
ភ្នំពេញ-កម្ពុជា ៖ ឆ្នាំខាល ចត្វាស័ក ឆ្នាំ២០២២ សង្ក្រាន្ត នឹងចូលមកដល់នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ ហើយតួអង្គតំណាងទេពធីតាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលត្រូវបានជ្រើសរើសដោយកម្មវិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី៣ គឺកញ្ញា ហេង រិនសុម៉ាលីតា ដែលជាជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទីបី ដែលត្រូវមកជំនួសតួអង្គតំណាងទេពធីតាសង្ក្រាន្តឆ្នាំចាស់ ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ដែលត្រូវបានជ្រើសរើសដោយកម្មវិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ កន្លងទៅនេះ គឺកញ្ញា សាន កុសុមៈ។
ខាងក្រោមនេះ ជាមហាសង្រ្កាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ មហាសករាជ ១៩៤៤ចុល្លសករាជ ១៣៨៤ គ្រិស្តសករាជ ២០២២ ៖
សុភមស្តុ វរមង្គលាជយាតិរេក! ព្រះពុទ្ធសាសនា អតិក្កន្តាកន្លងទៅហើយ បាន២៥៦៥ព្រះវស្សា ត្រឹមថ្ងៃអាទិត្យ បេញបូណ៌មី នៃខែពិសាខ ។ លុះដល់ថ្ងៃចនទ ១រោច ខែពិសាខ ចូលព្រះពុទ្ធសករាជ ២៥៦៦ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំខាល ចត្វាស័ក ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក ។ នោះព្រះអាទិត្យ ចរចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតា មួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមន្ទារ (ផ្កាក្រអូបនៅឋានសួគ៌) អភរណៈ កែវមរកត (ត្បូងពណ៌ខៀវខ្ចី ឬពណ៌បៃតង) ភក្សាហារ សណ្តែក ល្ង ព្រះហស្តស្ដាំ ទ្រង់កង្វេរ ព្រះហស្ដឆ្វេង ទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នងគជសារ (សត្វដំរី) ជាពាហនៈ នាំអស់ពួកទេពនិករ បវរកញ្ញា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ឈ្មោះធម្មមាលី នាទីភ្នំកៃលាស ខេត្តហេមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាល តាមផ្លូវព្រះអាទិត្យចរ ជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជ ទាំង៧ ត្រជាក់ត្រជំ ក្សេមក្សាន្តព្រះហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រ និម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គល ឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរ តរៀងទៅ។
– ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក ជាថ្ងៃចូលឆ្នាំខាល ចត្វាស័ក ជាថ្ងៃមហាសង្ក្រាន្ត។
– ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃវ័នបត។
– ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក។
គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំខាល ចត្វាស័ក តរៀងទៅ។
ក្នុងឱកាសសង្ក្រាន្ត ទាំង ៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយ រៀបចំគ្រឿងសក្ការបូជា មាន ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើ ជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការី ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ជាចិត្តប្រកបដោយអភិជ្ឈា ព្យាបាទមិច្ឆាទិដ្ឋិ ឱ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញា និងព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យសុន្ទរ៍ទាន រក្សាសីល តាមប្រពៃណី ឱ្យបានជាប់ជានិច្ច នោះទេព្តា នឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ អាយុយឺនយូរ តរៀងទៅ!
ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ២០២២ នេះ «នគរធំ» សូមជូនពរជនរួមជាតិ មិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមបួងសួងទេព្តាឆ្នាំថ្មី ព្រះនាងកិរិណីទេវី ប្រោះព្រំ ប្រទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនជនរួមជាតិខ្មែរ ទាំងអស់ គ្រប់ក្រុមគ្រួសារ ក៏ដូចមនុស្សនៅទូទាំងសកលលោក ឲ្យឈ្នះរោគាព្យាធិទាំងឡាយ ចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា! …៕ ខៀវទុំ