ខេត្តតាកែវ ៖ ស្ត្រីម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ ធ្លាប់មានប្តីម្តងរួចមកហើយ តែពេលមានផ្ទៃពោះ នាំគ្រួសារខាងប្តីមកលេងស្រុកកំណើត ឃើញផ្ទះរបស់នាងពុកផុយស្ទើររលំ ម្តាយក្មេកបែរជាមិនពេញចិត្ត ពង្រាត់ប្តីចេញពីដើមទ្រូងនាងបាត់ ខណៈដែលប្តីក៏ជឿតាមសម្តីម្តាយគេ ចុះចោលនាងនិងកូនក្នុងផ្ទៃ ដោយគ្មានស្រណោះ លុះក្រោយពីមានឈ្មោះជាមេម៉ាយកូន១ ក៏ជួបស្គាល់នឹងកំលោះម្នាក់ ស្ម័គ្រចូលខ្លួនស្អំរបួសបេះដូង មើលថែ ស្រលាញ់ថ្នាក់ថ្នមអស់ពីចិត្ត ទើបរួមរស់នឹងគ្នាយ៉ាងមានសុភមង្គលដល់សព្វថ្ងៃ។

នាងសាន ភាក់ អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាំកក់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ បានរៀបរាប់ប្រាប់ថា នាងជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៧នាក់ (ប្រុស៤ ស្រី៣)។ កាលពីក្មេង នាងមិនបានចូលសាលារៀនសូត្រដូចកូនគេឡើយ ដោយសារតែជីវភាពគ្រួសារក្រីក្រពេក ណាកូនច្រើនផង ទើបឪពុកម្តាយគ្មានលទ្ធភាពបញ្ជូនកូនទៅរៀននោះទេ។ លុះធំពេញក្រមុំ នាងនៅតែផ្ទះ ពុំមានមុខរបរអ្វីឱ្យពិតប្រាកដឡើយ លុះក្រោយមក នាងក៏រសាត់អណ្តែតចេញទៅស៊ីឈ្នួលគេ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ។ បន្ទាប់មកនាងក៏បានចេញទៅធ្វើការដល់ខេត្តព្រៃវែង ដោយចូលធ្វើការនៅរោងចក្រអេឡិចត្រូនិច មួយកន្លែង ហើយមិនយូរប៉ុន្មាន នាងក៏បន្តទៅធ្វើការនៅកាស៊ីណូបាវិត ឯខេត្តស្វាយរៀង ទៀត។

នាងសាន ភាក់ បានបន្តរៀបរាប់ថា ពេលចេញទៅធ្វើការនៅកាស៊ីណូបាវិត នោះ នាងក៏បានជួបស្គាល់កំលោះម្នាក់ ឈ្មោះបន ចិន្តា អាយុស្របាក់ស្របាលនាងដែរ លុះក្រោយមក ក៏បានក្លាយជាចំណងស្នេហាស្រលាញ់គ្នាយ៉ាងល្អូកល្អិន ដោយកាលណោះ នាងបានប្រាប់ខាង ប្រុសថា គ្រួសារនាងក្រីក្រខ្លាំងណាស់ រស់នៅក្នុងកូនខ្ទមតូចមួយ គ្មានដីស្រែចម្ការអ្វីនឹងគេឡើយ។ បន្ទាប់មក រឿងរ៉ាវរវាងពួកនាងទាំង២នាក់ ក៏បានដឹងឮដល់ឪពុកម្តាយខាងប្រុស ហើយ

