Tuesday, June 24, 2025
Homeសង្គម និងជីវិតរត់ចោលកំលោះមានទ្រព្យ ជាប់ស្នេហ៍កំលោះតោកយ៉ាក

រត់ចោលកំលោះមានទ្រព្យ ជាប់ស្នេហ៍កំលោះតោកយ៉ាក

ខេត្តបាត់ដំបង ៖ នារីម្នាក់នេះ តាំងពីធំពេញវ័យក្រមុំ មានប្រុសកំលោះចោមស្នេហ៍រាប់មិនអស់ រហូតមានកំលោះអ្នកមានទ្រព្យម្នាក់ តាមស្រលាញ់ងប់ងុល និងថែមទាំងបានចូលស្តីដណ្តឹងត្រឹមត្រូវតាមច្បាប់ទៀតផង លុះជិតដល់ថ្ងៃការ បែរជានាងក្រមុំប្តូរចិត្ត រត់ចោលរោងការ ទៅសម្ងំរស់នៅឆ្ងាយផ្ទះ រហូតដល់ក្រោយមក ក៏លង់ស្នេហ៍កំលោះក្រីក្រតោកយ៉ាក រួចក៏សែនព្រេនយកគ្នាជាប្តីប្រពន្ធ រួមរស់ស៊ីអត់ស៊ីឃ្លាននឹងគ្នាដល់សព្វថ្ងៃ។

នាងផា ស្រីនិច អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃស្វាយ  ឃុំព្រៃស្វាយ ស្រុកមោងឫស្សី បានរៀបរាប់ប្រាប់ថា នាងកើតមកក្នុងត្រកូលគ្រួសារកសិករ មានជីវភាពក្រខ្សត់ខ្លាំងណាស់ ទើបមានវាសនាបានរៀនសូត្រត្រឹមថ្នាក់ទី ៦ប៉ុណ្ណោះ ក៏ឈប់រៀន ងាកទៅស៊ីឈ្នួលគេ រកលុយជួយផ្គង់ផ្គង់គ្រួសារ រហូតដល់ពេញវ័យក្រមុំ អាយុ១៧ឆ្នាំ ក៏ចេញទៅធ្វើការសំណង់នៅប្រទេសថៃ នៅទីនោះ មានប្រុសកំលោះខ្មែរនិងថៃ ចោមស្រលាញ់នាងរាប់មិនអស់ តែនាងមិនដែលយកចិត្តទុកដាក់លើរឿងស្នេហានោះឡើយ គិតតែរឿងរកលុយផ្ញើមកជួយគ្រួសារប៉ុណ្ណោះ។

នាងផា ស្រីនិច បន្តថា លុះនាងមានអាយុ ២១ឆ្នាំ ក៏ត្រឡប់មករស់នៅស្រុកកំណើតវិញ បានតែប៉ុន្មានខែ ក៏មានកំលោះអ្នកធូរធារម្នាក់ រស់នៅស្រុកជាមួយគ្នា បានចូលស្តីដណ្តឹងនាងតាមផ្លូវច្បាប់ ដំបូងនាងប្រកែកដែរ តែម្តាយបង្ខំថា យកគេអ្នកមានជីវភាពធូរធារ រៀបការរួច មិនបាច់ដើរស៊ីឈ្នួលគេ រស់នៅបានសមរម្យ លុះម្តាយពន្យល់នាងសព្វគ្រប់ហេតុផល ទើបនាងយល់ព្រមតាមម្តាយទៅចុះ និងត្រូវម្តាយនាងកំណត់ថ្លៃបណ្ណាការ ចំនួន ៣ពាន់

ដុល្លារ ព្រមទាំងបានដាក់ថ្ងៃរៀបការរួចអស់ទៅហើយ ដោយម្តាយនាងបានទៅជួលភ្លេងភ្លាត់ ចុងភៅ កក់ផ្នួង សម្អាងការ អស់ទៅហើយ លុះកៀកដល់ថ្ងៃរៀបការទៅហើយ នាងបែរជាដេកគិតក្នុងចិត្តឃើញថា គ្មានចិត្តស្រលាញ់កូនកំលោះនេះសោះ ទោះរៀបការរួចក៏គ្មានសុភមង្គលដែរ ទើបសម្រេចចិត្តរត់ចោលរោងការ ចោលកូនកំលោះអ្នកមានទ្រព្យនោះទៅ។

នាងស្រីនិច បានឱ្យដឹងថា ក្រោយពីរត់ចោលរោងការ នាងក៏បានមករកការងារធ្វើនៅភ្នំពេញ ដោយចូលធ្វើការងាររោងចក្រមួយកន្លែង ព្រមទាំងផ្តាច់លេខទូរស័ព្ទជាមួយឪពុកម្តាយអស់គ្មានសល់។ លុះ ១ឆ្នាំក្រោយមក នៅឆ្នាំ២០១៩ នាងក៏សន្សំលុយទិញបានទូរស័ព្ទ ១គ្រឿង  គ្រាន់លេងហ្វេសប៊ុក ស្រាប់តែមានកំលោះម្នាក់ ឈ្មោះសឿន ខ្លី បានឆាតចូលមកទូរស័ព្ទនាង ទាំងមិនដែលស្គាល់គ្នាសោះ។ ពេលនោះ ខាងប្រុសបានសុំរាប់អាននាង និងបានរៀបរាប់ពីប្រវត្តិរបស់គេ ឱ្យនាងបានដឹង ទើបដឹងថា តាមពិតពួកនាងនៅភូមិជាប់គ្នាសោះ ហើយក៏និយាយចុះសម្រុងគ្នា រាប់អានគ្នាតាំងពីពេលនោះមក។

