Thursday, June 26, 2025
Homeសង្គម និងជីវិតជិះម៉ូតូបុកគូទរ៉ឺម៉កអេតចាយ ដួលស្លាប់

ជិះម៉ូតូបុកគូទរ៉ឺម៉កអេតចាយ ដួលស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករ៉ឺម៉កអេតចាយពីក្រោយ ពេញទំហឹង បណ្តាលឱ្យដួលអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានមួយកន្លែង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូ PCX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1IH-9411 ជិះតែម្នាក់ឯង។ ប៉ុន្តែបើយោងតាមប័ណ្ណសម្គាល់យានយន្ត (កាតគ្រីម៉ូតូ) បញ្ជាក់ថា ម៉ូតូ PCX ពណ៌ស

ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1IH-9411 មានម្ចាស់កម្មសិទ្ធិឈ្មោះធឿន ផល្លា មានលំនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឱ្យដឹងថា ដំបូងឡើយ គាត់ឃើញប្តីប្រពន្ធ២នាក់ បានឈប់រ៉ឺម៉កម៉ូតូអេតចាយ នៅលើផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចកើតហេតុ រួចចុះទៅដងទឹកដាក់ម៉ូតូ ស្រាប់តែរំពេចនោះ ក៏មានបុរសដែលជាជនរងគ្រោះខាងលើ ជិះម៉ូតូយ៉ាងលឿន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមក

ត្បូង ហើយជ្រុលមកបុកចំពីខាងក្រោយរ៉ឺម៉កដែកអេតចាយ បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ និងបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកម៉ូតូ ខ្ទាតអូសឆ្ងាយពីកន្លែង ចំនួន៧៦ម៉ែត្រ ហើយភ្លាមៗពីរនាក់ប្តីប្រពន្ធឃើញសភាពការណ៍មិនស្រួល ក៏ប្រញាប់ប្រញាល់បើករ៉ឺម៉កម៉ូតូចេញទៅទិសខាងត្បូងបាត់ស្រមោលទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកនៅពេលក្រោយ។

ដោយឡែក សពជនរងគ្រោះ ត្រូវបានតម្កល់នៅក្នុងមន្ទីរពេទ្យម្លិះដង្កោ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES