Tuesday, June 24, 2025
Homeសង្គម និងជីវិតកម្លាំងចម្រុះ ចុះបង្ក្រាបឡានដឹកឈើ៤គ្រឿង

កម្លាំងចម្រុះ ចុះបង្ក្រាបឡានដឹកឈើ៤គ្រឿង

ខេត្តមណ្ឌលគិរី ៖ កម្លាំងការិយាល័យជំនាញបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរងដើមចំបក់ និងស្នាក់ការរហ៊ូត បានចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងបានរុករកឃើញឈើប្រភេទសុក្រំ អារប្រាំបីជ្រុង ចំនួន១៩ដើម រថយន្តសាំងយ៉ុង ពណ៌ស ចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ពាក់ស្លាកលេខ 2A-5030 និងមួយគ្រឿងទៀត គ្មានស្លាកលេខ និងរថយន្តប៉ាកុងកែច្នៃ ចំនួន២គ្រឿង។ រីឯក្រុមជនល្មើស បានរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។

មន្ត្រីឧទ្យាននុរក្សស្នាក់ការរងដើមចំបក់ និយាយថា ក្រុមការងារបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើស ជាពិសេសការដើរល្បាត ប៉ុន្តែហាក់ដូចជាមិនឈ្នះល្បិចក្រុមជនខិលខូចនោះឡើយ។ យ៉ាងណាក៏ដោយ នឹងបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ចមិនឱ្យពួកជនល្មើស ប្រព្រឹត្តអ្វីតាមអំពើចិត្តនោះឡើយ។

រហូតមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ទើបកម្លាំងជំនាញបានប្រមូលវត្ថុតាងនិងជញ្ជូនយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃ កែវសីមា ស្នាក់ការរងចំបក់ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES