Thursday, June 26, 2025
Homeសន្ដិសុខសង្គមបុរសលោតទឹកស្ពានជ្រោយចង្វា ៤ថ្ងៃអណ្តែតស្ពីង

បុរសលោតទឹកស្ពានជ្រោយចង្វា ៤ថ្ងៃអណ្តែតស្ពីង

ភ្នំពេញ ៈ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពហើមស្អុយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក មកកល់ជាប់នឹងកាណូតទេសចរណ៍១គ្រឿង នៅមាត់ច្រាំងទន្លេ ដែលគេសង្ស័យថា គឺជាសាកសពបុរសម្នាក់ដែលបានលោតទឹកពីលើស្ពានជ្រោយចង្វា កាលពីកណ្តាល ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រហែលជាង៣០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពណ៌ប្រផេះ អាវយឺតខ្មៅដៃខ្លី និងអាវក្រឡាការ៉ូក្រហមខ្មៅ។

គួររំលឹកថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានបុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏បែកគំនិតគិតខ្លី ជិះម៉ូតូមកលោតទឹកស្ពានជ្រោយចង្វា បំណងបញ្ចប់ជីវិត លុះពេលលោតចូលទៅដល់ក្នុងទឹកទន្លេ បែរជាលែងចង់ស្លាប់ ក៏ប្រឹងប្រវេប្រវាហែលសំដៅច្រាំងវិញ តែអកុសល ហែលទឹកជិតដល់ច្រាំងទៅហើយ បែរជាអស់ដៃ ហែលទៅមុខលែងរួច ក៏លិចចូលទឹកទន្លេបាត់តែម្តង។

តាមប្រភពពីសាក្សីដែលបានឃើញផ្ទាល់ភ្នែក បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-0305 ធ្វើដំណើរឡើងស្ពានជ្រោយចង្វាថ្មី ក្នុងទិសដៅពីកើតទៅលិច។ លុះនៅពេលឡើងជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ រួចស្ទុះទៅតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេ ទាំងកំរោលតែម្តង ទោះបីអ្នកឃើញហេតុការណ៍ចង់ចូលទៅឃាត់ ក៏មិនទាន់ផង។

ប្រភពដដែល បន្តថា លុះក្រោយពេលលោតចូលទៅដល់ក្នុងទឹកទន្លេ ស្រាប់តែបុរសរូបនោះ ទំនងជាលែងចង់ស្លាប់ ក៏ប្រឹងប្រវេប្រវាហែលទឹកសំដៅច្រាំងទន្លេវិញ តែអកុសល ពេលហែលជិតដល់មាត់ច្រាំងទៅហើយ ស្រាប់តែបុរសរូបនោះទំនងជាអស់ដៃ ហែលទៅមុខលែងរួច ទើបបណ្តាលឱ្យលិចចូលទឹកទន្លេបាត់ឈឹងតែម្តង។

បន្ទាប់ពីធ្វើអត្តឃាតដោយលោតពីលើស្ពានជ្រោយចង្វារួចមក បុរសខាងលើ បានបន្សល់ទុកម៉ូតូ ១គ្រឿង នៅលើស្ពាន និងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា យកម៉ូតូនោះទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំសាច់ញាតិក្រុមគ្រួសារ មកទទួលយកវិញនៅពេលក្រោយ។

រហូតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ពោលគឺ ៤ថ្ងៃក្រោយមក ទើបសាកសពបុរសខាងលើ បានអណ្តែតឡើង ស្ថិតក្នុងសភាពហើមស្អុយរលួយទៅហើយ។

សាកសពខាងលើ ត្រូវបានសមត្ថកិច្ចស្រង់យកមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES