ខេត្តបន្ទាយមានជ័យ ៖ នគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨០៧ ទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ២ករណី សរុបចំនួន៧៤នាក់ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក លេខ៨០៧ បានឱ្យដឹងថា ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញបទបញ្ជាដល់វរ

សេនាតូចនគរបាលការពារព្រំដែន យកចិត្តទុកដាក់ ទប់ស្កាត់បង្ក្រាបបទល្មើសតាមព្រំដែន និងការលួចឆ្លងដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ ក្នុងបរិបទប្រយុទ្ធប្រឆាំងការដាលរាលជំងឺកូវីដ-១៩។

ជាក់ស្តែង នៅវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនអូរសាយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨០៧ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ

ចំនួន៦៥នាក់ នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក និងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍អូរសាយ ទប់ស្កាត់បានចំនួន ៩នាក់បន្ថែមទៀត សរុបចំនួន៧៤នាក់ (ស្រី៣០នាក់)។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ចាក់ថា ក្រោយពីឃាត់ខ្លួន កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំផ្លូវ តែពុំទទួលបានលទ្ធផលនោះទេ ពួកគាត់ពុំមានមេខ្យល់នាំផ្លូវនោះឡើយ។

ក្រោយពីធ្វើការសាកសួររួច នៅវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលព្រំដែន បានបញ្ជូនពួកគាត់ទៅឱ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត៕