ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម មិនតបចំពោះបុរសម្នាក់ដែលដាក់សំណួរទៅនាយដោយឆ្ងល់ថាម៉េចបានលោកមេសា ជាតារាល្បីប៉ុណ្ណឹងដែរ តែជ្រើសយកប្រពន្ធជាស្រី្ដមេម៉ាយនោះ។ ប៉ុន្ដែនាយចឺម បានឲ្យកំពូលស្នេហ៍របស់នាយគឺអ្នកមេម៉ាយកូន១សាច់សខ្ចីដូចបណ្ដូលចេកនាងសេង សុខគីម ជាអ្នកឆ្លើយជំនួសទើបអនាគតភរិយាតារាសាន់ដេរូបនេះបំភ្លឺទៅប្រុសនោះថា៖មេម៉ាយមិនមែនស្រីមែន?នាងសុខគីម ថានាងមិនដែលទាមទារឲ្យអ្នកណាមកស្រលាញ់នាងនោះទេ ព្រោះនាងស៊ីបាយនិងចាយលុយដែលនាងប្រឹងរក។កំពូលស្នេហ៍នាយចឺម រូបនេះថាបើខ្លាចខ្មាសគេ កុំស្រលាញ់មេម៉ាយអី ,សូមអញ្ជើញចេញចុះ …។

យ៉ាងណាការឆ្លើយរបស់សង្សារនាយចឺម ថាដើម្បីកុំឲ្យខ្មាសគេ កុំស្រលាញ់មេម៉ាយនោះគឺជាការតបទៅម្ចាស់សំណួរប៉ុណ្ណោះ មិនមែននាងសុខគីម មានបំណងចង់ឲ្យលោកមេសា ដើរចេញពីនាងឡើយ ព្រោះថាចំណងស្នេហារបស់ពួកគេទាំងពីរកំពុងតែផ្អែមល្ហែមពិសេសនាយចឺម ស្រលាញ់អ្នកមេម៉ាយស្ទើលេបតែម្ដង។នាយចឺម ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថារឿងសង្សារលោកមេម៉ាយនោះមានបានលាក់លៀមឯណា គឺសង្សារនាយបង្ហាញឲ្យគេដឹងថាគាត់មានកូន១ហើយតើ។

គូរបញ្ជាក់ថានាយចឺម បានប្រេះឆាស្នេហ៍តារាសម្ដែងជាស្រីស្អាតក្រមុំៗដល់ទៅ៣ដួងក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី ។អ្វីដែលនាយចឺម ធ្វើឲ្យនាងសុខគីម កាន់តែមានភាពកក់ក្ដៅថែមទៀតនោះនៅពេលដែលលោកមេសា និយាយថាសង្សារនាយមុនៗចូលមកក្នុងជីវិតនាយ គឺដើម្បីតែប្រយោជន៍ មិនដូចនាងសុខគីម ទេដែលស្រលាញ់នាយដោយចិត្តស្មោះទើបធ្វើឲ្យសង្សារមេម៉ាយកូន១រូបនេះតបវិញថាទោះជាថ្ងៃក្រោយស្នេហារវាងនាងនិងនាយចឺម មានបញ្ហាគ្នាក៍នាងគ្មានការសោកស្ដាយក្រោយឡើយ។

តាមព័តមានថាពេលនេះនាយចឺម បានទិញរថយន្ដJaguar ចូលគ្នាជាមួយសង្សារ ហើយពួកគេកំពុងតែប្រឹងសន្សំទ្រព្យរួមគ្នាផងដែរដើម្បីត្រៀមរៀបការនាពេលខាងមុខ។តែលោកមេសា នៅតែនិយាយថាពេលនេះនាយនិងនាងសុខគីម ត្រឹមជាសង្សារគ្នា ហេតុនេះមិនដឹងថាពេលខាងមុខនឹងមានរឿងអ្វីកើតឡើងឡើយ៕

