងធ្ងន់ធ្ងរបំផុត។ កូនតូច ត្រូវបានបញ្ចូលឈាម១ប្លោក និងបញ្ចូលគ្រាប់ប្លាកែត អស់៤ប្លោកទៀតផង។

កូនតូចបានទៅផ្ទះវិញ និងមានស្នាមញញឹមគួរឱ្យស្រឡាញ់ សូមកោតសេសើរនិងអរគុណដល់ក្រុមយុទ្ធជនអាវស គន្ធបុប្ផា និងមណ្ឌលកូវីដ អូឡាំពិក ព្រមទាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការគ្នាជួយជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង…៕