កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញគ្រូទាយវ័យក្មេងម្នាក់ ស្នាក់-នៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ហ៊ានចេញលិខិតធានាដល់អ្នកទៅពឹងពរទស្សន៍ទាយ ជាវយ័ន្តគាថា យកទៅប្រើ-ប្រាស់ ដោយសន្យាសងទ្រនឹបវិញ បើសិនជាគ្រូទាយខុស យ័ន្តគាថាមិនពូកែស័ក្តិសិទ៉្ធិ ឬមានចរិតបោកប្រាស់។ ការពិតហោរា- សាស្ត្រ និងក្បួនវេទមន្តអាគមគាថា គឺជាវប្បធម៌អរូបី ស្តែងឱ្យឃើញអត្តសញ្ញាណជាតិ គួររក្សាទុកឱ្យបានគង់វង្ស ដែល “នគរធំ” សូមលើកមកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
ស្របពេលដែលវិទ្យាសាស្ត្រ កំពុងជឿនលឿន រហូតដល់មនុស្សបង្កើតបានឧបករណ៍ភ្នែកទិព្វ ត្រចៀកទិព្វ និងឡើង ទៅជាន់ភពព្រះចន្ទ ភពព្រះអង្គារ បាននោះ ជំនឿទៅលើមន្តអាគម ហោរាសាស្ត្រ ក៏នៅតែមានតួនាទីមិនអាចកាត់ផ្តាច់បាន ដែលជាតិសាសន៍ណាក៏រក្សាទុកជំនឿនេះដែរ ជាពិសេសប្រជាជាតិនៅអាស៊ី គោរពជំនឿអរូបីខ្លាំងជាងអឺរ៉ុប។ ហោរាថៃ និងហោរាខ្មែរ និយមទស្សន៍ទាយតាមក្បួនអត្តៈ តម្រាព្រហ្មជាតិ ក្បួនសម្ភារភ្លឹក ជាដើម ខណៈដែលហោរាបារាំង អាមេរិក ចេះមើលក្រយៅបាតដៃ ទាយសន្លឹកបៀ ឯហោរាចិន ឬចិនសែ ចេះមើលហុងស៊ុយ លាភសំណាង ង៉ូវហេង ដែលនិយាយរួម ជាតិសាសន៍ណា ក៏មិនទាន់បោះបង់ចោលជំនឿបុរាណនេះទេ។
នៅកម្ពុជា យើងឃើញគ្រូមន្តអាគម គ្រូទាយ គ្រូស្នេហ៍ លេចមុខជាបន្តបន្ទាប់ ដែលគ្រូខ្លះទាយតាមក្បួនពិភេកហោរា កាន់ក្តារឆ្នួន និងដីស គ្រូខ្លះទៀតបញ្ជាន់រូប អញ្ជើញអារក្សអ្នកតាឱ្យកាន់ខ្នងរងមុខ។ ចំពោះគ្រូកាន់បារមី “ឥសីអគ្គិនេត្រ” ឃើញមានច្រើន ដូចជាពេលថ្មីៗនេះ មានគ្រូក្មេងម្នាក់ រហស្សនាម “ហោរាអគ្គិនេត្រ” មានវ័យជាង២០ឆ្នាំ ទុកម៉ូដសក់ និង រូបរាងស្រស់សង្ហាដូចតារាភាពយន្ត ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងក្រោយវិទ្យាល័យ ជា- ស៊ីម សាមគ្គី មានចំណុចពិសេសត្រង់ថា បើគាត់ទស្សន៍ទាយឱ្យអ្នកណាម្នាក់ហើយ គាត់តែងជូនលិខិតធានាជាលាយលក្ខណ៍- អក្សរ ចុះហត្ថលេខា ឬស្នាមមេដៃ រវាងគ្រូទាយ និងអ្នកមកពឹងពរ ដោយសន្យាបើមិនពូកែស័ក្តិសិទ្ធិ ធានាសងទ្រនឹបវិញ ដោយមានកំណត់ថ្ងៃកាលបរិច្ឆេទច្បាស់លាស់។ ឯទ្រនឹបបានមកពីការទស្សន៍ទាយ ឬគេមកជាវយ័ន្ត ឬខ្សែគាថានោះ ច្រើន គួរសមដែរ អាចថា ក្នុង១ថ្ងៃៗមានចំណូលរាប់រយដុល្លារឯណោះ។
“នគរធំ” មិនចង់និយាយពីប្រភពចំណូលនោះទេ ប៉ុន្តែ ចង់និយាយពី “ហោរាសាស្ត្រ ជាវប្បធម៌អរូបី” ខណៈដែលសិទ្ធិ ក្នុងជំនឿ និងសាសនា ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ គ្មានបុគ្គលណាអាចបំបិទសិទ្ធិគ្រូបានឡើយ ទោះជាគាត់ប្រកប មុខរបរនៅតែក្នុងផ្ទះក៏ដោយចុះ វៀរលែងតែគាត់បោកប្រាស់អតិថិជន ព្រោះតែមហិច្ឆតា។ ករណីគ្រូស្នងរូប ឬហោរាយក ឈ្មោះ “អគ្គិនេត្រ” មកប្រើ គឺមកពីឥទ្ធិពល “ឥសីអគ្គិនេត្រ” ខ្លាំងពូកែគ្មានអ្វីអាចទប់ទល់បាន។ នៅក្នុងគម្ពីរវេទ នៃលទ្ធិ-ព្រហ្មញ្ញសាសនា ក៏មានតំណាលពីតាឥសីអគ្គិនេត្រ គង់នៅព្រៃហិមពាន្ត ពពួកយក្ស ពិទ្យាធរនានា តែងទៅសុំរៀនសិល្ប៍មន្ត ពីព្រះអង្គ។ ឥសីនេះមានព្រះនេត្រ២ដូចមនុស្សធម្មតា និងមានព្រះនេត្រ១ទៀត នៅចំកណ្តាលថ្ងាស បានមកពីព្រះសិវៈ-ប្រទាន។ ភ្នែកទី៣នេះបិទជានិច្ច តែបើមានមនុស្ស ឬសត្វណាធ្វើឱ្យឥសីខ្ញាល់ គ្រាន់តែបើកភ្នែកទី៣នេះក្រឡេកទៅ ក៏កើត ជាភ្លើងឆាបឆេះមនុស្សសត្វនោះ ក្លាយជាផេះផង់មួយរំពេច។ ព្រះនេត្ររបស់ព្រះសុរិយា ឬព្រះអាទិត្យ មានកម្តៅរាប់ម៉ឺន អង្សា ពេលស្វាហនុមាន កាលនៅតូច ហោះទៅតោងចន្ទោលរទេះព្រះអាទិត្យ ដោយចរិតរពឹស ព្រះអាទិត្យ គ្រាន់តែក្រឡេក ក៏ឆាបឆេះខ្លួនហនុមាន នៅសល់តែរោមពេជ្រ៧សរសៃ ជាប់នឹងចន្ទោលរទេះ មិនឆេះទៅណា។ ព្រះអាទិត្យ ក៏រើសរោមពេជ្រ ៧សរសៃនោះមកប្រស់ហនុមាន ឱ្យរស់វិញ ថែមទាំងស្តោះទឹកមាត់ដាក់អណ្តាតកូនស្វានោះទៀតផង។ ទឹកមាត់ព្រះអាទិត្យ ១តំណក់នោះ ក៏ក្លាយជារង្វង់ព្រះអាទិត្យ៧ ជាប់នឹងអណ្តាតហនុមាន បើហនុមានហាមាត់ទៅលើ ភ្លឺដល់ឋានព្រហ្ម បើហា ទៅក្រោម ភ្លឺដល់ឋានបាតាល។ នៅក្នុងគម្ពីរព្រះត្រៃបិដក នៃព្រះពុទ្ធសាសនា ក៏បានតំណាលពីអាវុធប្រល័យ លោកមាន៤ គ្មានអ្វីអាចទប់ទល់បានគឺ ១-វជីរាវុធ របស់ព្រះឥន្ទ្រាធិរាជ ២-ដំបងពេជ្រ របស់ព្រះបាទវេស្សវ័ណ ៣-ឈ្នួតក្បាល របស់ អាឡវយក្ខ ៤-កែវភ្នែក របស់ព្រះយមរាជ។ អាវុធទាំង៤នេះ ទោះជាចង់រំលើងភ្នំ រំហួតទឹកសមុទ្រ ឬរំលាយពិភពលោក នេះ ព្រះឥន្ទ្រគ្រាន់តែចោលវជីរាវុធ (អាវុធពេជ្រ) ស្តេចវេស្សវ័ណ គ្រាន់តែគ្រវែងដំបងពេជ្រ អាឡវយក្ខ គ្រាន់តែស្រាយ ក្រណាត់ជួតក្បាលបោះទៅលើបច្ចាមិត្រ ខណៈដែលយមរាជ គ្រាន់តែក្រឡេក ធ្វើឱ្យឆេះទឹកឆេះដី សូម្បីគ្រាប់បែកនុយក្លេអ៊ែរ សម័យនេះ ក៏មិនស្មើដែរ។ ទោះយ៉ាងណា មហារាជដែលកាន់កាប់អាវុធទាំង៤នេះ មានលក្ខខណ្ឌតឹងរ៉ឹងណាស់ មិនចេះតែ ប្រើប្រាស់បានតាមចិត្តនោះទេ ពោលគឺទុកគ្រាន់តែគំរាមសត្វលោកឱ្យខ្លាចតែប៉ុណ្ណោះ ឃើញតែអាឡវយក្សម្នាក់គត់ ខឹង ធ្វើអ្វីព្រះពុទ្ធមិនកើត ក៏ស្រាយឈ្នួតក្បាលបោកទៅលើគូសត្រូវ លាន់កក្រើកមេឃកក្រើកដី ប៉ុន្តែឈ្នួតក្បាលនោះបានក្លាយ ទៅជាក្រណាត់ជូតព្រះបាទព្រះពុទ្ធអង្គទៅវិញ។
ដូច្នេះយើងឃើញថា វប្បធម៌អរូបី សុទ្ធតែចម្លងចេញពីព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានេះឯង ជាពិសេស ឥទ្ធិពល របស់ “ឥសីអគ្គិនេត្រ” ជាដើមចម នាំឱ្យគ្រូទស្សន៍ទាយ ឬគ្រូស្នងរូប យកមកប្រើជារហស្សនាមរបស់ខ្លួន។ គួរបញ្ជាក់ថា ឥសីអគ្គិនេត្រ ជួយបង្ហាត់បង្រៀនវេទមន្តដល់សិស្សគណ មិនដែលទារទ្រនឹបនោះទេ ប៉ុន្តែ ព្រះអង្គ ត្រូវតែប្រើសិស្សទៅបេះ ផ្លែឈើ មកប្រគេនឆាន់ និងដងទឹកស្រះមកទុកស្រង់។ បើសិនជាព្រះឥសី លោភលន់ដោយប្រការណាមួយ នឹងសាបរលាប- មន្តអាគម ឯព្រះនេត្រទិព្វ ក្រឡេកឆេះនោះ នឹងត្រូវព្រះអាទិទេព ឬព្រះសិវៈ ដកហូតយកទៅវិញមិនខានឡើយ។
រួចមកហើយយើងឃើញថា សព្វថ្ងៃ មិនខ្វះទេគ្រូមន្តអាគម ឬហោរាប្រើរហស្សនាម “ឥសីអគ្គិនេត្រ” ដែលនៅក្នុង គេហដ្ឋានគ្រូ សុទ្ធតែមានតម្កល់អាសនៈស្លាធម៌ បាយសី ទៀន ធូប ភ្ញីផ្កា ផ្លែឈើ ដោយតម្កល់រូបសំណាកព្រះឥសីប្រកបដោយ មហិទ្ធិប្ញទ្ធិ។ គ្រូទាំងនោះ សុទ្ធតែប្រកាសប្រាប់គេឯងថា គាត់ជាដួងវិញ្ញាណឥសីអគ្គិនេត្រ ចូលសណ្ឋិត កាន់ខ្នងរងមុខ ទស្សន៍- ទាយមិនចេះខុស ឯខ្សែគាថា កន្សែងយ័ន្ត សម្រាប់ពាក់បង្ការខ្មាំងសត្រូវ ឬស្នេហ៍មុខរកស៊ីបានកាក់កបនោះ លុះត្រាតែរៀប ទ្រនឹបតាមអ្វីដែលគ្រូបង្គាប់ឱ្យដាក់។ បើយោងតាមវប្បធម៌អរូបីនេះ តាំងពីបរមបុរាណមក គ្រូមិនដែលបង្គាប់ឱ្យដាក់ទ្រនឹប ជាប្រាក់កាសប៉ុណ្ណេះប៉ុណ្ណោះនោះទេ គឺស្រេចតែអ្នកមកពឹងពាក់ដាក់ប៉ុន្មានក៏តាមសទ្ធាជ្រះថ្លា ឬគ្មានអ្វីសោះក៏គ្រូមើល ជោគរាសីឱ្យដែរ។ ផ្ទុយទៅវិញ បើគ្រូបង្គាប់ជាប្រាក់ដុល្លារ ស្រវាមានបាន ឬប្រឹងសន្សែសន្សំទុកទិញរថយន្តទំនើប ឬសង់ ភូមិគ្រឹះធំស្កឹមស្កៃនោះ ច្បាស់ជាដើរខុសគន្លងស្នងបារមីឥសីអគ្គិនេត្រហើយ។ ដូចយើងបានបញ្ជាក់រួចហើយថា ឥសីអគ្គិនេត្រ គង់នៅតែក្នុងព្រៃ ឆាន់ផ្លែឈើ មើមឈើ តែបើគ្រូបារមីព្រះអង្គ បង្គាប់ទ្រនឹបជាលុយរៀល ឬដុល្លារនោះ គួរពិចារណាដែរ។
សរុបទៅ “ហោរាសាស្ត្រ ជាវប្បធម៌អរូបី” ទោះបីជាពលរដ្ឋគោរពជឿជំនឿអ្វីក៏មិនខុសអ្វីដែរ ព្រោះជំនឿ និងសាសនា ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ ទោះយ៉ាងណា ក៏អ្នកមានជំនឿទៅលើគ្រូស្នងបារមី ត្រូវចេះពិចារណាផង ចៀសវាង ជួបផលវិបាក ឬប៉ះគ្រូបោកប្រាស់ នាំឱ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះ ខ្លះខូចទាំងខ្លួនប្រាណ ឬខាតបង់លុយកាក់ទ្រព្យសម្បត្តិ ដូច មានករណីដែលកាសែត ទូរទស្សន៍ ទស្សនាវដ្តី ចុះផ្សាយជាហូរហែកន្លងមក។ ចំណែកគ្រូស្នងបារមី ក៏គួរដើរឱ្យត្រង់គន្លង ព្រះឥសីអគ្គិនេត្រ ដែលឆាន់តែផ្លែឈើ មើមឈើ កាន់ឈើច្រត់និមន្តធ្វើចង្ក្រមក្នុងព្រៃ មិនមែនឆាន់សាច់ជ្រូក សាច់គោ ជិះ ឡានទំនើប មានថង់យាមញាត់ប្រាក់ដុល្លារនោះទេ៕
ដោយ ៖ អាចារ្យថាំ