ខេត្តព្រះវិហារ ៖ បុរសម្នាក់ កំពុងបើកត្រាក់ទ័រភ្ផួរដីសុខៗ ក៏កិនចំមីនតោន ១គ្រាប់ តែសំណាងល្អមិនផ្ទុះ ក៏រកឈើមកដោតចំណាំ ដើម្បីរាយការណ៍ទៅខាងស៊ីម៉ាក់ រួចក៏បន្តភ្ផួរដីទៀត ស្រាប់តែអកុសល ត្រាក់ទ័រ

បានកិនចំគ្រាប់មីនតោនទី២ បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យ ត្រាក់ទ័ររងការខូចខាតស្ទើរទាំងស្រុង រីឯតៃកុងត្រាក់ទ័រ បានទទួលរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរសឹង ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។

ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះហ៊ី សៀក អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកត្រាក់ទ័រ បច្ចុប្បន្ន រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ទៅភ្ជួរដី ស៊ីឈ្នួលឱ្យគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ខណៈពេលកំពុងភ្ជួរដី ក៏បានប៉ះចំលើ

គ្រាប់មីនតោន ចំនួន១គ្រាប់ តែសំណាងល្អ គ្រាប់មីន នោះមិនផ្ទុះ ឃើញដូច្នេះជនរងគ្រោះ បានប្រាប់ឱ្យម្ចាស់ដីទៅរកឈើមកដោត ធ្វើជាសញ្ញា ដើម្បីផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ រួចហើយ ជនរងគ្រោះ ក៏បើកត្រាក់ទ័រភ្ជួរដីផ្សេងបន្តទៀត ប៉ុន្តែជាអកុសលក៏បះចំលើគ្រាប់មីនតោនទី២ ផ្ទុះបណ្តាលឱ្យរងរបួសធ្ងន់ ផ្នែកក្បាល និងបាក់ឆ្អឹងស្មងជើងស្តាំមួយកង់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិក្រុមគ្រួសារ ដឹកនាំយកមកជួយសង្គ្រោះបឋមនៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៨ ប៉ុន្តែដោយស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប៕