ខេត្តឧត្តរមានជ័យ ៖ យុវតីម្នាក់ បានសុំម្តាយរបស់ខ្លួនទៅរាំធុងបាស់លេងនៅក្នុងភូមិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែម្តាយនឹកបារម្ភ ក៏តាមទៅជាមួយមើលថែកូនស្រីដែរ លុះដល់យប់ជ្រៅ ម្តាយងងុយដេក ក៏ត្រឡប់មកផ្ទះវិញមុន ព្រោះឃើញកូនស្រីនៅរាំលេងជាមួយមិត្តភក្តិជាច្រើនទៀត ស្រាប់តែក្រោយមកក៏បាត់កូនស្រីពេញ ១យប់ មិនឃើញមកផ្ទះវិញសោះ លុះស្អែកឡើង ក៏ត្រូវបានអ្នកភូមិប្រទះឃើញសពកូនក្រមុំ ស្លាប់នៅមាត់អូរមួយកន្លែង ទាំងអាក្រាតកាយ បង្កឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ទើបដឹងថា យុវតីរងគ្រោះត្រូវបានជនមិនស្គាល់មុខរំលោភសម្លាប់។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរទឹកមួយកន្លែង ស្ថិតក្នុងភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
សពយុវតីរងគ្រោះ មានឈ្មោះឡុង គីមឡាយ អាយុ១៧ឆ្នាំ មុខរបកម្មករ ស្នាក់នៅជាមួយម្តាយឈ្មោះឡុង ចន្ទ្រា អាយុ៣៧ឆ្នាំ មុខរបរកម្មករ នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកឪពុកឈ្មោះអ៊ុ អ៊ីម អាយុ៤៣ឆ្នាំ មុខរបរកម្មករ (លែងលះគ្នា) ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានប្រទះឃើញសពយុវតីម្នាក់ ស្ថិតក្នុងសភាពអាក្រាតកាយ នៅចំណុចមាត់អូរមួយកន្លែង ក្នុងភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
តាមសម្តីរបស់ស្ត្រីជាម្តាយយុវតីរងគ្រាះខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទី២ កូនស្រីរបស់គាត់ (យុវតីរងគ្រោះ) បានមកសុំគាត់ជាម្តាយ ទៅលេងរាំធុងបាស់នៅក្នុងភូមិជាមួយមិត្តភក្តិ ចំណែកគាត់ ដោយនឹកបារម្ភពីកូនស្រី ទើបព្រមឱ្យកូនទៅ ប៉ុន្តែគាត់ក៏បានទៅជាមួយដែរ ដើម្បីមើលថែកូនស្រី។
ស្ត្រីជាម្តាយ បានបន្តថា រហូតមកដល់យប់ជ្រៅបន្តិច ដោយសារតែគាត់ងងុយដេកផង ណាមួយឃើញកូនស្រីកំពុងរាំលេងសប្បាយជាមួយមិត្តភក្តិជាច្រើននាក់ទៀតផង ទើបគាត់ក៏បានត្រឡប់មកផ្ទះមុន ដោយទុកឱ្យកូននៅរាំលេងជាមួយមិត្តភក្តិបន្តទៀតចុះ។ លុះក្រោយមក ក៏បាត់កូនពេញ ១យប់ មិនឃើញមកផ្ទះវិញសោះ ដល់ពេលស្អែកឡើង គាត់ជាម្តាយ ក៏ដើរតាមរកកូនស្រីពេញ ១ថ្ងៃ តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ទើបមានសមត្ថកិច្ចមកប្រាប់គាត់ថា ប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់អាក្រាតកាយនៅមាត់អូរ ត្រង់ចំណុចកើតហេតុខាងលើ ឮបែបនេះ គាត់ក៏ប្រញាប់ទៅមើលភ្លាម ក៏ឃើញថាពិតជាសពកូនស្រីរបស់គាត់ប្រាកដមែន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជាករណីរំលោភសម្លាប់។
សពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ ទាំងអាវុធហត្ថ និងប៉ូលិស កំពុងខិតខំយ៉ាងដុតដៃដុតជើងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន៕