ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលឈានទៅដល់កំពូលព្រោះតែមានឱកាសចាប់ដៃជាមួយតារាចម្រៀងព្រាប សុវត្ថិ និងខេម នោះពេលនេះតារាតូចតន់នឹងអាចបាត់ដៃស្ដាំម្ខាងជាមិនខាន ព្រោះថាក្រោយព្រាប សុវត្ថិ ឡើងជាឧកញ៉ាមកលោកនឹងចាប់ផ្ដើមរយាលៗពីការច្រៀងរាំបន្ដិចម្ដងៗជាមិនខានដើម្បីសម្រុកលក់ដីឡូតិ៍ ហេតុនេះហើយបន្ទុកនឹងត្រូវធ្លាក់ទៅលើលោកខេម ដែលនឹងចេញបទចម្រៀងជាមួយសីម៉ា បានច្រើនឡើងវិញ។ប៉ុន្ដែសម្រាប់ច័ន្ទសីម៉ា វិញពេលនេះនាងត្រូវបានបានថៅកែនិងថ្នាក់ដឹកនាំពេញចិត្តសម្ថភាពនាង ហេតុនេះហើយGalaxy នឹងមិនបណ្ដោយឲ្យនាងចុះខ្សោយនៅពេលដែលសីម៉ា លែងសូវបានចាប់ដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ នោះទេ។

គូសបញ្ជាក់ថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាយុវវ័យដែលអ្នកចម្រៀងមានគីឡូប្រហាក់ប្រហែលគ្នាពិបាកទប់ទល់តាំងពីស្រីស្រស់បានក្លាយទៅជាតួឯកGalaxy ព្រោះនាងតែងតែទទួលបានបទចម្រៀងល្បីៗជាបន្ដបន្ទាប់ដែលជាការសម្រិតសម្រាំងជាពិសេសរបស់លោកយឹម តាស្រង់ ។សីម៉ា ដែលធ្លាប់តែច្រៀងតាមហាងពេលរាត្រីបាន១យប់បានតែជាង១០ដុល្លារហើយធ្វើតំណើរដោយជិះម៉ូតូទៅស្នាក់នៅផ្ទះជួលតម្លៃ៦០ដុល្លារនៅម្ដុំស្ដុបDN នោះពេលនេះនាងមានរថយន្ដទំនើបៗជិះនិងរស់នៅផ្ទះយ៉ាងប្រណិតមិនចាញ់តារាល្បីៗជារៀមច្បងឡើយ។ក្រោយមានជីវភាពធូធានេះសីម៉ា ក៍កើនសម្រស់ទៅតាមទឹកលុយដែរ រហូតមានការសង្ស័យថានាងបានកែសម្រស់ជាច្រើនផ្នែកទៀតផង ប៉ុន្ដែសីម៉ា សារភាពថានាងបានកែតែ ច្រមុះនិងចាក់ចង្ការឲ្យវែងជាមុនប៉ុណ្ណោះ តែនៅកន្លែងផ្សេងៗទៀតនាងអត់បានធ្វើដូចគេម៉ៃឡើយ។ដោយឡែកអ្នកនៅក្នុងចង្កោមសិល្បៈសង្ស័យថាសីម៉ា កំពុងតែបង្កាត់ភ្លើងស្នេហាជាមួយបុរសពោះម៉ាយម្នាក់ព្រោះកន្លងមកកាយវិការរបស់ពួកគេស្និតស្នាលដូចគូសង្សារ។តែអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវរូបនេះថាបេះដូងនាងមិនទាន់មានអ្នកឃុំគ្រងឡើយ ហើយពេលនេះនាងផ្ដោតលើអាជីពសិល្បៈច្រើនជាងគិតគូលើរឿងស្នេហា។

អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាទោះជាតន់ ច័ន្ទសីម៉ា និងព្រាប សុវត្ថិ អាយុខុសគ្នាច្រើនឆ្នាំក្ដី តែតារាទាំងពីរអាចចាប់ដៃគូគ្នាបានព្រោះថាតារាវ័យក្មេងនាពេលបច្ចុប្បន្នពួកគេក៍មានសម្ថភាពខ្លាំងៗដែរ។ប៉ុន្ដែអតីតតារាហង្សមាសសង្កត់ថាការដែលព្រាប សុវត្ថិ ចាប់ដៃគូជាមួយច័ន្ទសីម៉ា អ្នកដែលចំណេញពីការច្រៀងឆ្លងឆ្លើយនេះគឺជាសីម៉ា ៕


