ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ជិតកន្លែងលក់ទឹកត្នោតជូរ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះអេ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប្រជាការពារភូមិទួលពង្រ បានល្បាតក្នុងមូលដ្ឋានងាយរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ ២នាក់ ឈប់ម៉ូតូ ហើយឈរលើផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ច ក៏សាកសួរ ភ្លាមៗនោះឈ្មោះអេ ក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ បន្សល់ទុកបក្ខពួកម្នាក់នៅនឹងកន្លែងកើតហេតុ ទើបកម្លាំងប្រជាការពារ សុំធ្វើការឆែកឆេរលើដងខ្លួន រកឃើញដែកសម្រាប់កាច់សោ-កម៉ូតូ ចំនួន២ដើម នៅជាប់ចង្កេះ ទើបឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍នគរបាលតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់លួចកាច់សោ-កម៉ូតូប្រជាពលរដ្ឋ ប្រាកដមែន ហើយនៅមុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកខ្លួនកំពុងជិះម៉ូតូដើររកធ្វើសកម្មភាព តែមិនទាន់បានធ្វើផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