ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គម ហ្វេសប៊ុក មានគណនីឈ្មោះ Vall Shop កំពុងផ្សព្វផ្សាយលក់

ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដែលអាចបង្កជាបទល្មើសធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសហការស្រាវជ្រាវរកម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាការបង្ការ មិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល នេះជាបន្ទាន់ ព្រោះផលិតផលខាងលើនេះ មិនបានបញ្ជាក់ថាផ្សំពីសារធាតុគីមីអ្វីឡើយ ដូច្នេះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ខាងលើនេះ សូមសហការផ្តល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០ និង០១៧ ៨៦៦ ៧៦០ ៕