អ្នកនយោបាយ មាន៣ប្រភេទ គឺ១-កំពុងកាន់អំណាច ២-កំពុងដណ្តើមអំណាច និង៣-អស់អំណាច។ អ្នកនយោបាយ ទី២ និងទី៣ ចៀសមិនផុតពីការរត់លូន តស៊ូស៊ីអត់ស៊ីឃ្លាន ឬរត់ចោលស្រុក ដែលអាចហៅបានថា ជា “នយោបាយឆ្ងាយ ហួសជើងមេឃ”។ ជួនកាលអ្នកនយោបាយប្រភេទនេះ ដណ្តើមបានជ័យជម្នះលើគូប្រជែង ជួនកាលទៀតក៏បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែល “នគរធំ” សូមលើករឿង “ឆ្ងាយហួសជើងមេឃ” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
មរណភាពរបស់លោកយាយឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ ភរិយារបស់សម្តេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង រាជសហការីដ៏ស្មោះត្រង់របស់សម្តេចឪ ព្រះបរមរតនកោដ្ឋ និងត្រូវជាម្តាយក្មេករបស់លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានមហាជន។ បានជាមានការចាប់អារម្មណ៍ គឺនៅត្រង់លោកសម រង្ស៊ី ដែលជាកូនប្រសា កំពុងពិបាកក្នុងការរកផ្លូវចូលប្រទេស បានធ្វើបុណ្យជូនម្តាយក្មេក។ ផ្ទុយទៅវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខ និងបញ្ជូនកូនប្រុសជាតំណាងចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ក្នុងនាមជាខ្មែរ ដូចគ្នា។ វត្តមាន ឬអវត្តមានរបស់លោកសម រង្ស៊ី ក្នុងនាមជាកូនប្រសា បានលេចចេញជាទស្សនៈផ្សេងៗ ក្នុងមជ្ឈដ្ឋាន មហាជន ដែលខ្លះថា “លោកសម រង្ស៊ី ត្រូវតែមកធ្វើបុណ្យជូនម្តាយក្មេក ទោះគេចាប់យកទៅស្ងោរក៏ដោយចុះ!” ខ្លះទៀតថា “បើលោកសម រង្ស៊ី មិនហ៊ានមក ពេលម្តាយក្មេកស្លាប់ លុះជិតដល់ពេលបោះឆ្នោត ស្រាប់តែគាត់អាចចូលប្រទេសបាន ដោយ ហេតុផលណាមួយនោះ ច្បាស់ជាចៀសមិនផុតពីការចោទប្រកាន់ពីអ្នកគាំទ្របក្សប្រឆាំងថា គាត់គិតពីអំណាចបុណ្យស័ក្តិធំ ជាងមរណភាពរបស់អ្នកមានគុណ”។ សរុបទស្សនៈទាំងអស់ របស់តាញៀនកាហ្វេ ពូៗរត់ម៉ូតូឌុប ជាងកាត់សក់ ដែលចូល ចិត្តតាមដានរឿងនយោបាយ សុទ្ធតែចង់ឱ្យលោកសម រង្ស៊ី មកធ្វើបុណ្យជូនម្តាយក្មេក បានទាំងបញ្ជាក់ថា “គេចាប់យកទៅ ស្ងោរ ក៏ចាប់ទៅ!” ដោយចង់ឱ្យមេបក្សប្រឆាំងរូបនេះ បំពេញតួនាទីជាកូនប្រសាកតញ្ញូ ហ៊ានលះបង់ ដើម្បីតបស្នងសងគុណ ម្តាយក្មេក។
ទោះយ៉ាងណាក៏ដោយចុះ យើងសុំមិននិយាយវែងឆ្ងាយពីរឿងមក ឬមិនមកនោះទេ តែចង់និយាយពី “នយោបាយ ឆ្ងាយហួសជើងមេឃ” ដែលបង្ហាញពីជីវិតនយោបាយរបស់អ្នកតស៊ូអំណាចមួយចំនួន សុទ្ធតែមានលក្ខណៈនិងសកម្មភាព ដូចលោកសម រង្ស៊ី ឬខ្លាំងជាងផង។ អ្នកនយោបាយខ្មែរជំនាន់មុន ធ្លាប់រត់លូន កម្សត់អត់ឃ្លាន ប្រឈមនឹងភ្លៀងគ្រាប់- រំសេវ ស្ទើររស់ស្ទើរស្លាប់ ដែល “នគរធំ” សូមបង្ហាញខ្លះៗដូចខាងក្រោម ៖
-ព្រះអង្គម្ចាស់នរោត្តម យុគន្ធរ បានធ្វើសកម្មភាពប្រឆាំងអាណានិគមបារាំង ទោះជាបារាំង ថ្វាយអាហារូបករណ៍ បញ្ជូន ទៅសិក្សានៅប្រទេសបារាំង ក៏ព្រះអង្គនៅតែប្រឆាំង។ ជាចុងក្រោយ ទ្រង់យុគន្ធរ ក៏ត្រូវគង់នៅនិរទេសក្នុងប្រទេសសិង្ហបុរី សូម្បីព្រះបាទនរោត្តម ជាព្រះវររាជបិតា សោយព្រះទិវង្គត ក៏ព្រះរាជបុត្រមិនបានមកចូលរួម ដែលបង្ហាញពី “នយោបាយ ឆ្ងាយហួសជើងមេឃ” នេះឯង។
-អ្នកអង្គម្ចាស់នរោត្តម ចន្ទរង្សី ដែលរត់ទៅបង្កើតចលនាខ្មែរឥស្សរៈ តស៊ូក្នុងព្រៃប៉ែកខាងលិចប្រទេស ដើម្បីប្រឆាំង បារាំង នៅពេលព្រះបិតាព្រះនាមព្រះអង្គម្ចាស់នរោត្តម ចន្ទលេខា (ហៅម្ចាស់តូ) ទ្រង់ប្រឈួនខ្លាំង ទ្រង់ចន្ទរង្សី ស្ទាក់- ស្ទើរមិនហ៊ានចូលរាជធានី ប៉ុន្តែ ដោយសារជាបុត្រកតញ្ញូ ទើបទ្រង់ចន្ទរង្សី លបចូលព្រះដំណាក់ព្រះបិតា បាន១យប់ ក៏លប ចេញទៅវិញ។ តាមពាក្យតំណាលថា បានជាទ្រង់ចន្ទរង្សី អាចចូលមើលព្រះបិតាបាន ដោយសារទ្រង់ចេះវេទមន្តបំបាំង- កាយ មិនឱ្យទាហានបារាំង មើលឃើញ ប៉ុន្តែ ទ្រង់មិនអាចនៅថែទាំព្រះបិតាបានយូរឡើយ ដោយសារ “នយោបាយឆ្ងាយ ហួសជើងមេឃ” នេះឯង។
-លោកប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈប្រឆាំងបារាំង ធ្លាប់ជាប់គុកកោះត្រឡាច បានសរសេរនៅក្នុងសៀវភៅ “ចរិត ខ្មែរ” ស្តីពីការតស៊ូរត់ចោលស្រុករបស់លោក ហើយពេលបានចូលស្រុក ចំថ្ងៃដែលឪពុកដ៏មានគុណទទួលមរណភាព។ ត្រង់ ឃ្លាមួយនៃសៀវភៅនោះ លោកបានសរសេរថា “អកុសលខ្ញុំ! ថ្ងៃដែលខ្ញុំចូលមកដល់ស្រុក គឺជាថ្ងៃដែលលោកឪពុកជាទី គោរពរបស់ខ្ញុំ ដែលខ្ញុំពុំទាន់បានតបស្នងសងគុណលោកសោះ បានទទួលមរណភាពក្នុងថ្ងៃនោះទៅ ដោយរោគាពាធ។ ខ្ញុំ នឹកខ្លោចចិត្តអាណិតខ្លួនពេកណាស់ ដែលរវល់តែដើរចោលស្រុក ចោលគ្រួសារ រហូតដល់ពេលឪពុកបាត់បង់ជីវិត ដោយ គ្មានបានជួយថែទាំគក់ច្របាច់ បម្រើទឹកក្តៅ ទឹកត្រជាក់លោកសោះ។ តែធ្វើម៉េច បើយើងយកជីវភាពនយោបាយយ៉ាងហ្នឹង ទៅហើយ។ អ្នកនយោបាយ គឺសុទ្ធតែជាមនុស្សចោលស្រុក ចោលឪពុកម្តាយ ប្រពន្ធកូន ជាមនុស្សគុកច្រវាក់ ជាមនុស្ស លែងគិត តាមតែនរណាដឹកយកទៅឆ្លាក់ឯណាក៏ដឹកទៅ…”។ សំណេរនេះស្តែងឱ្យឃើញថា អ្នកនយោបាយណាក៏ធ្លាប់ឆ្លងកាត់ការតស៊ូដូចគ្នា ជាពិសេស “នយោបាយឆ្ងាយហួសជើងមេឃ” នេះឯង។
គួរយល់ថា អ្នកនយោបាយខ្មែរ មានលាយចម្រុះពណ៌សម្បុរ ខៀវ ក្រហម លឿង (អព្យាក្រឹត) សូម្បីរាជវង្ស ក៏ មានគេលាបពណ៌ថា ជាស្តេចខៀវ ស្តេចក្រហមដែរ។ អ្នកនយោបាយខៀវ ឬស្តាំនិយម មានលោកសឺង ង៉ុកថាញ់ សម សារី ដែលលោកទាំងពីរនេះ ធ្លាប់រត់ចូលព្រៃ ហើយទីបំផុត លោកសឺង ង៉ុកថាញ់ ត្រូវស្លាប់ក្នុងគុកឯប្រទេសវៀតណាម ខណៈ ដែលលោកសម សារី (ឪពុកលោកសម រង្ស៊ី) បាត់ខ្លួនរហូតដល់សព្វថ្ងៃ ដែលពាក្យចចាមអារ៉ាមថា លោកចាញ់កល គេនាំ ទៅសម្លាប់នៅព្រំដែនកម្ពុជា-ឡាវ។ រីឯអ្នកនយោបាយក្រហម ឬឆ្វេងនិយម មានមេដឹកនាំខ្មែរក្រហម ប៉ុល ពត-នួន ជា-អៀង សារី-ខៀវ សំផន សុទ្ធតែធ្លាប់រត់ចោលស្រុកដូចគ្នា។ ជំនាន់នោះ ស្រុកខ្មែរសម្បូរព្រៃ អ្នកនយោបាយក៏រត់ចូលព្រៃតស៊ូ ប៉ុន្តែ សព្វថ្ងៃគ្មានព្រៃជាជម្រក បើអ្នកនយោបាយចង់រត់ លុះត្រាតែគេចទៅរស់នៅប្រទេសគេទើបបាន។
អ្នកនយោបាយចោលស្រុក ចែកជា២ប្រភេទទៀត គឺអ្នកតស៊ូដណ្តើមអំណាច ដូចលោកសម រង្ស៊ី ជាដើម និងអ្នកអស់ អំណាច ឬគេដេញចេញពីអំណាច ក៏ត្រូវតែរត់ចោលស្រុកដែរ ដូចជាលោកហ៊្វែរឌីណង់ដ៍ ម៉ារកូស អតីតប្រធានាធិបតីនៃប្រទេស ហ៊្វីលីពីន និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ជាដើម ឬលោកសេនាប្រមុខលន់ នល់ និងប៉ុល ពត ដែលយកឆ្អឹងទៅចោលស្រុកគេ។ នយោបាយឆ្ងាយហួសជើងមេឃ បានក្លាយជាប្រពៃណីទៅហើយ ដែលអ្នកនយោបាយ ប្រភេទនេះ ជួនកាលក៏ដណ្តើមអំណាចបាន ជួនកាលទៀតក៏បាត់បង់ជីវិតដោយហេតុការណ៍អ្វីមួយ។
ឥឡូវលោកសម រង្ស៊ី មេបក្សប្រឆាំង ចាប់ប្រពៃណីនេះទៀតហើយ ទោះជាលោកអាចចូលប្រទេសបានឬមិនបាន ក្នុង ឱកាសបុណ្យសពម្តាយក្មេក គឺជាកម្មវត្ថុនៃការតាមដានរបស់ប្រជាពលរដ្ឋ។ “នគរធំ” ក៏មានទស្សនៈដោយឡែកថា នេះជា “ឱកាសមាស” សម្រាប់លោកសម រង្ស៊ី បើលោកហ៊ានចូលស្រុក មានន័យថា លោកជាអ្នកនយោបាយក្លាហានអង់អាច មិន ខ្លាចស្លាប់ លៃយ៉ាងណាឱ្យតែបានបំពេញតួនាទីជាកូនប្រសាកតញ្ញូ។ ផ្ទុយទៅវិញ បើលោកសម រង្ស៊ី មិនហ៊ានមក ក្នុងឱកាសសំខាន់នេះទេ ការប្រកាសពីមុនមកថា នឹងវិលចូលស្រុកឆាប់ៗ មិនខ្លាចស្លាប់ ឬជាប់គុកនោះ អាចអស់ន័យ ហើយអ្នកគាំទ្រអាចវិនិច្ឆ័យរវាង “ភាពក្លាហាន និងកំសាក” ដែលមជ្ឈដ្ឋានអ្នកនយោបាយបានលើកឡើងចំពោះរូបលោក នាពេលកន្លងមកនេះមិនខាន។
សរុបទៅ “នយោបាយឆ្ងាយហួសជើងមេឃ” គឺជាប្រពៃណីដែលអ្នកនយោបាយគ្រប់ជាតិសាសន៍ មានរបៀបធ្វើដូចគ្នា ត្រង់រត់ចូលព្រៃ ឬរត់ចោលស្រុក ឆ្ងាយគ្រួសារ ឆ្ងាយឪពុកម្តាយនេះឯង។ អ្នកនយោបាយប្រភេទនេះ ប្រឈមនឹងគុកច្រវាក់ ព្រាត់ប្រាសមនុស្សជាទីស្រឡាញ់ បើមានសំណាងក៏ដណ្តើមអំណាចបាន តែបើគ្មានសំណាង បានត្រឹមរលត់សង្ខារក្នុងព្រៃ ឬ នៅបរទេស។ ជាទស្សនៈរួម “នគរធំ” មិនចង់ឱ្យមាន “នយោបាយឆ្ងាយហួសជើងមេឃ” បែបនេះទេ តែចង់ឱ្យមាន “នយោ- បាយរួបរួមជាតិ” ធ្វើការចូលគ្នាតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទើបធានាថា ប្រទេសជាតិមាតុភូមិ នឹងមានឯកភាព ជាតិ និងអភិវឌ្ឍន៍ជានិរន្តរ៍៕
ដោយ ៖ អាចារ្យថាំ