ភ្នំពេញ ៖ ធនបត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យធនាគារជាតិនៃកម្ពុជា បោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់ ១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។
យោងតាមបញ្ជាក់របស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ គោរពរាយការណ៍ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការសម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យាដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។
ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណសម្បត្តិស័ក្តិសម ប្រកបដោយគុណភាពនិងបច្ចេកទេសតែប៉ុណ្ណោះ។
ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយប័ណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយៗផងដែរ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Ricdo អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaisance ផងដែរ។
គួរបញ្ជាក់ថា ក្រដាសប្រាក់ ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) ត្រូវបានបោះផ្សាយ ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
រូបភាពវិមានឈ្នះ-ឈ្នះ ត្រូវបានរំលេចឡើងនៅលើក្រដាសប្រាក់ប្រភេទ ១៥០០០រៀល ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានសារសំខាន់និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះប្រជាជនខ្មែរ និងប្រទេសជាតិទាំងមូល ដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក្រដាសប្រាក់ប្រភេទ ១៥០០០រៀល ក៏រំលេចនូវរូបចម្លាក់ដំរីក្បាលបី មានស្លាប-គ្រុឌ-ហង្ស ដែលមាននៅជ្រុងទាំងបួននៃខឿនវិមានឈ្នះ-ឈ្នះ ដែលជាសិល្បៈវប្បធម៌របស់ខ្មែរ និងបង្ហាញពីអានុភាពរបស់កម្ពុជាផងដែរ៕ ខៀវទុំ