ខេត្តកំពត ៖ អគារសិក្សា ២ខ្នង នៃអនុវិទ្យាល័យសូរិយាវង្ស ជ្រុងស្រឡៅ ស្ថិតនៅក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ត្រូវបានខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យប៉ើងដំបូល និងធ្វើឱ្យសិស្សសាលាចំនួន ៨នាក់ ដែលកំពុងរៀនសូត្រក្នុងអគារ ខ្លះរងរបួស ខ្លះភ័យសន្លប់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចអនុវិទ្យាល័យសូរិយាវង្ស ជ្រុងស្រឡៅ ស្ថិតនៅក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស។
លោកហ៊ុយ ណែម នាយប៉ុស្តិ៍នគរបាលស្តេចគង់ខាងជើង បានបញ្ជាក់ថា ខណៈមានខ្យល់បោកបក់ខ្លាំងលាយឡំជាមួយភ្លៀងនិងផ្គរ រន្ទះនោះ បណ្តាលឱ្យដំបូលស័ង្កសីផ្ទះរបស់គ្រូបង្រៀនស្នាក់នៅ ត្រូវខ្យល់កួចបំប៉ើងប្រហែល
៦០ម៉ែត្រ មកធ្លាក់ទើរនៅលើដំបូលសាលា។ ចំណែកសិស្ស ចំនួន៨នាក់ ដែលខ្លះរងរបួស និងខ្លះទៀតសន្លប់នោះ គឺមកពីភ័យខ្លាចជាមួយនឹងសំឡេងផ្គរ រន្ទះ និងការធ្លាក់ក្បឿងពីដំបូលមកត្រូវពួកគេ។
លោកនាយប៉ុស្តិ៍ និយាយថា អាជ្ញាធរមូលដ្ឋានបានរកឃើញថា នៅក្នុងគ្រោះខ្យល់បក់បោកដ៏ខ្លាំងនេះ បណ្តាលឱ្យផ្ទះស្នាក់នៅរបស់គ្រូបង្រៀន ២ខ្នង របើកដំបូលស័ង្កសី អគារសិក្សា ២ខ្នង របើកដំបូលក្បឿង ខូចខាតសាលាឆាន់វត្តសូរិយាវង្ស និងផ្ទះពលរដ្ឋ ៥ខ្នង ក៏រងការខូចខាតផងដែរ។
គួរបញ្ជាក់ថា ខ្យល់កន្ត្រាក់ដែលបានបោកបក់នេះ ក៏បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋ ចំនួន៤១ខ្នង រងការខូចខាតផងដែរ៕