Saturday, September 28, 2024
Homeសង្គម និងជីវិតប្រពន្ធលែងឱ្យប៉ះ ប្តីចោទលួចមានប្រុសថ្មី

ប្រពន្ធលែងឱ្យប៉ះ ប្តីចោទលួចមានប្រុសថ្មី

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ ២នាក់ តាំងពីចាប់ដៃគ្នាមក ឃើញថាបុរសជាប្តីពូកែខាងរឿងកេះកៀវប្រពន្ធពេលយប់ខ្លាំងណាស់ រហូតដល់កូនពេញសំបុក នៅតែមិនស្កប់ស្កល់ ធ្វើឱ្យប្រពន្ធធ្លាក់ខ្លួនឈឺ អស់អារម្មណ៍ ទ្រាំទ្រលែងបាន ក៏លែងឱ្យប្តីប៉ះសាច់ ជាហេតុធ្វើឱ្យប្តីកើតចិត្ត ប្រចណ្ឌ ចោទថាប្រពន្ធលួចមានប្រុសថ្មី បានជាលែងឱ្យប្តីប៉ះ ក៏កើតជារឿងរ៉ាវជម្លោះបែកផ្សែងស្ទើររាល់ថ្ងៃ។

នាង ជ កំសត់ អាយុ៣៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ បានរៀបរាប់ប្រាប់ថា នាងជាកូនទី៤ ក្នុងចំណោម បងប្អូន៥នាក់ (ប្រុស៣ ស្រី២) ដោយសារតែជីវភាពគ្រួសាររបស់នាងទីទ័លក្រពេក ទើបនាងមិនបានចូលសាលារៀនសូត្រនឹងគេទេ លុះដល់អាយុ១៣ឆ្នាំ ក៏ចេញទៅស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេគ្រប់ទីកន្លែង

ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ រហូតដល់ធំពេញវ័យក្រមុំ អាយុ១៧ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះរៀម ចាន់ អាយុបងនាង ១ឆ្នាំ មកពីស្រុកមោងឫស្សី និងបានមកស៊ីឈ្នួលធ្វើចម្ការឱ្យគេដូចនាងដែរ បានចាប់ចិត្តស្រលាញ់ តាមនាងយ៉ាងស្អិត ទាំងដែលនាងនៅវ័យក្មេងខ្ចី ពុំទាន់ចេះស្រលាញ់មនុស្សប្រុសនៅឡើយ។

នាងកំសត់ បានបន្តថា ដោយសារតែខាងប្រុសចេះតែតាមនាងស្អិតពេក និងឧស្សាហ៍ធ្វើល្អដាក់នាងផង ទើបធ្វើឱ្យនាងបានចាប់ផ្តើមបាក់ចិត្តទៅលើគេវិញខ្លះដែរ រហូតដល់ ២ខែក្រោយមក នាងក៏ផុងខ្លួនលង់ប្រាណតាមពាក្យលួងលោមដ៏ផ្អែមល្ហែមរបស់កំលោះចាន់ លុះញៀនញ៉ាម ក៏ចេះតែស្កាត់ជួបគ្នាញឹកញាប់ ទីបំផុតរឿងរ៉ាវក៏បានបែកការណ៍ដឹងដល់ឪពុកម្តាយរបស់នាង ខឹងដាច់ក្បាលដាច់កន្ទុយ និងមិនព្រមរៀបចំសែនព្រេន ឬផ្សំផ្គុំឱ្យពួក

នាងដាច់ខាត ដោយសំអាងថា នាងជាកូនស្រីមិនបំពេញមុខឪពុកម្តាយ បែរជាលួចទាក់ទងប្រុសឈ្មោលរំលងហួសប្រពៃណី ធ្វើឱ្យពួកគាត់ខ្មាសអស់ញាតិ និងថែមទាំងបណ្តេញនាងចេញពីផ្ទះ លែងទទួលស្គាល់ជាកូន និងបណ្តោយឱ្យនាងរស់នៅតាមយថាកម្មទៀតផង។

នាងកំសត់ បានរៀបរាប់បន្ថែមថា បន្ទាប់មក នាងនិងប្រុសស្នេហ៍ ក៏បាននាំគ្នាចេញដើរស៊ីឈ្នួលគេគ្រប់ទីកន្លែង និងរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ រហូតដល់បង្កើតបានកូនប្រុសស្រី ៤នាក់ (ប្រុស២ ស្រី២) ជាចំណងនិស្ស័យទៀតផង។ នាងទទួលស្គាល់ថា តាំងពីចាប់ដៃគ្នាមក ប្តីរបស់នាងពូកែរឿងយប់ព្រលប់ខ្លាំងណាស់ ទោះធ្វើការហត់នឿយពីថ្ងៃ ឬហូបទឹកត្រី ទឹកស៊ីអ៊ីវ ក៏យប់ឡើងមិនភ្លេចរឿងកេះកៀវនាងមិនស្វាង រីឯកូនវិញ ញឹក ដើម

ឆ្នាំមួយចុងឆ្នាំមួយ រហូតដល់ធ្វើឱ្យនាងភ័យខ្លួនចិញ្ចឹមកូនមិនរស់ ក៏ប្រើថ្នាំពន្យារកំណើត ឡើងចង់ខូចខ្លួនប្រាណ និងថែមទាំងមានជំងឺស្បូនទៀតផង ហេតុនេះទើបធ្វើឱ្យនាងចាប់ផ្តើមធុញទ្រាន់នឹងរឿងយប់ព្រលប់ លែងមានអារម្មណ៍ មិនអាចបំពេញក្តីសុខឱ្យប្តីទៀតបាន ធ្វើឱ្យប្តីមួម៉ៅមិនឈប់ រករឿងឈ្លោះគ្នាបែកផ្សែងជាប្រចាំ និងថែមទាំងចោទប្រកាន់នាងថា មានចិត្តផិតក្បត់ប្តី លួចមានប្រុសថ្មី ទើបមិនព្រមឱ្យប្តីដេកជាមួយ ហើយទោះជានាងព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏ប្តីមិនខ្ចីស្តាប់។

នាងកំសត់ បានបន្តរៀបរាប់ទាំងក្រៀមក្រំថា ដោយសារតែជីវភាពក្រខ្សត់ រកមួយថ្ងៃរស់មួយថ្ងៃសឹងមិនគ្រប់ ខ្វះជីវភាពគ្រប់បែបយ៉ាង ណាមួយមានជំងឺស្បូនផង ទើបនាងគ្មានកម្លាំងកំហែង ឬអារម្មណ៍ឯណាទៅបម្រើប្តីនោះទេ រាល់ថ្ងៃគិតតែរឿងរកលុយកាក់ទិញអង្ករច្រក ឆ្នាំង បំពេញក្រពះកូនៗប៉ុណ្ណោះ តែប្តីមិនយល់ចិត្តនាងសោះ នៅតែរករឿង បង្កើតភាពរកាំរកូសក្នុងគ្រួសារមិនឈប់។

ចំណែកលោករៀម ចាន់ ជាប្តី បានរៀបរាប់ថា រូបលោក ក៏ជាកូនកសិកក្រីក្រដែរ ហើយក៏មិនបានចូលសាលារៀនសូត្រដូចគ្នា ធំដឹងក្តី ដើរតែឃ្វាលគោ ស៊ីឈ្នួលជួលព័ទ្ធគេតែប៉ុណ្ណោះ។ លុះពេញវ័យកំលោះ អាយុ១៨ឆ្នាំ លោកបានចេញទៅធ្វើចម្ការឱ្យគេ នៅស្រុកគាស់ក្រឡ ក៏បានជួបនឹងក្រមុំឈ្មោះ ជ កំសត់ ដែលត្រូវជាប្រពន្ធសព្វថ្ងៃនេះ គ្រាន់តែឃើញភ្លាម ក៏ចាប់ចិត្តស្រលាញ់ភ្លែត ដកស្នេហ៍មិនរួចសោះ ទើបចេះតែព្យាយាមតាមលួងលោមប្រលោមសុំស្នេហ៍ពីនាង ទាល់តែនាងបាក់ចិត្តអាណិតស្រលាញ់លោកវិញ ហើយក៏នាំគ្នាលេងផ្លូវកាត់ លួចរួមរ័កគ្នា រំលងហួសប្រពៃណីតែម្តង ព្រោះតែទប់នឹងភ្លើងតណ្ហាមិនជាប់។ លុះឪពុកម្តាយនាងដឹង ក៏ខឹងសម្បា បណ្តេញពួកខ្លួនចេញពីផ្ទះ ដោយមិនព្រមផ្សំផ្គុំសែនព្រេន ឬទទួលស្គាល់ពួកខ្លួនជាប្តីប្រពន្ធឡើយ។

លោករៀម ចាន់ បន្តថា តាំងពីនោះមក លោកនិងប្រពន្ធក៏នាំគ្នាចេញមករស់នៅផ្សេង ដើរស៊ីឈ្នួលគេគ្រប់កន្លែង និងរួមរស់ជាមួយគ្នា មានក្តីសុខណាស់ រឿងយប់ព្រលប់ ទោះនឿយហត់ ក៏នាងមិនចេះប្រកែកដែរ តែងបំពេញបំណងប្តីមិនឱ្យទាស់ចិត្តឡើយ ធ្វើឱ្យលោកស្រលាញ់ ប្រពន្ធនេះខ្លាំងណាស់។ ទើបតែចូលដល់ឆ្នាំ២០២១ ប្រពន្ធក៏ចាប់ផ្តើមកិចកុក ប្រកែកមិនព្រមឱ្យលោកប៉ះសាច់ឡើយ ទើបធ្វើឱ្យលោកខឹងផង ប្រចណ្ឌផង ក៏សង្ស័យថានាងកំពុងបែកចិត្ត មានប្រុសថ្មី ទើបមានចរិតប្លែក លែងចង់ឱ្យប្តីប៉ះសាច់ ហើយក៏ចាប់ផ្តើមមានជម្លោះនឹងគ្នាជាញឹកញាប់បែបនេះទៅ៕

RELATED ARTICLES