អាមេរិក៖លោកអែន ឌី ដែលធ្លាប់បានVisa ពីស្ថានទូតអាមេរិកកាលពីឆ្នាំ២០២០ តែត្រូវអាកខានចេញដំណើរព្រោះតែកូវីដ នោះស្រាប់តែកាលពីថ្ងៃទី៩ខែឧសភា លោកបានហោះទៅអាមេរិកដោយរួមតំណើរជាមួយលោកឧកញ៉ាគិត ម៉េង ទៀតផង។តាមសកម្មភាពរបស់លោកអែន ឌី លើដីអាមេរិកលើកនេះមិនមែនជាការច្រៀងសម្ដែងសិល្បៈនោះទេ ព្រោះលោកបានបញ្ចេញរូបភាពដើរកម្សាន្ដជាច្រើនកន្លែងជាមួយបងប្អូនខ្មែរនៅទីនោះ។


លោកអែន ឌី បានថ្លែងប្រាប់តាមឆាតហ្វេសបុកថាលោកមកអាមេរិកជើងនេះគឺមានរយៈពេល៩ថ្ងៃ ហើយពិតណាស់មិនពាក់ព័ន្ធការច្រៀងសម្ដែងនោះទេ ព្រោះលោកដើរកម្សាន្ដសុទ្ធសាធ។លោកថាដោយសារតែមកចំពេលដែលសម្ដេចតេជោហ៊ុន សែន មកទស្សនកិច្ចនៅអាមេរិកដែរទើបលោកបានចូលរួមជាមួយបងប្អូនខ្មែរជាច្រើនទទួលស្វាគមន៍សម្ដេចនៅរដ្ឋវ៉ាស៊ីនតោនឌីស៊ី ហើយតាមគម្រោងលោកនឹងទៅដល់ខ្មែរវិញនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ ខាងមុខនេះ។លោកអែន ឌី ក៍បានឲ្យដឹងដែរថាការមកអាមេរិកជើងនេះគឺជាលើកទី៣ហើយសម្រាប់លោកព្រោះកាលពីឆ្នាំ២០១៣ និង២០១៧ លោកធ្លាប់បានមកច្រៀងសម្ដែងនៅទីនេះផងដែរ។ប៉ុន្ដែលោកបានខានមកអាមេរិក៥ឆ្នាំមកហើយ ដែលលើកចុងក្រោយគឺនៅឆ្នាំ២០២០ ដែលកាលនោះបានVisa ហើយតែត្រវខកខានដោយសារតែកូវីដ។

គេកត់សម្គាល់ថាមុនផ្ទុះកូវីដលោកអែន ឌី តែងតែងផ្ដោតលើការច្រៀងសម្ដែងនៅបរទេសច្រើនជាងនៅខ្មែរដែលពេលខ្លះលោកបាត់មុខនៅខ្មែរដល់ទៅកន្លះឆ្នាំក៍មានដែរ។តែសម្រាប់ការទៅអាមេរិកលើកនេះលោកអែន ឌី ថាគ្មានផែនការបង្ហួសទៅប្រទេសជិតខាងអាមេរិកឡើយ គឺនឹងវិលវិញតាមការកំណត់ ខណៈដែលលោកក៍មិនទាន់មានផែនការណ៍ចេញទៅច្រៀងសម្ដែងនៅបរទេសជាថ្មីដែរ។ប៉ុន្ដែអំឡុងដែលលោកអែន ឌី នៅក្នុងស្រុកគេឃើញម្ចាស់បទ”នឹកបង៥០%ផង”រូបនេះក៍នៅតែបន្ដចេញបទចម្រៀងដោយCover បទពីបទមរតកដើមជាបន្ដបន្ទាប់ផងដែរ។តែអ្វីដែលគូរឲ្យកត់សម្គាល់ទោះជាលោកអែន ឌី ចេញចូលក្រៅស្រុកយ៉ាងណាក៍លោកនៅតែវិលមកខ្មែរវិញតាមកាលកំណត់ដោយគ្មានបំណងរស់នៅបរទេស ឬភ្ជាប់ស្នេហ៍ជាមួយនារីនៅទីនោះជាថ្នូរការបន្ដនៅស្រុកគេជាអចិនត្រេយ៍ឡើយ៕



