ភ្នំពេញ៖លោកព្រាប សុវត្ថិ ហៅស្នាយ បានក្លាយទៅជាឧកញ៉ាលំដាប់តារាទី៤បន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ ខណៈដែលអាជីពចម្រៀងរបស់លោកនៅGalaxy មានភាពស្រពិចស្រពិលកាន់តែខ្លាំងព្រោះតែមិនទាន់មានការបញ្ជាក់ពីលោកផ្ទាល់ថាតើនឹងបន្ដអាជីពចាស់ទៀតឬក៍ឈប់ច្រៀង?ទោះជាយ៉ាងណាក្រោយលោកសុវត្ថិ ហៅស្នាយ ក្លាយទៅជាឧកញ៉ាជិត២សប្ដាហ៍មកនេះគេឃើញកំពូលតារាចម្រៀងរូបនេះកាន់តែបុកទៅលើការធ្វើជំនួញច្រើនជាងមុនតាមរយៈការលក់ផលិតផលផ្ទាល់ខ្លួនដូចជាប៊ូ និងរកស៊ីពុះដីឡូតិ៍លក់ជាដើម។ដោយឡែកFan ដែលគាំទ្រលោកសុវត្ថិ នៅតែមិនទាន់ចង់ឲ្យលោកចូលនិវត្តន៍ពីអាជីពចម្រៀងត្រឹមនេះឡើយ ព្រោះពួកគេចង់ស្ដាប់សំនៀងរបស់លោកជាបន្ដទៅទៀត។


ព្រាប សុវត្ថិ ដែលឡើងជាឧកញ៉ាក្ដៅៗនេះតារាកូន៣ក៍ត្រៀមធ្វើខួបកំណើតជាលក្ខណៈគ្រួសារនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២ ខាងមុខនេះដែរដែលឆ្នាំនេះលោកឈានចូលវ័យ៤៧ឆ្នាំទៅហើយ។អ្នកជំនាញសិល្បៈបានលោកឡើងថាទោះជាព្រាប សុវត្ថិ បេះដូងជាប់និងចម្រៀងក្ដី ប៉ុន្ដែកត្ដាដែលលោកឡើងជាឧកញ៉ានៅពេលនេះធ្វើឲ្យស្នាយ ចាប់ផ្ដើមកាត់បន្ថយអាជីពសិល្បៈបន្ដិចម្ដងៗទាំងការច្រៀងក្នុងនិងក្រៅស្រុកហើយលោកនឹងបន្ថែមមុខជំនួញថ្មីៗកាន់តែច្រើនជាមិនខាន។

ថ្វីត្បិតែអាជីពចម្រៀងរបស់លោកព្រាប សុវត្ថិ ហាក់នៅមានភាពមិនច្បាស់លាស់ក្ដី ប៉ុន្ដែចំនួនកុងត្រារបស់លោកនៅGalaxy គឺមានរហូតដល់ទៅឆ្នាំ២០២៥ ឯណ្ណោះទើបផុតកិច្ចសន្យាតំណាក់កាលទី១ ខណៈដែលផលិតកម្មថ្មីតែចាយលុយធំនេះធ្លាប់ប្រកាសថានឹងធ្វើការជាមួយលោកស្នាយ ១០ឆ្នាំបន្ថែមទៀតពោលគឺរហូតដល់ឆ្នាំ២០៣៥ ។ប៉ុន្ដែគេជឿរថាក្រោយលោកសុវត្ថិ ឡើងជាឧកញ៉ានេះបទចម្រៀងរបស់លោកដែលធ្លាប់តែចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា នឹងចាប់ផ្ដើមរយាលបន្ដិចម្ដងៗជាមិនខានដែលពេលនោះលោកខេម នឹងចេញមុខកាន់តែច្រើនជាងមុន។

សូមបញ្ជាក់ថាមុនព្រាប សុវត្ថិ ក្លាយទៅជាឧកញ៉ានេះកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់លោកបានប្រកាសថាអតីតតារាហង្សមាសដែលចាប់អាជីពចម្រៀងជាង២ទសវត្សន៍នេះសល់ទ្រព្យខ្ទង់៣០លានដុល្លារ។តាមទិន្នន័យនេះមានន័យថាលោកសុវត្ថិ ត្រូវបានគេចាត់ទុកថាជាតារាមានលុយច្រើនជាងគេនៅខ្មែរ ខណៈដែលលោកឧកញ៉ាឃ្លោគ ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ មិនដែលប្រកាសពីទ្រព្យសរុបរបស់ពួកគេឲ្យគេដឹងឡើយ៕

