Tuesday, December 24, 2024
Homeបរិយាយបារាំង​២០១៦ មិន​ដូច​បារាំង​១៩៤៩

បារាំង​២០១៦ មិន​ដូច​បារាំង​១៩៤៩

ខណៈដែលការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម មានភាពរអាក់រអួលមិនចុះសម្រុងគ្នា រហូតដល់នាយករដ្ឋមន្ត្រី ប្រទេសទាំង២ ព្រមព្រៀងគ្នាធ្វើលិខិតជាផ្លូវការ ស្នើរដ្ឋាភិបាលសាធារណរដ្ឋបារាំង ឱ្យជួយបំប្លែងផែនទីនោះ ក៏មានមតិ២ លេចឡើងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ មតិទី១ថា គួរតែហៅបារាំង ឱ្យជួយទើបបានឯមតិទី២ថាកម្ពុជា នឹងចាញ់ ប្រៀបវៀតណាម ដោយសារបារាំងលម្អៀង។ ទោះយ៉ាងណា យើងក៏មានទស្សនៈដោយឡែកថាបារាំង២០១៦ មិនដូច បារាំង១៩៤៩ដែល នគរធំសូមលើកអតីតកាលពាក់ព័ន្ធជាមួយបារាំង មកធ្វើប្រធានបទបរិយាយថ្ងៃនេះ

កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោកង្វៀន សួនហ៊្វួក នាយករដ្ឋមន្ត្រីវៀតណាម បានព្រមព្រៀងគ្នាធ្វើលិខិតជាផ្លូវការរួមគ្នាមួយ ផ្ញើទៅរដ្ឋាភិបាលបារាំង ស្នើឱ្យជួយបំប្លែង ឬផ្ទេរផែនទីពីខ្នាតបោន ១លើ ១០០ពាន់ មកខ្នាត UTM ១លើ៥០ពាន់ ដើម្បីងាយស្រួលក្នុងការបោះបង្គោលព្រំដែន ឱ្យរួចរាល់ជាស្ថាពរ។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសរសេរក្នុងហ្វេសប៊ុក ពន្យល់រួចហើយពីវត្ថុបំណងនៃការពឹងពាក់បារាំង ដែលធ្លាប់ដាក់អាណានិគមលើ ប្រទេសទាំង៣ នៅឥណ្ឌូចិន ហើយសូម្បីតែលោកសម រង្ស៊ី មេបក្សប្រឆាំង ក៏សម្តែងការគាំទ្ររដ្ឋាភិបាល ដែលស្នើសុំអន្តរាគមន៍ពីបារាំង ដែរ។ ផ្ទុយទៅវិញ ក៏មានប្រធានគណបក្សខ្លះ ក៏ដូចអង្គការសង្គមស៊ីវិល មួយចំនួន បានសម្តែងការខកចិត្ត ចំពោះគម្រោងការនេះ ដោយពួកគាត់មិនទុកចិត្តបារាំង ក្រែងលម្អៀងទៅវៀតណាម ដូចឆ្នាំ១៩៤៩។ ទស្សនៈខ្វែងគ្នា នេះ មិនខុសអ្វីទេ ព្រោះថា លទ្ធិប្រជាធិបតេយ្យ គាំទ្រទស្សនៈនៃការបញ្ចោញមតិ ទោះជាបងប្អូនយល់ឃើញយ៉ាងណា ថា យ៉ាងនោះទៅ ម៉្យាងទៀតបារាំង ធ្លាប់តែលម្អៀងយ៉ាងនេះមែនទើបបានជាមេបក្សខ្លះ ក៏ដូចអង្គការសង្គមស៊ីវិលមួយ ចំនួន មិនទុកចិត្តបារាំង។

