ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានជួបផ្តើមស្នេហ៍ក្រោមដំបូលការដ្ឋានសំណង់ រហូតឈានដល់បង្កាត់ភ្លើងតណ្ហាជាមួយគ្នាជាញឹកញាប់ លុះក្រោយមក ដឹកដៃគ្នាទៅស្រុកកំណើត សុំឪពុកម្តាយទាំងសងខាងជួយផ្សំផ្គុំ បែរជាឪពុកម្តាយទាំងសងខាងដឹងរឿងថា កូនៗទុំមុនស្រគាល លេងផ្លូវកាត់ ខុសប្រពៃណី ក៏ផ្ទុះកំហឹង មិនទទួលស្គាល់ និងថែមទាំងបណ្តេញចេញ មិនឱ្យរស់នៅជាមួយទៀតផង ទុកឱ្យគូស្នេហ៍ទាំងពីរ រួមរស់នឹងគ្នាទាំងគ្មានខាន់ស្លា រហូតដល់សព្វថ្ងៃ។

នាងតែម ចន្ធី អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានរៀបរាប់ប្រាប់ថា នាងជាកូនទីពីរ ក្នុងចំណោមបងប្អូន៩នាក់ (ប្រុស១ ស្រី៨) កាលពីតូច នាងមិនមានឱកាសបានចូលសាលារៀនសូត្រនឹងគេឡើយ ដោយសារគ្រួសារមានជីវភាពទីទ័ល ក្រពេក ណាមួយមានកូនច្រើនផង។ រហូតដល់ធំពេញវ័យក្រមុំ ដោយគ្មានចំណេះជំនាញអ្វីចិញ្ចឹមជីវិត មានតែដើរស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេប៉ុណ្ណោះ។

នាងតែម ចន្ធី រៀបរាប់បន្តថា ចូលដល់វ័យ ១៧ឆ្នាំ នាងក៏បានចេញទៅធ្វើការងារសំណង់នៅការដ្ឋានមួយកន្លែង ឯកោះពេជ្រ រាជធានីភ្នំពេញ នៅទីនោះ ក៏មានកំលោះៗជាច្រើន តាមចែចង់ដែរ ប៉ុន្តែនាងហាក់គ្មាននិស្ស័យជាមួយនឹងអ្នកណាម្នាក់សោះ។ លុះក្រោយមក នាងក៏បានជួបជាមួយនឹងកំលោះ យឿន រ៉ា ដែលជាកម្មកសំណង់ ធ្វើការនៅក្នុងការដ្ឋានជាមួយគ្នា។ កំលោះនេះ ហាក់មិនសូវចេះមាត់កអ្វីនោះទេ ប៉ុន្តែនាងមើលទៅហាក់មាននិស្ស័យ
ជាមួយគេណាស់ ទើបចេះតែនិយាយសួរនាំគ្នាទៅវិញទៅមក រហូតកើតបានជាទំនាក់ទំនងស្នេហា ដោយខាងប្រុសបានសារភាពសុំស្នេហ៍នាងមុន ចំណែកនាងក៏បានបាក់ចិត្តលង់ស្នេហ៍ទៅលើគេវិញដែរ។

នាងតែម ចន្ធី បានឱ្យដឹងថា បន្ទាប់ពីយល់ចិត្តយល់ថ្លើមគ្នាហើយ ធ្វើឱ្យស្នេហាពួកនាងកាន់តែស៊ីជម្រៅ រហូតដល់ខាងប្រុសចេះតែលួងលោមសុំស្គាល់ខ្លួនប្រាណនាង ទីបំផុតនាងទប់នឹងភ្លើងតណ្ហាមិនបាន ក៏ព្រមប្រគល់ប្រាណឱ្យប្រុសថ្លើមថ្លៃប្រលោមស្នេហ៍ ជាញឹកញាប់ ដោយលាក់បាំងមិនឱ្យឪពុកម្តាយនៅឯស្រុកបានដឹងពីទំនាក់ទំនងពួកនាងឡើយ។ រហូតដល់មួយរយៈក្រោយមក នាងក៏ដាច់ចិត្តនាំប្រុសស្នេហ៍ទៅ ស្រុកកំណើតដើម្បីជួបនឹងឪពុកម្តាយ

ដើម្បីសុំពួកគាត់ឱ្យផ្សំផ្គុំឱ្យពួកនាង ប៉ុន្តែគ្រាន់តែនាំប្រុសស្នេហ៍ទៅដល់ស្រុក ឪពុកម្តាយនាងបានជួបមុខភ្លាម ស្រាប់តែកើតចិត្តស្អប់ មិនចូលចិត្តសង្សាររបស់នាងសោះឡើយ ដោយពួកគាត់ប្រាប់ថា ទី១ ស្អប់ចរិតសង្សារនាងឆ្មើងកន្ទ្រើង មិនចេះរាក់ទាក់គួរសមជាមួយចាស់ទុំ បងប្អូន ធ្វើខ្លួនដូចក្មេងញៀនថ្នាំ។ ទី២ មើលទៅដូចជាទុយមុយ មិនស្វាហាប់សោះ ច្បាស់ជាមិនអាចឱ្យនាងពឹងផ្អែកវាសនាតទៅអនាគតបាននោះឡើយ។ ពេលនោះ

នាងក៏ដាច់ចិត្តទម្លាយប្រាប់ឪពុកម្តាយថា ពួកនាងទុំមុនស្រគាលហើយ នឹកថាឪពុកម្តាយ យល់ចិត្ត បិទភ្នែក ព្រមទទួលយកសង្សារនាង ដឹងអីឪពុកម្តាយកាន់តែច្រឡោតខឹងលើសដើម និងថែមទាំងមិនព្រមទទួលស្គាល់ចំណងស្នេហ៍ពួកនាងដាច់ខាត រហូតដល់ដេញពួកនាងឱ្យចេញពីផ្ទះទៀតផង។

នាងតែម ចន្ធី បានឱ្យដឹងទៀតថា ដោយសារតែឪពុកម្តាយរបស់នាងមិនទទួលស្គាល់បែបនេះ សង្សាររបស់នាងក៏បាននាំនាងទៅជួបនឹងឪពុកម្តាយរបស់គាត់វិញ ក្រែងពួកគាត់ចិត្តទន់ជាងឪពុកម្តាយនាង ព្រមទទួលស្គាល់ ដឹងអី ទៅដល់ដូចនាំភ្លើងចូលផ្ទះ ដោយសារតែឪពុកម្តាយ ខាងប្រុស គ្រាន់តែដឹងថា ពួកនាងលេងផ្លូវកាត់ ក៏ឆេះឆួលកំហឹង ជេរស្តីបណ្តេញ មិនទទួលស្គាល់ពួកនាងដាច់ខាត។ ដោយសារតែត្រូវចាស់ទុំទាំងសងខាងបំបែក មិនព្រមទទួលស្គាល់បែបនេះ ទើបពួកនាងបានដឹកដៃគ្នាចេញមកសុំដីគេសង់កូនផ្ទះស្នាក់នៅតែ ២នាក់ សាងគ្រួសារ រួមរស់រហូតដល់សព្វថ្ងៃ ទាំងលំបាកវេទនា ដោយទទួលបានចំណងនិស្ស័យ កូនប្រុស២នាក់។

លោកយឿន រ៉ា អាយុ៣១ឆ្នាំ ត្រូវជាប្តីនាងតែម ចន្ធី បានរៀបរាប់ប្រាប់ថា លោកមានស្រុកកំណើតនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដូចគ្នា តាំងពីធំពេញវ័យកំលោះ លោកមិនធ្លាប់ចាប់ចិត្តលើស្រីណាម្នាក់នោះឡើយ រហូតដល់បានជួបមុខនាងតែម ចន្ធី កាលដែលនៅធ្វើសំណង់ឯកោះពេជ្រ ជាមួយគ្នា ស្រាប់តែបាក់ចិត្ត លង់ស្នេហ៍ដកមិនរួច រហូតដល់ដាច់ចិត្តសារភាពស្នេហ៍ត្រង់ៗ ហើយនាងក៏ព្រមទទួល និងថែមទាំងបានជ្រុលជ្រួសរំលងហួសប្រពៃណីទៀតផង ស្រាប់តែក្រោយមក នឹកចង់សាងគ្រួសារ ចង់បានឪពុកម្តាយសងខាងជួយដឹងឮ និងឱ្យពរជ័យ ដឹងអីពួកគាត់ទាំងសងខាង សុទ្ធតែមិនពេញចិត្ត មិនទទួលស្គាល់ចំណងស្នេហ៍ពួកលោកដាច់ខាត ទើបប្តីប្រពន្ធលោក រួមរស់ទាំងគ្មានខាន់ស្លារហូតដល់សព្វថ្ងៃ និងចេញមករស់នៅពឹងលើអាត្មាខ្លួន រួមរស់បានកូនប្រុស ២នាក់ នៅតែឪពុកម្តាយមិនទទួលស្គាល់ដដែល មានតែប្រឹងទ្រាំតស៊ូរស់តាមយថាកម្មទៅចុះ។ យ៉ាងណា ប្តីប្រពន្ធលោកស្រលាញ់គ្នាខ្លាំងណាស់ ទោះជីវភាពគ្រួសារទីទ័លក្រ ក៏មិនដែលបន្ទោសគ្នា មានតែប្រឹងពួតដៃគ្នាតទៅមុខទៀតប៉ុណ្ណោះ៕