ខេត្តសៀមរាប ៖ ករណីក្មេងប្រុស ចំនួន២នាក់បងប្អូន លួចបោកកូនជ្រូកម្តាយ ប្រមូលលុយ វេចបង្វេចចុះចោលផ្ទះបាត់ អស់រយៈពេល ៥ថ្ងៃមកហើយនោះ ពេលនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញនៅចំណុចបរិវេណកោះពេជ្រ ឯរាជធានីភ្នំពេញ។
ក្មេងប្រុសទាំង២នាក់ ត្រូវបានសមត្ថកិច្ចតាមរកឃើញ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ក្មេងប្រុសទាំង២នាក់បងប្អូនដែលបាត់ខ្លួន ៥ថ្ងៃ និងទើបត្រូវបានសមត្ថកិច្ចរកឃើញ ទី១-ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និង ទី២-ឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ។ ក្មេងប្រុសទាំង២នាក់ គឺជាសិស្សសាលាអនុវិទ្យាល័យធ្លកអណ្តូង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្ល ក្រាម ក្រុងសៀមរាប។
តាមសម្តីបុរសជាឪពុកបង្កើតរបស់ក្មេងប្រុសទាំង២នាក់ ដែលបានឡើងមកទទួលកូនប្រុសដោយផ្ទាល់ បានរៀបរាប់ប្រាប់ថា ក្រោយពេលដែលកូនប្រុសរបស់គាត់បាត់ខ្លួន គាត់បានដាក់ពាក្យបណ្តឹងផង និងតាមស្វែងរកដោយខ្លួនឯងផង អស់ពីលទ្ធភាពហើយ ប៉ុន្តែមិន ទទួលបានតម្រុយអ្វីទាល់តែសោះ។ លុះមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានផ្តល់ព័ត៌មានមកឱ្យគាត់ថា មានការប្រទះឃើញភិនភាគក្មេងប្រុស
២នាក់ ដូចកូនប្រុសរបស់គាត់ តាមរយៈកាមេរ៉ាសុវត្ថិភាព។ ភ្លាមនោះ គាត់ក៏ប្រញាប់ឡើងមកជួបសមត្ថកិច្ច ដើម្បីសុំពិនិត្យភិនភាគតាមកាមេរ៉ាសុវត្ថិភាព និងស្គាល់ច្បាស់ថា ពិតជាកូនប្រុសរបស់គាត់មែន ទើបសមត្ថកិច្ចបានបញ្ជាក់ថា ព័ត៌មាននេះ ផ្តល់ឱ្យដោយសមត្ថកិច្ចរាជធានីភ្នំពេញ ហើយទីតាំងដែលប្រទះឃើញកូនប្រុសគាត់នោះ គឺនៅវត្តថាន់ ម្តុំស្តុបចម្ការមន រាជធានីភ្នំពេញ។
បុរសជាឪពុក បន្តថា បន្ទាប់ពីទទួលបានតម្រុយនេះភ្លាម គាត់ក៏ប្រញាប់ស្រូតដំណើរឡើងមកពីសៀមរាប សំដៅចូលរាជធានីភ្នំពេញ និងបានមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងបានតាមស្វែងរកកូនប្រុស ពេញ១យប់ តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ទើបគាត់បានទៅរកកន្លែងសម្រាក។ បន្ទាប់មក នៅវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ចខេត្តសៀមរាប បានទូរស័ព្ទមកប្រាប់គាត់ថា កូនប្រុសរបស់គាត់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រកឃើញហើយ និងកំពុងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់។ ឮបែបនេះ គាត់ក៏ស្រូតដំណើរទៅ
ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ភ្លាម ក៏បានប្រទះឃើញកូនប្រុសទាំង២នាក់មែន។ យ៉ាងណា ដោយសារតែមើលទៅកូនប្រុសទាំង២នាក់របស់គាត់ ហាក់មានអារម្មណ៍ភិតភ័យ ទើបគាត់មិនទាន់អាចឈ្លេចសួរនាំពីដំណើរដើមទងដែលនាំឱ្យពួកគេចេញបាត់ពីផ្ទះនៅឡើយ តែសំខាន់ឱ្យតែកូនប្រុសទាំង២នាក់របស់គាត់ មានសុវត្ថិភាព គឺគាត់ពិតជាត្រេកអរណាស់ទៅហើយ និងសូមថ្លែងអំណរគុណដល់សមត្ថកិច្ច ទាំងសមត្ថកិច្ចខេត្តសៀមរាប និងសមត្ថកិច្ចរាជធានីភ្នំពេញ ដែលសហការគ្នាយ៉ាងអស់ពីចិត្តពីថ្លើម តាមរកកូនប្រុសរបស់គាត់រហូតទាល់តែឃើញ។
គួរបញ្ជាក់ថា ករណីក្មេងប្រុសទាំង២នាក់ខាងលើបាត់ខ្លួននេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមគ្រួសាររបស់ក្មេងប្រុស បានដាក់ការសង្ស័យថា ជាករណីចាប់ក្មេងដាក់ចូលរថយន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាប បដិសេធ ក្រោយពេលចុះស៊ើបអង្កេត ស្រាវជ្រាវដល់ផ្ទះក្រុមគ្រួសារឪពុកម្តាយក្មេងទាំង២នាក់នោះរួចមក។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា ក្រោយពីបានឃើញនូវការបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គម ថាមានកណីចាប់ក្មេងដាក់ឡាន សមត្ថកិច្ចខេត្តសៀមរាប បានចុះស៊ើបអង្កេត ជាមួយគ្រួសាររងគ្រោះ។ គ្រួសាររងគ្រោះ បានប្រាប់ប៉ូលិសថា គាត់ផុសហ្វេសប៊ុក បែបនេះ គឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ។
លោកភឹង ចិន្តារ៉េត បានបន្តថា កូនជ្រូកដែលម្តាយសន្សំលុយ ត្រូវបានកូនវាយបំបែកយកលុយអស់ ចំណែកខោអាវរបស់កូនៗ ក៏បាត់អស់មួយចំនួនផងដែរ។ ហេតុនេះ តាមការសន្និដ្ឋាន មិនមែនជាករណីចាប់ក្មេងដាក់ឡាននោះទេ អាចក្មេងរត់ចេញពីផ្ទះ ព្រោះម្តាយ របស់ក្មេង តែងតែអប់រំ និងវាយពួកគេជាញឹកញាប់ ទើបពួកគេរត់បែបនេះ។ ទោះជាយ៉ាងណានគរបាល កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងទាំងពីរនាក់នេះ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះប៉ិច សុខេន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវជាម្តាយក្មេងរងគ្រោះ បានរាយការណ៍ថា ជាទម្លាប់កូនប្រុសទាំង២នាក់ ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ ម៉ោង ៦ព្រឹក បានចេញទៅរៀន នៅអនុវិទ្យាល័យធ្លកអណ្តូង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់។ លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ព្រឹក កូនរបស់គាត់ទាំង២នាក់ បានចេញទៅរៀនតាមទម្លាប់ដូចរាល់ដង ដោយដឹកគ្នា២នាក់បងប្អូន ចេញទៅ ហើយរហូតដល់ម៉ោងជិត ១ថ្ងៃ ស្រាប់តែមិនឃើញកូនមក គាត់ក៏បានទូរស័ព្ទទៅកូន តែមិនចូល ដោយប្លែកព្រោះរាល់ដង កូនគាត់មិនដែលបិទទូរស័ព្ទទេ។ ម្តាយបន្តថា គាត់បានទូរស័ព្ទសួរបងប្អូន តែគេអត់ឃើញ ទើបគាត់និងប្តីបងប្អូននាំគ្នាដើររក តែកមិនឃើញ។
ដោយឡែក បុរសជាឪពុកក្មេងប្រុសទាំង២នាក់ដែលបាត់ខ្លួន បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កូនរបស់គាត់ទាំង២នាក់ បានជិះកង់ប្រភេទកង់ខ្មែរពណ៌ស បានដឹកគ្នាសំដៅទៅរៀននៅសាលាបឋមសិក្សាធ្លកអណ្តូង ស្ថិតនៅ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លុះដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមិនឃើញកូនៗត្រឡប់មកផ្ទះវិញ ទើបរូបគាត់ជាឪពុក បានជិះម៉ូតូទៅតាមរកនៅសាលារៀន ហើយបានទៅជួបនាយកសាលា សួររកឈ្មោះកូនរបស់គាត់ ប៉ុន្តែលោកនាយកសាលា បានឆ្លើយថា មិនឃើញក្មេងទាំង២ មករៀន តាំងពីព្រឹកម៉្លេះ។ ក្រោយមក រូបគាត់បានជិះម៉ូតូតាមរកសួរបងនិងប្អូន នៅតែមិនឃើញ សួរតាមមិត្តភក្តិរបស់កូនគាត់ ក៏រកមិនឃើញ។ លុះដល់ម៉ោង ៣រសៀល ថ្ងៃដដែល គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម។ ក្រោយមកនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល ក៏បន្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកកូនប្រុសទាំង២នាក់របស់គាត់។
បុរសជាឪពុកក្មេង បន្តថា កាលមុន គាត់មានផ្ទះនៅភូមិធ្លកអណ្តូង ហើយកូនទាំង២នាក់របស់គាត់ រៀននៅសាលាធ្លកអណ្តូង ក្រោយមក គាត់ផ្លាស់មករស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ប៉ុន្តែមិនបានប្តូរសាលាកូនរៀននោះទេ ពោលគឺកូនទាំងពីរនាក់ ត្រូវជិះកង់ ពីភូមិល្អក់ ទៅរៀននៅសាលាធ្លកអណ្តូង៕