ទោះយ៉ាងណា យើងក៏មានទស្សនៈថាបារាំង២០១៦ មិនដូចបារាំង១៩៤៩។ តើមានលក្ខណៈដូចម្តេចខ្លះ បញ្ជាក់ ថា មិនដូចគ្នានេះ? សូមបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រ ទឹកដីកូសាំងស៊ីន ឬកូជិនស៊ិន ជាភាសាវៀតណាម មានន័យ ថាកូនទី៩សុំសរសេរជាអក្សរបារាំង Cochinchine គឺជាអតីតទឹកដីចក្រភពនគរភ្នំ ដែលរួមមានជាង២០ខេត្ត។ នាសម័យ ឧដុង្គ ដោយមានការយោគយល់ដល់ព្រះអគ្គមហេសី ក្សត្រីអង្គចូវ ជាបុត្រីរបស់ស្តេចអណ្ណាម ព្រះបាទជយជេដ្ឋាទី២ បាន យល់ព្រមឱ្យបិតាក្មេក ខ្ចីដីខេត្តកំពង់ក្របីព្រៃនគរ សម្រាប់តាំងបន្ទាយហ្វឹកហាត់ទ័ពយួន សម្រាប់យកទៅច្បាំងជាមួយ ចិន។ ព្រះមហាក្សត្រខ្មែរ ឱ្យខ្ចីតែ៥ឆ្នាំទេ ប៉ុន្តែ ជាអកុសល នៅពេលព្រះបាទជយជេដ្ឋាទី២ សោយទិវង្គតទៅ ទឹកដីនោះខ្ចីមិនទុំត្រូវកងទ័ពយួនកាន់កាប់រហូតមក។ ចូលដល់រជ្ជកាលក្សត្រីអង្គម៉ី កងទ័ពយួន ក្រោមបញ្ជាស្តេចមិញម៉ាង បានដាក់អាណានិគមលើកម្ពុជា ដោយចាត់មេទ័ពទ្រឿង មិញយ៉ាង ឱ្យទទួលខុសត្រូវ បណ្តាលឱ្យទឹកដីកម្ពុជាក្រោម ពិបាករំដោះខ្លួនឱ្យផុត ពីគំនាបរបស់គេ។ ទីបំផុត ទឹកដីកម្ពុជា វៀតណាម ឡាវ ត្រូវបារាំង វាយដាក់បញ្ចូលក្នុងអាណានិគមរបស់ខ្លួនទាំងអស់ ដោយ មានអគ្គទេសាភិបាលជាន់ខ្ពស់ (Gouverneur Général de l’Indochine) ប្រចាំការនៅទីក្រុងព្រៃនគរ និងដាក់តំណាង ជាន់ខ្ពស់ (Résident Supérieur) នៅគ្រប់ប្រទេស។ ដោយសារបារាំង ជិះជាន់ខ្លាំងពេក ទើបប្រជាជាតិទាំង៣ នៅឥណ្ឌូចិន ចាប់ដៃគ្នាតស៊ូប្រដាប់អាវុធ ដើម្បីទាមទារឯករាជ្យរៀងៗខ្លួន។

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៩ បារាំង បានប្រកាសជាផ្លូវការក្នុងការចុះហត្ថលេខាជាមួយព្រះចៅបៅ ដាយ (Bao Dai) ប្រគល់ដែនដីកូសាំងស៊ីន ទៅឱ្យវៀតណាម កាន់កាប់ ទោះបីជាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា ទ្រង់ ជំទាស់យ៉ាងណាក៏មិនអាចយកឈ្នះគេបាន។ ទឹកដីកម្ពុជាក្រោម ជាង២០ខេត្ត ក៏ក្លាយជាទឹកដីវៀតណាម បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បាត់បង់សញ្ជាតិ។ ព្រឹត្តិការណ៍កាត់ទឹកដីសម័យនោះ ត្រូវបានប្រវត្តិវិទូខ្មែរមួយចំនួន សរសេរថា មកពីបារាំងលម្អៀងខ្លះទៀតថា មកពី វៀតណាមពូកែឱបដៃឱបជើងបារាំងជាពិសេស មនុស្សមាត់ដាចខ្លះថាមកពី បារាំង ឈ្លក់ស្នេហ៍ស្រីយួនបានជាស៊ីញ៉េកាត់ទឹកដីនោះទៅឱ្យវៀតណាម មិនសួរយោបល់រាជរដ្ឋាភិបាលកម្ពុជា។

ការរៀបរាប់ដោយត្រួសៗខាងលើនេះ បង្ហាញថា បារាំង កាលពីឆ្នាំ១៩៤៩ ពិតជាលម្អៀងមែនដោយអាងខ្លួនមហាអំណាច ធ្វើអ្វីៗមិនឆ្លងយោបល់ម្ចាស់ទឹកដី ម្ចាស់ប្រទេស។ ឥឡូវឆ្នាំ២០១៦ បារាំង មិនសូវមានឥទ្ធិពលដូចមុនទេ ច្បាស់ជាមិនលម្អៀងដូចឆ្នាំ១៩៤៩ ដោយហេតុថា សកម្មភាពអ្វីដែលបារាំង ត្រូវធ្វើ នឹងគេចមិនផុតពីការឃ្លាំមើលរបស់អាមេរិក រុស្ស៊ី អង់គ្លេស ចិន ជាពិសេស អង្គការសហប្រជាជាតិ។ មហាអំណាចទាំង៤នោះ និងសហគមន៍អន្តរជាតិ គេមិនបណ្តោយ ឱ្យបារាំង បំប្លែងផែនទីស្រេចតែចិត្តបានឡើយ បើសិនជារដ្ឋាភិបាលកម្ពុជា និងវៀតណាម ពឹងពាក់។

គួរយល់ថា បណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដែលធ្លាប់នៅក្រោមអាណានិគមបារាំង អង់គ្លេស ដូចជាប្រទេស អេហ្ស៊ីប, អាល់ហ្សេរី, លីប៊ី ជាដើម មានព្រំប្រទល់ត្រង់ភ្លឹងដូចបន្ទាត់ ឃាត់ជម្លោះព្រំប្រទល់មិនឱ្យកើតឡើងបាន។ ផ្ទុយ ទៅវិញ ព្រំប្រទល់កម្ពុជាវៀតណាម មានលក្ខណៈរឆេញរឆុញ លយចេញលយចូល ឈ្លោះគ្នាមិនស្វាង ព្រោះមិនទាន់បោះ បង្គោលរួចរាល់។ ដែនទីចាស់ដែលបារាំង បានគូរ ជាពិសេសខ្សែបន្ទាត់ប្រេវីយេរ មានលក្ខណៈមិនទាន់សុក្រឹត ជាហេតុនាំឱ្យគណៈកម្មការព្រំដែនប្រទេសទាំងពីរ ខ្វែងយោបល់គ្នាត្រង់ចំណុចខ្លះដោះស្រាយមិនចេញ គឺមានតែពឹងបារាំង ឱ្យជួយ។

តាមទិន្នន័យជាផ្លូវការ កម្ពុជា មានផ្ទៃដីទំហំ១៨១ ០៣៥គម២ ជាមួយនឹងប្រជាជន ប្រមាណជាង១៥លាននាក់។ រីឯ វៀតណាម មានផ្ទៃដីទំហំ៣៣២ ៦៩៨គម២ ប្រជាជនប្រមាណជាង៩៣លាននាក់ (ស្ថិតិឆ្នាំ២០១៦)។ វៀតណាម មាន ស្ថានភាពដីសសៀរតាមឆ្នេរសមុទ្រ រាងកោងដូចដងធ្នូ ជាហេតុឱ្យបារាំង គូរផែនទីតភ្ជាប់ព្រំប្រទល់កម្ពុជាវៀតណាម រាង កោងដូចដងធ្នូដែរ និងលយចេញលយចូល។ ស្ថានភាពបែបនេះ ងាយឈ្លោះគ្នាណាស់ អាចផ្ទុះជាសង្គ្រាមរប៉េសរប៉សដណ្តើម ទឹកដី ដូចទសវត្សឆ្នាំ១៩៦០ ខណៈដែលកងទ័ពរដ្ឋការក្រុងព្រៃនគរ ស្និទ្ធអាមេរិក ឈ្លានពានភូមិចន្ទ្រា ក្អមសំណ ថាជាទឹកដី របស់គេ ខណៈដែលកងយោធពលខេមរភូមិន្ទ ព្យាយាមទប់ទល់។

