Thursday, October 24, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖នៅតែមិនព្រមរៀបគម្រោងមង្គលការសាថ្មី

យុគ ចិន្ដា ៖នៅតែមិនព្រមរៀបគម្រោងមង្គលការសាថ្មី

ភ្នំពេញ៖យុគ ចិន្ដា បានលុបចោលគម្រោងធ្វើកូនក្រមុំកាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ដោយ​ជំនួយការ​របស់​នាង​លោកជីមមី អះអាងថាហេតុផលសំខាន់មានតែមួយគត់​នោះគឺ​ដោយសារ​តែស្ថានភាពកូវីដ មិនទាន់​ស្ងប់​ស្ងាត់​ទាំងស្រុងក្រោយផ្ទុះអូមីក្រុង ទើបធ្វើឲ្យពិធីការិនីជើង​ចា​ស់​រូបនេះសម្រេចចិត្តឆាចោលមង្គលការរបស់​ខ្លួនយ៉ាងទាន់​ហន់បែបនេះ។យ៉ាងណានៅ​ពេល​នេះទោះជាស្ថានភាពកូវីដ ហាក់ថមថយខ្លាំងហើយមាន​តារា​មួយចំនួន​បានរៀបការតាម​គម្រោ​​​ង​អស់ទៅហើយក្ដី ប៉ុន្ដែអ្នកនាងចិន្ដា មិនប្ដូរចិត្តនោះទេពោលគឺនាង​នៅតែ​មិនទាន់​កំណត់រឿងរៀបការជាលើកទី២ដដែល ខណៈដែលប្រាក់កក់ចុងភៅ សម្អាងការ​និងផ្កាភ្ញី​ទាំងឡាយ​អ្នកនាងសុខចិត្តខាតបង់ទាំងអស់ដោយគ្មានស្ដាយស្រណោះ។

លោកជីមមី បន្ថែមថារឿងទាំងនោះ(លុយ)អត់បញ្ហាទេ តែសំខាន់អ្នកនាងចិន្ដា មានចិត្តមួយថាចង់​រៀបការ​បែបធំដុំ អីចឹងភ្ញៀវទាំង​អស់ដែល​មកការ​នាងគឺអារម្មណ៍សប្បាយរីករាយទាំងអស់គ្នា មិន​មែន​មកការ​ហើយ​បារម្ភរឿង​ហានីភ័យខ្លាចឆ្លង​កូវីដ​ទៅផ្ទះ​វិញនោះទេ។ជំនួយការរបស់អ្នកនាងចិន្ដា រូបនោះនៅតែជឿរ​ថាទោះ​ជាពេលនេះ កូវីសស្ងាត់បន្ដិចក្ដី តែមេ​លោក(អ្នកនាងចិន្ដា)​មិន​ប្រថុយរៀបការនៅចុងឆ្នាំ២០២២ ដែលជា​រដូវ​ធ្លាក់ភ្លៀងចូលមកដល់នោះទេ ប៉ុន្ដែលោក​ប្រា​កដក្នុងចិត្តថាពិធីការិនីរូបនេះនឹង​អាចគិតគូរឿងរៀបការ​ជា​ថ្មីនៅដើមឆ្នាំ២០២៣ ដែលពេល​នោះ​កូវីដ អាច​នឹងកាន់តែថមថយខ្លាំងជាងពេលនេះថែមទៀតជាមិនខាន។

 ជុំវិញការលុបចោលមង្គលការជាបន្ទាន់របស់អ្នកនាងយុគ ចិន្ដា នេះបើទោះជាជំនួយ​ការ​​របស់នាងអះ​អាងពី​មូលហេតុដោយសារតែកូវីដតែមួយមុខក្ដី ប៉ុន្ដែធ្វើឲ្យទស្សនិកជនមួយ​ចំនួនគិតថាដោយ​សារតែពិធីការិនី​ជើង​ចាស់រូបនេះមិនទាន់មានភាព​ច្បាស់លាស់ជាមួយ​គូ​ស្នេហ៍​ច្រើនជាង ទើបសុខចិត្តខាតលុយ​កក់ទាំងឡាយ​បែប​នេះ។តែ assistant របស់អ្នក​នាង​ចិន្ដា នៅតែបញ្ជាក់ថាអ្នកនាងចិន្ដា និងគូស្នេហ៍មានការចុះសម្រុង​និងយល់ចិត្ត​គ្នា​ច្បាស់លាស់​អស់ទៅហើយ  ហេតុនេះហើយគ្មានអ្វីប្រែប្រួលច្រើននោះទេ ពោលគឺឲ្យតែស្ងាត់កូវីដហើយ​អ្នកទាំងពីរប្រាកដជានឹងរៀបការជាមួយគ្នាជាមិនខាន។

 គេកត់សម្គាល់ថាអំឡុងពេលដែលអ្នកនាងយុគ ចិន្ដា បានខកខានគ្រងឈុតកូន​ក្រមុំ​ព្រោះកូវីដនេះ​តារាមួយ​ចំ​នួនទៀតបានប្រថុយរៀបការមានដូចជាមូល សារ៉ាវ៉ាន់,វីរៈ និច្ច ,វ៉ាន់ នីឡា និង​ទឹម រដ្ឋា ជាដើម។ចំពោះអ្នកនាង​ចិន្ដា វិញក្រោយបរាជ័យ​មង្គលការនោះគេសង្កេត​ឃើញនាងងាកទៅរកស៊ីអចលនទ្រព្យបន្ថែមពី​លើអាជីព​សិ​ល្បៈ ទើបធ្វើឲ្យនាងនៅតែត្រូវបាន​គេគិតថាជាតារាផ្ដោត​ទៅ​លើការ​ធ្វើជំនួញធំជាងស្នេហាដដែល។ប៉ុន្ដែ​មិត្តភក្ដិ​នៅជុំវិញខ្លួន​អ្នក​នាងចិន្ដា ពួកគេសុទ្ធ​តែជម្រុញ​ឲ្យពិធីការិនីរូបនេះគូរតែគិតគូរឿងរៀបមង្គលការឲ្យ​បាន​ច្បាស់​លាស់ជាងនេះព្រោះ​ថា​ពេលនេះ​នាងឈានចូលវ័យ៤៧ឆ្នាំទៅហើយ ហេតុនេះបើពន្យា​ពេល​ឬលុបចោល​មង្គល​ការក្រោយៗទៀតនោះអាចថា១ជីវិតនេះ​នាងមានអ្វីៗគ្រប់​បែបយ៉ាង​ទាំង​អស់ តែនាងមិន​អាច​ធ្វើរឿងដែល​ស្ដ្រីទូ​ទៅអាចធ្វើបានទៅវិញនោះគឺ​ការរៀបការតាម​ប្រពៃ​ណី​ខ្មែរ។

 គូរបញ្ជាក់ថាមុនអ្នកនាងយុគ ចិន្ដា បានជួបគូស្នេហ៍ថ្មីជាអ្នកជំនួញវ័យចំណាស់​រហូត​ឈានដល់ការគិតគូរឿង​រៀប​ការ​នេះអ្នកនាងបានជួបរឿងស្នេហាមិនសមប្រកបជា​ច្រើនលើក​ច្រើនសារមកហើយដូច​ជាកន្លងមកធ្លាប់​ប៉ៈស្នេហ៍លោកឧកញ៉ាម្នាក់,Dj ឃ្លាំង និងពោះម៉ាយ​ជាអាណិកជនខ្មែរមកពីអាមេរិកលោកលោកសុទ្ធី បណ្ឌិត ហៅសម័យ  ជាដើម។ប៉ុន្ដែអ្នក​នាង​ចិន្ដា មិនយកស្នេហាជាធំនោះទេហើយនាងនៅតែរឹងមាំទាំងការងារសិល្បៈ និងមុខជំនួញទើប​ធ្វើឲ្យ​តារា​ផ្សេងៗ​ពិបាកប្រៀបធៀបរឿងទ្រព្យធនជាមួយនាង។យ៉ាង​ណាចម្ងល់របស់មហាន​លើក​ឡើងជាច្រើនឆ្នាំមកហើយនោះថាហេតុអីបានជាអ្នកនាងចិន្ដា មិនដែលរៀបការម្ដងណា​សោះ ម៉េច​បាន​នាង​មានកូនស្រីឈ្មោះយុគ ដាពេជ្រ ហៅស្រីអម អាយុ១៨ឆ្នាំ​ទៅហើយ?​តើឪពុក​របស់​កូនក្រមុំអ្នកនាងចិន្ដា ជាបុរសរូបណាទៅ?​នេះជាសំណួរដែលគ្មានចម្លើយ​ព្រោះអ្នកនាងចិន្ដា មិនដែលលាតត្រដាងរឿង​ស្នេហា​រប​ស់ខ្លួនជាសាធារណៈម្ដងណាឡើយ៕

RELATED ARTICLES