ម្តាយខាងប្រុសក៏មិនថាអ្វីដែរ និងថែមទាំងបានប្រាប់ឱ្យកូនប្រុសគាត់ (បន ចិន្តា) នាំនាងទៅរៀបការនៅផ្ទះខាងគាត់ ឯខេត្តស្វាយរៀង ទៀតផង គ្រាន់តែមិនបានធំដុំដូចគេនោះឡើយ។ ពេលរៀបការរួច ពួកនាង២នាក់ប្តីប្រពន្ធ ក៏វិលមកធ្វើការនៅកាស៊ីណូវិញ រហូតដល់កន្លះឆ្នាំក្រោយមក នាងក៏ចាប់ផ្តើមមានផ្ទៃពោះ រួចក៏បាននាំប្តីនិងឪពុកម្តាយក្មេក មកលេងស្រុកកំណើតរបស់នាងម្តង លុះគ្រាន់មកដល់ ឃើញផ្ទះរបស់ឪពុកម្តាយនាងពុកផុយ ក៏ចាប់ផ្តើមស្រងាកចិត្ត ត្អូញថា គ្រួសារនាងក្រពេក ទើបផ្តាច់និស្ស័យស្នេហ៍របស់ពួកនាងទាំង២តែម្តង ខណៈដែលប្តីរបស់នាង មិនហ៊ានប្រឆាំងនឹងឪពុកម្តាយរបស់គេឡើយ ពោលគឺសុខចិត្តតាមម្តាយគេ ក៏មិនយកនាងជាប្រពន្ធទៀតដែរ សូម្បីតែកូនក្នុងផ្ទៃរបស់នាង ក៏ពួកគាត់មិនស្តាយស្រណោះ យល់យោគថាជាកូន ជាចៅនោះដែរ ទុកឱ្យនាងត្រូវស្ពាយពោះ ស្ពាយទាំងឈ្មោះជាស្រីមេម៉ាយ និងប្រឹងរកលុយបង្កើតកូនតែម្នាក់ឯង លំបាកវេទនាយ៉ាងខ្លាំង។

នាងសាន ភាក់ បានឱ្យដឹងថា ក្រោយពីសម្រាលកូនបានជាង១ឆ្នាំ នាងក៏បានជួបជាមួយនឹងកំលោះម្នាក់ទៀត ឈ្មោះដេង វីន អាយុ២១ឆ្នាំ (ប្តីរបស់នាងសព្វថ្ងៃ) ដែលកំលោះនេះ តាមពិតត្រូវជាប្អូនថ្លៃរបស់បងប្រុសនាង និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយគេមិនប្រកាន់ថានាងជាស្រីមេម៉ាយអ្វីនោះទេ ដោយបានសែនព្រេន ១ព្រឹក ដើម្បីបង្គ្រប់កិច្ច ទទួលយកនាងជាប្រពន្ធរហូតមក។ ប្តីទី២របស់នាងនេះ គេមានជំនាញជា

អ្នកបើកឡានដឹកទំនិញ ហើយឆ្លៀតពេលសម្រាកពីការងារ ប្តីតែងយកចិត្តទុកដាក់មើលថែ ស្រលាញ់នាងខ្លាំងណាស់ លុយកាក់រកបានប៉ុន្មាន ប្រគល់មកឱ្យនាងជាប្រពន្ធទុកទាំងអស់ ពិសេសចេះថ្នាក់ថ្នមប្រពន្ធមិនឱ្យឃ្នើសចិត្តឡើយ ជាហេតុធ្វើឱ្យនាងបាក់ចិត្តស្រលាញ់ប្តីក្មេងនេះ ដកចិត្តមិនរួចឡើយ។

ចំណែកលោកដេង វីន អាយុ២១ឆ្នាំ ត្រូវជាប្តីនាងសាន ភាក់ បានរៀបរាប់ប្រាប់ថា ខ្លួនមានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបងឯណោះ លុះតាំងពីបានឃើញ និងបានដឹងរឿងរ៉ាវប្រវត្តិកម្សត់របស់នាងសាន ភាក់ ដែលត្រូវប្តីបោះបង់ចោលតាំងពីកូនក្នុងផ្ទៃជិតគ្រប់ខែមក ធ្វើឱ្យខ្លួនមានចិត្តអាណិតនាងខ្លោចចិត្ត រហូតទៅជាចិត្តស្នេហ៍ដោយមិនដឹងខ្លួន ទីបំផុត នាងក៏មានចិត្តលើខ្លួនវិញដែរ ទើបសម្រេចសែនព្រេន ១ព្រឹក រួចក៏យកគ្នាជាប្តីប្រពន្ធតែម្តង។

លោក ដេង វីន បានឱ្យដឹងថា ចំពោះលោក រឿងមានក្រ មិនសំខាន់ឡើយ សំខាន់លោកបានសម្លឹងឃើញពីលក្ខណសម្បត្តិរបស់ប្រពន្ធរូបនេះ មានចិត្តស្មោះត្រង់ស្រលាញ់ប្តី និងចេះទុកដាក់ទ្រព្យរបស់ប្តី ទើបលោករកប្រាក់បាន ប្រគល់ឱ្យប្រពន្ធទុកទាំងអស់ រំពឹងថាអនាគតទៅ នឹងមានជីវភាពប្រសើរឡើងនឹងគេ៕