មានទស្សនៈខ្លះលើកឡើងថា កំណើនប្រជាជនវៀតណាម ខ្ពស់ណាស់ ពោលគឺ កាលពីឆ្នាំ១៩៧០ បណ្តាជនប្រទេសនេះ មានចំនួនប្រមាណជិត៤០លាននាក់ប៉ុណ្ណោះ គឺវៀតណាមខាងជើង ២០លាន វៀតណាមខាងត្បូង ១៨លាន។ លុះវៀតណាម ឯកភាព មកទល់ឆ្នាំ២០១៦ នេះ កំណើនប្រជាជនច្រើនណាស់ ឯផ្ទៃដីដ៏ចង្អៀតនោះមិនអាចប្រជ្រៀតគ្នារស់បានឡើយ តម្រូវឱ្យប្រជាជាតិនេះនាំគ្នាធ្វើចំណាកស្រុក។ វៀតណាម មិនចង់ខាតនោះទេ បើសិនជាត្រូវបោះបង្គោលព្រំដែន គេខ្សែ លើយើងរហូត សូម្បីកន្លែងហាមឃាត់ខ្លះ គេហ៊ានជីកស្រះ សង់ប៉ុស្តិ៍យាម ជាឯកតោភាគី ទោះជាភាគីកម្ពុជា ផ្ញើកំណត់ទូកតវ៉ាយ៉ាងណាក៏គេមិនស្តាប់។

ដូច្នេះយើងឃើញថា ការដែលរាជរដ្ឋាភិបាលកម្ពុជា ប្រុងប្រយ័ត្នរឿងព្រំប្រទល់ ជាការល្អ ព្រោះជាបញ្ហាអាយុជីវិតជាតិ មាតុភូមិ ចាំបាច់ត្រូវតែសុំអន្តរាគមន៍ពីបារាំង។ ឯបារាំង ទៀតសោត មិនអាចលម្អៀងអគតិ ដូចពីមុននោះទេ ព្រោះសម័យ នេះ មិនដូចសម័យព្រះចៅបៅ ដាយ នាឆ្នាំ១៩៤៩ ដែលហ៊ានស៊ីញ៉េកាត់ទឹកដីកម្ពុជាក្រោមទាំងមូល ឱ្យវៀតណាម។

សរុបទៅបារាំង២០១៦ មិនដូចបារាំង១៩៤៩មានន័យយ៉ាងនេះឯង។ រឿងមិនដូចគ្នានេះ នៅត្រង់បារាំង អស់ ឥទ្ធិពលក្នុងនាមជាចៅហ្វាយនាយលើបណ្តាប្រទេសដែលធ្លាប់នៅក្រោមអាណានិគមបារាំង។ ចំណុចសំខាន់ បារាំង នៅក្រោម អង្គការសហប្រជាជាតិ បើចង់ធ្វើកិច្ចការអ្វីមួយជាលក្ខណៈអន្តរជាតិ មានគេតាមឃ្លាំមើលជានិច្ច។ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម សុំអន្តរាគមន៍ពីបារាំង ក្នុងការបំប្លែងផែនទីនោះ នឹងមានលក្ខណៈអព្យាក្រឹត ឥតលម្អៀង។ ទោះយ៉ាងណា ទស្សនៈមិនទាន់ទុកចិត្តបារាំងគួររក្សាទុកតទៅទៀត ព្រោះការរិះគន់ រមែងនាំមកនូវភាពល្អឥតខ្ចោះប៉ុន្តែ បើគ្មានការរិះគន់ ឬចាំតែហៃអើៗនោះ នឹងមិនបានល្អឥតខ្ចោះនោះទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES