ភ្នំពេញ៖អតីតតារាសម្ដែងគឹម ច័ន្ទបរមី ដែលជាសង្សាររបស់លោកហ៊ុន បញ្ញាបុត្រ ត្រូវជាចៅរបស់លោកហ៊ុន ណេង និងជាចៅជីដូនមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នោះពេលនេះនាងកំពុងកាន់ទុក្ខជាមួយគូស្នេហ៍ព្រោះកាលពីថ្ងៃទី៥ខែឧសភា តាក្មេករបស់នាងបានទទួលមរណភាពទៅហើយដោយជំងឺបេះដូង ទើបធ្វើឲ្យបរមី ស្រងូតស្រងាត់ហើយនៅលើCover ហ្វេសបុករបស់នាងដាក់រូបបូព័ណខ្មៅបញ្ជាក់ថានាងកាន់ទុក្ខ។

ស្រីស្រស់គឹម ច័ន្ទបរមី ថ្លែងសារអមជាមួយរូបថតដែលនាងនិងសង្សារថតជាមួយលោកហ៊ុន ណេង និងភរិយានោះថានាងមិននឹកស្មានថានោះជារូបចុងក្រោយជាមួយតារបស់នាងនោះទេ។ក្រោយឃើញបរមី បញ្ចេញសារបែបនោះក៍មានតារារួមអាជីពមួយចំនួនចេញសាររំលែកទុក្ខនាងផងដែរ។


សូមបញ្ជាក់ថាអតីតFreshie គឹម ច័ន្ទបរមី បានផ្អាកពីអាជីពសិល្បៈក្រោយនាងក្លាយទៅជាសង្សាររបស់លោកហ៊ុន បញ្ញាបុត្រ អាយុ២៥ឆ្នាំជាកូនរបស់អ្នកស្រីហ៊ុន ចន្ធូ និងជាចៅរបស់លោកហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ។អ្នកស្រីហ៊ុន ចន្ធូ ដែលជាអនាគតម្ដាយក្មេករបស់គឹម ច័ន្ទបរមី នោះជាពាណិជ្ជករមួយរូបដែលមានក្រុមហ៊ុនជាច្រើននៅកម្ពុជា ទើបធ្វើឲ្យតារារួមអាជីពខ្លះបានសរសើរបរមី ថានាងមានសំណាងព្រោះបានធ្វើកូនប្រសារសេដ្ឋីនីរូបនេះ ។ចំណែកច័ន្ទបរមី វិញនាងក៍តែងតែបង្ហាញពីភាពហ៊ឺហាដល់កំពូលតាមរយៈការជិះរថយន្ដថ្លៃៗមានដូចជាBentley ,Audi ,Mercedes –Benz G Class ជាដើម។អ្វីដែលនាងច័ន្ទបរមី កាន់តែធ្វើឲ្យគេស្ញប់ស្ញែងថែមទៀតនោះគឺជាញឹកញាប់នាងនិងសង្សារបានចេញទៅដើរកម្សាន្ដនៅប្រទេសជិតខាងដោយប្រើប្រាស់រថយន្ដផ្ទាល់ខ្លួនម៉ាកអ៊ែប៊ើស៧២(Air Bus 72) ដែលធ្វើឲ្យគ្មានតារាណាអាចប្រជែងជាមួយនាងបានឡើយ។យ៉ាងណាក្រោយបរមី និងគូស្នេហ៍បានរួមរស់ជាមួយគ្នាជាសង្សារច្រើនឆ្នាំនេះមិនទាន់មានព័តមានថាពួកគេគ្រោងដឹកដៃគ្នារៀបការនៅពេលណាឡើយ។


គឹម ច័ន្ទបរមី ដែលកំពុងកាន់ទុក្ខតាក្មេកលាចាកលោកនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាជីវិតស្នេហារបស់នាងគឺដូចគូស្នេហ៍អ្នកដ៍ទៃផ្សេងទៀតដែរ ។ដោយឡែកទាក់ទងការងារសិល្បៈវិញបរមី ធ្លាប់វាចាថាសង្សារនាងមិនដែលហាមឃាត់នាងលេងសិល្បៈឡើយ គឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ៕

