នៅតែប៉ុន្មានថ្ងៃទៀត ដល់ពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ពិតណាស់ថា គ្រប់គណបក្សទាំងអស់ ដែលត្រូវឈរឈ្មោះបោះឆ្នោតនោះ “ចេញ ក្បាច់អួត” ទៀតហើយ។
ពុទ្ធភាសិតា “ឈ្នះអួត ឱ្យអួតតប” ដូចរឿង “នន្ទោបនន្ទនាគរាជ” អួតអាងថា ខ្លួនខ្លាំងពូកែណាស់ ព្រោះពិសភ្លើងរបស់ខ្លួន បើព្រួសចេញទៅធ្វើឱ្យមនុស្ស សត្វ រុក្ខជាតិ ក្លាយទៅជាផេះ។ ព្រះពុទ្ធ បរមគ្រូ ក៏ត្រាស់បង្គាប់ “មហាមោគ្គល្លានត្ថេរ” ជាអគ្គសាវ័កឆ្វេង ឱ្យប្រែកាឡាជានាគរាជ ទៅ “អួតតទល់គ្នា” ពេលនាគរាជនោះ ព្រួសពិសភ្លើង នាគមោគ្គល្លាន ព្រួសទឹកភ្លៀង រលត់ភ្លើងអស់ ធ្វើឱ្យនាគរាជ សុំចុះចាញ់។
យ៉ាងណាមិញ គណបក្សនយោបាយណាក៏ដោយ បើមិនចេះអួតដូចគេ កុំចូល ប្រឡូកក្នុងសង្វៀនប្រជាធិបតេយ្យនេះអី មិនឈ្នះគេទេ។ រីឯ “ក្បាច់អួត” មិនខុស ពីការបោះឆ្នោតមុនៗ ដែល “នគរធំ” សូមបង្ហាញខ្លះៗដូចខាងក្រោម ៖
-បក្សកាន់អំណាច (ជភភ) ៖ អួតថា យើងកសាងតាំងពីបាតដៃទទេ រហូត មានអ្វីៗទាំងអស់, យើងការពារសន្តិភាពជាអមតៈ, ទីណាមានប្រជាពលរដ្ឋអត់ឃ្លាន រងទុក្ខវេទនា ទីនោះត្រូវតែមានគណបក្សប្រជាជនកម្ពុជា (ជភភ), ទិវា៧មករា ធ្វើឱ្យខ្មែររស់, យើងអភិវឌ្ឍន៍ជាតិមាតុភូមិឱ្យកាន់តែខ្លាំងក្លាជាងនេះទៀត, យើង មានព្រំដែនសន្តិភាព សហប្រតិបត្តិការជាមួយវៀតណាម មិនប្រែក្រឡាស់៘
-បក្សភ្លើងទៀន ៖ ដែលមានលោកសម រង្ស៊ី នៅពីក្រោយ អួតថា យើងត្រូវ តែផ្លាស់ប្តូរការដឹកនាំ, យើងកសាងជនបទ ឱ្យក្លាយជាទីក្រុង, យើងបោសសម្អាត អំពើពុករលួយ បក្ខពួកគ្រួសារនិយម យើងរកទីផ្សារជូនកសិករ សម្រាប់លក់កសិផល មិនឱ្យរាំងស្ទះ៘
-បក្សហ៊្វុនស៊ិនប៉ិច ៖ អួតថា យើងការពាររបបរាជានិយម ជាព្រះកេរ្តិ៍សម្តេចឪ សម្តេចតា, យើងរក្សាការពារ សុខសន្តិភាព លើផ្ទៃរាបអន្តរជាតិ, យើងលុបបំបាត់ អំពើជិះជាន់ រំលោភលើពលរដ្ឋស្លូតត្រង់ ជាពិសេស យកព្រះកិត្តិនាមសម្តេចឪ សម្តេចតា មកអួត៘
