ខេត្តសៀមរាប ៖ បុរសស្ត្រី ១ក្រុម មានគ្នាចំនួន ១៥នាក់ បាននាំគ្នាឡើងទៅធ្វើពិធីតាំងសមាធិនៅលើភ្នំគូលែន លុះពេលកំពុងសមាធិ ក៏មានភ្លៀងធ្លាក់ ១មេធំ លាយឡំដោយខ្យល់ និងផ្គររន្ទះផង ទើបនាំគ្នារត់ចូលទៅជ្រកក្រោមកុដិលោក ស្រាប់តែរំពេចនោះ រន្ទះបានបាញ់ចំកុដិ លោក បណ្តាលឱ្យត្រូវចំស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសស្ត្រី ២នាក់ផ្សេងទៀត បានរងរបួសស្រាល។

ហេតុការណ៍បាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យមានមនុស្សស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤០នាទី រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចវត្តចាស់ លើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះថាប់ សុភ័ក្រ អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ បច្ចុប្បន្នស្នាក់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ចំណែកអ្នករងរបួសស្រាលទាំង២នាក់ ទី១-ឈ្មោះប៊ូ វន្ថា ភេទប្រុស អាយុ៤០ មានលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងទី២-ឈ្មោះលឹម សាចាន់ ភេទស្រី អាយុ៧៥ឆ្នាំ មានលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

តាមការបំភ្លឺរបស់ឈ្មោះប៊ូ វន្ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបារមី រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងជាអ្នករួមដំណើរមកជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខ្លួនជាមួយជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ១៥នាក់ បាននាំគ្នាមកភ្នំគូលែន នៅចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃដើម្បីសមាធិ។

ប្រភពដដែល បន្តថា ក្រោយពីព្រះសង្ឃអនុញ្ញាតហើយ ខ្លួននិងមិត្តភក្តិ បានរៃប្រាក់គ្នា ដើម្បីទិញសម្ភារៈ រៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង ២និង១០នាទី រសៀលថ្ងៃដដែល ពេលកំពុងសមាធិ ស្រាប់តែមានភ្លៀងធ្លាក់មួយមេ លាយឡំទៅដោយខ្យល់ និងផ្គររន្ទះទៀត ផង។ ភ្លាមនោះពួកគាត់ ក៏បាននាំគ្នារត់ចូលទៅជ្រកក្រោមកុដិលោក ស្រាប់តែរំពេចនោះ មានរន្ទះបានបាញ់ចំកុដិលោក និងបណ្តាលឱ្យត្រូវចំជនរងគ្រោះសន្លប់បាត់បង់ស្មារតីតែម្តង ចំណែក ២នាក់ទៀត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ប្រភពខាងលើ បញ្ជាក់ថា ភ្លាមៗនោះពួកគាត់ជាមិត្តភក្តិ ក៏បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូងផង កប់ដីខ្សាច់ផង តែជនរងគ្រោះនៅមិនដឹងខ្លួន ទើបបន្តដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មក ក៏បានបន្តដឹកសពជនរងគ្រោះតាមឡានពេទ្យ យកទៅឯស្រុកកំណើតតែម្តង។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ និងប្រជាការពារភូមិតាពេញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ តែជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកស្វាយលើទៅហើយ។
ក្រោយពីសមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ផ្នែកក្បាល ដងខ្លួន នឹងអវយវៈ ពុំឃើញមានស្លាកស្នាមឡើយ។
យោងតាមការបំភ្លឺពីសាក្សី ព្រមទាំងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារន្ទះបាញ់ប្រាកដមែន។
ក្រោយការពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