នាងស្រីនិច បានឱ្យដឹងទៀតថា លុះក្រោយមក ការរាប់អានក៏ក្លាយជាចំណងស្នេហ៍ រហូតដល់នាងស្រលាញ់គេពេញប្រៀបបេះដូង ដកចិត្តមិនរួច ដល់ថ្នាក់ដាច់ចិត្តទូរស័ព្ទទៅសុំទោសឪពុកម្តាយនៅស្រុក ពីរឿងរត់ចោលរោងការ និងប្រាប់ថា នាងមានអ្នកថ្មីត្រូវចិត្តហើយ ពេលនេះ ឪពុកម្តាយក៏មិនប្រកាន់ខឹងនឹងនាងទៀតដែរ ដោយពួកគាត់យល់ឃើញថា សំខាន់ឱ្យតែកូនស្រីមានសុភមង្គល គឺគ្រប់គ្រាន់ហើយ។ លុះនាងប្រាប់ថា ជីវភាពខាងប្រុសក្រីក្រខ្លាំងណាស់ រកតែលុយរៀបការមិនបានផង តែឪពុកម្តាយនាងប្រាប់ថា ក្រក៏ក្រចុះ សំខាន់លើគំនិត និងចិត្តស្រលាញ់មកលើនាងស្មោះដែរឬទេ? បន្ទាប់មក ឪពុកម្តាយក៏ហៅឱ្យនាងនាំខាងប្រុសនោះមក ដើម្បីឱ្យគាត់រៀបចំផ្សំផ្គុំឱ្យ លុះនាំគ្នាមកដល់ផ្ទះ បាន១អាទិត្យ ឪពុកម្តាយ ក៏រៀបចំសែនព្រេនក្បាលជ្រូក មាន់ស្ងោរ កុំឱ្យមេបាប្រកាន់ខឹង រួចក៏ចាប់ដៃគ្នាជាប្តីប្រពន្ធរហូតមក។

 ក្រោយពេលបានគ្នាជាប្តីប្រពន្ធមក ប្តីនេះស្រលាញ់នាងខ្លាំងណាស់ ប្រឹងដើរស៊ីឈ្នួលចិញ្ចឹមគ្រួសារ មិនដែលត្អូញត្អែរ ១ម៉ាត់ ចំណែកនាងក៏ស្រលាញ់ប្តីមិនតិចដែរ ចំណីចំណុកយប់ព្រលប់ ប្តីត្រូវការថ្មើរម៉ាន រៀបចំឱ្យប្តីភ្លាម មិនដែលប្រកែកឡើយ រហូតមកដល់សព្វថ្ងៃ នាង មានកូនស្រីម្នាក់ ជាចំណងនិស្ស័យ និងរស់នៅប្រកដោយសុភមង្គល ទាស់ត្រង់ថាជីវភាពតោកយ៉ាកបន្តិច។

លោកសឿន ខ្លី អាយុ២៦ឆ្នាំ ត្រូវជាប្តីនាងផា ស្រីនិច បានរៀបរាប់ថា លោកជាកូនទី៦ ក្នុងចំណោមបងប្អូន ១២នាក់ ហើយឪពុកម្តាយ ក្រុមគ្រួសារ ទ័លក្រខ្លាំងណាស់ ព្រោះកូនច្រើនពេក។ កាលពីក្មេង លោកគ្មានបានរៀនសូត្រអ្វីទាំងអស់ គ្រាន់តែពេញវ័យ ១៤ឆ្នាំភ្លាម ក៏ចេញ ស៊ីឈ្នួលគេនៅជាយដែន រហូតដល់ពេញកំលោះ ពុំដែលចេះទាក់ទងញ៉ែស្រីណាឡើយ ទើបតែចូលដល់អាយុ ២៣ឆ្នាំ ក៏សន្សំលុយទិញបានទូរស័ព្ទដៃ ១គ្រឿង រៀនលេងហ្វេសប៊ុក ចុចឆាតចុះឆាតឡើង ក៏ចូលចំនាងក្រមុំ ផា ស្រីនិច លុះគ្រាន់តែជួបមុខគ្នាតាមឆាត ក៏បាក់ចិត្តស្រលាញ់នាង ដកមិនរួច ថ្ងៃណាក៏ទូរស័ព្ទសាសងស្នេហ៍ជាមួយគ្នាដែរ ប៉ុន្តែមិនដែលហ៊ានធ្វើអ្វីរំលងហួសប្រពៃណីឡើយ រហូតដល់ខាងស្រី សុំឪពុកម្តាយនាងបាន ទើបដឹកដៃគ្នាទៅឱ្យពួកគាត់ជួយផ្សំផ្គុំ សែនព្រេនត្រឹមក្បាលជ្រូកមាន់ស្ងោរ ទទួលយកគ្នាជាប្តីប្រពន្ធរហូតមក និងទើបបង្កើតបានកូនម្នាក់ ជាចំណងនិស្ស័យ។ យ៉ាងណាលោកពិតជាស្រលាញ់ប្រពន្ធនេះខ្លាំងណាស់ ព្រោះនាងស្លូតបូត ស្រលាញ់យកចិត្តទុកដាក់ជាមួយប្តី ទោះថាលោកដើរស៊ីឈ្នួលគេចិញ្ចឹមគ្រួសារ រកព្រឹកខ្វះល្ងាចយ៉ាងណា ក៏នាងមិនដែលស្តីបន្ទោសលោកជាប្តីម្តងណាឡើយ ទើបធ្វើឱ្យលោកកាន់តែគ្រឺតក្នាញ់ ស្រលាញ់ប្រពន្ធនេះដកចិត្តមិនរួចឡើយ៕

RELATED ARTICLES