-បក្សជាង១០ទៀត ៖ អួតថា យើងរៀបចំសេដ្ឋកិច្ចឱ្យមានសន្ទុះជឿនលឿន ដូចបស្ចិមប្រទេស, យើងរៀបចំប្រពលវប្បកម្ម ប្រព័ន្ធធារាសាស្ត្រ លើកទឹកចិត្ត កសិករ, យើងអភិវឌ្ឍន៍មូលដ្ឋានឱ្យខ្លាំងជាងទីក្រុង៘
របៀបអួត គេលើកតែពីភាពខ្លាំងរបស់បក្សខ្លួន ឬលើកតែពីគុណសម្បត្តិបក្ស អត់និយាយពីគុណវិបត្តិនោះទេ។ វាមិនដែល ជភភ ឯណាទៅឃោសនាថា នឹងដក លោកនេះ លោកនោះចេញពីតំណែង ព្រោះអំពើពុករលួយនោះទេ ឬឃោសនាថា បើ ជភភ ឈ្នះឆ្នោត នឹងដកហូតដីព្រៃ ដែលអ្នកមានអំណាច មានលុយ យកធ្វើ កម្មសិទ្ធិ មកវិញឱ្យអស់។ វាមិនដែលពួកភ្លើងទៀន ឯណា ទៅឃោសនាថា នៅ ពេលភ្លើងទៀន ឈ្នះឆ្នោត នឹងរកមធ្យោបាយហៅលោកសម រង្ស៊ី និងសហការី នៅក្រៅប្រទេសឱ្យចូលស្រុកវិញ ឬនិយាយថា បើយើងធ្វើមិនបាន សុខចិត្តលា- តំណែងនោះទេ។ វាមិនដែលហ៊្វុនស៊ិនប៉ិច ឯណា មិនលើកព្រះកិត្តិនាមសម្តេចឪ សម្តេចតា មកអួតនោះទេ ព្រោះហ៊្វុនស៊ិនប៉ិច មានទឹកមាត់លេប ដោយការ ឃោសនាបែបនេះ។
និយាយរួម តាមឃុំ-សង្កាត់ នីមួយៗ បើខ្វះឃោសនិកប្រកបដោយវោហារ- សាស្ត្រ ក៏គេចាក់មីក្រូ លាន់រំពងភូមិ ដោយយកសុន្ទរកថាប្រធានគណបក្ស មក ចាក់សាចុះសាឡើង។
ជាសំណូមពររបស់ “នគរធំ” បក្សណាអួតយ៉ាងម៉េចក៏អួតទៅ ព្រោះ “ឈ្នះ អួត ឱ្យអួតតប” កុំតែចាក់មីក្រូទល់មុខគ្នា ថ្លង់ពេក ផ្ទុះជាអំពើហិង្សា។ បើបក្ស មួយចាក់មីក្រូ នៅ “ភូមិក” យើងសូមស្នើបក្សមួយទៀត ទៅចាក់នៅ “ភូមិខ” ទៅ កុំឱ្យសំឡេងខ្ទ័របុកគ្នា។ បើហែក្បួនប៉ះគ្នា សូមចែកផ្លូវគ្នាឱ្យស្រួល កុំចេញ ក្បួនជះទឹក ឬគប់ដបទឹកសុទ្ធដាក់គ្នា មិនកើតទេ។
អាជ្ញាធរស្រុក និង គ.ជ.ប ថ្នាក់ឃុំ-សង្កាត់ ត្រូវទទួលខុសត្រូវក្នុងការបែង- ចែកកាលវិភាគ និងរៀបចំផ្លូវឱ្យបក្សទាំងអស់ ធ្វើសកម្មភាព និង “កុំកាន់ជើង គ្នាឱ្យសោះ” ព្រោះថា ជម្លោះនយោបាយ ធ្វើឱ្យខូចទម្រង់ប្រជាធិបតេយ្យ’