ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់ កំពុងជិះកង់ដើរលេងនៅក្នុងភូមិតែម្នាក់ឯង ដល់កន្លែងស្ងាត់ ក៏ស្រាប់តែលេចមុខជនសង្ស័យល្មោភកាមម្នាក់ បានស្ទុះមកចាប់ឱបពីក្រោយ បណ្តាលឱ្យដួលកង់ រួចប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទាំងកំរោល តែសំណាងល្អ ក្មេងស្រីរងគ្រោះប្រឹងរើបម្រះរួច រត់គេចនិងស្រែកឆោឡោហៅគេឱ្យជួយ ទើបជនសង្ស័យធ្វើអ្វីមិនកើត ក៏រត់គេចបាត់ ទីបំផុតក្មេងស្រីរងគ្រោះប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹង ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។ លុះមកដល់វេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបាន និងនាំយកមកសាកសួរ។
ជនសង្ស័យដែលប៉ងចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយឹង ដូង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរអណ្តូង បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីយុវជនម្នាក់ប៉ុនប៉ងរំលោភទៅលើក្មេងស្រីម្នាក់ ដោយឃើញក្មេងស្រីរងគ្រោះជិះកង់ស្ងាត់ម្នាក់ឯង នៅចំណុច ភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ស្រាប់តែជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផង រត់ទៅឱបពីក្រោយ បណ្តាលឱ្យដួលកង់ និងធ្វើឱ្យក្មេងស្រីរងគ្រោះភ័យខ្លាច ក៏ស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យភ័យខ្លួន ក៏បានរត់គេចខ្លួនបាត់។
ដោយឡែក តាមសម្តីរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះកង់ដើរលេងជាមួយមិត្តភក្តិ នៅតាមផ្លូវ លុះដល់កន្លែងកើតហេតុ ក៏បានជួបជនសង្ស័យខាងលើ ដែលកំពុងដើរម្នាក់ឯង និងបានធ្វើដំណើរតាមក្រោយរូបនាង និងមិត្តភក្តិ តែពេលនោះ ដោយសារតែមិត្តភក្តិរបស់នាងបានដើរទៅមុនបាត់ នៅពេលដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពស្ទុះមកចាប់ឱបនាងពីក្រោយជាប់ បណ្តាលឱ្យដួលកង់ ហើយពេលនោះ ជនសង្ស័យបានប៉ុនប៉ងចាប់រំលោភនាង ធ្វើឲ្យនាងភ័យណាស់ ក៏ប្រឹងរើបម្រះ និងបានរត់ទៅស្រែកហៅរកគេឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏បានរត់គេចខ្លួនបាត់ទៅ។
ក្មេងស្រីរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានត្រឡប់មកផ្ទះវិញ និងប្រាប់ដំណើររឿងឱ្យឪពុកម្តាយបានដឹង និងបានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ បានចុះធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