ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ឧសភា លោកគួច ខេវិន បានយកកម្រងផ្កាអមដោយសាររំលែកទុក្ខជូនដល់សពឪពុកតារាចម្រៀងសុវត្ថិឌី ធារិកា លោកមាស សុវត្ថិឌី និងម្ដាយនាងអ្នកស្រីពៅ ពុទ្ធារី ដែលបានតម្កល់នៅវត្តសង្រាន្ដតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ។អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់លោកគួច ខេវិន បានផ្ដល់កំលាំងទឹកចិត្តដល់ធារិកា ឲ្យមានភាពរឹងមាំនិងតស៊ូប្រឡូកអាជីពសិល្បៈជាបន្ដទៀត ខណៈដែលតារាថោន វិញក្ដុកក្ដួលរលីងរលោងទឹកភ្នែកនិងលើកដៃទាំងពីរសំពះថ្លែងអំណគុណដល់លោកខេវិន ដែលបានយកកម្រងផ្កា២ និងថវិការចូលរួមបុណ្យសពឪពុកម្ដាយនាង។



សុវត្ថិឌី ធារិកា ក៍បានប្រាប់លោកគួច ខេវិន ថានាងមានមោទនភាពណាស់ដែលឃើញមិត្តភក្ដិ,ថ្នាក់ដឹកនាំ ,មន្រ្ដីក្នុងជូរដ្ឋាភិបាលដែលបានមកជួយរំលែកទុក្ខនាងជាបន្ដបន្ទាប់ធ្វើឲ្យជីវិតនាងមិនឯកោឡើយ។ធារិកា បានអុជ ធូបហៅឈ្មោះឪពុកម្ដាយនាងថាលោកខេវិន មកគោរពវិញ្ញាណក្ខន្ធដល់លោកទាំងពីរហើយ ខណៈដែលនាង ថ្លែងអំណរគុណដល់លោកខេវិន ម្ដងហើយម្ដងទៀតចំពោះការលើកទឹកចិត្តនិងតែងតែផ្ដល់ដំបូន្មានល្អៗ ដល់ នាងកន្លងមក។


លោកគួច ខេវិន បានប្រាប់ថាលោកធ្លាប់ហៅសុវត្ថិឌី ធារិកា ឲ្យច្រៀងកម្មវិធីរបស់លោកជាញឹកញាប់ហើយក៍ធ្លាប់ឃើញឪពុកម្ដាយជូនធារិកា ទៅឆាកតន្រ្ដីដែរ ។លោកថាមានការតក់ស្លុតនិងអាណិតអាសូរចំពោះធារិកា ដែលនៅក្មេងត្រូវកំព្រាឪពុកម្ដាយគឺបាត់បង់ម្ដងដល់ទៅពីរនាក់បែបនេះ។លោកខេវិន បន្ថែមថាសុវត្ថិឌី ធារិកា មានទំនាក់ទំងល្អទាំងក្នុងនិងក្រៅសិល្បៈទើបគេស្រលាញ់ចូលចិត្តនាងហើយពេលនាងមានទុក្ខមានអ្នកមកជួយផ្ដល់កំលាំងចិត្តយ៉ាងច្រើនកុះកបែបនេះ។


ក្រៅពីលោកគួច ខេវិន គេក៍ឃើញមានតារាចម្រៀងនិងសម្ដែងរួមអាជីពជាច្រើនបានចូលរួមបុណ្យសពឪពុកម្ដាយរបស់សុវត្ថិឌី ធារិកា ជាបន្ដបន្ទាប់ផងដែរ ខណៈដែលសពលោកមាស សុវត្ថិឌី និងអ្នកស្រីពៅ ពុទ្ធារី នឹងត្រូវបូជានៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ នៅវត្តស្ទឹងមានជ័យ នឹងធ្វើបុណ្យខួបគម្រប់៧ថ្ងៃនាពេលបន្ទាប់នៅផ្ទះរបស់ធារិកា ផ្ទាល់នៅចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គូររំលឹកថាសុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលធ្វើតំណើដោយរថយន្ដផ្ទាល់ខ្លួនLexus Rx300 ព័ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Bj-១៦៧២ ធ្លាក់ប្រឡាយទឹក បង្កឡើងដោយខ្លួនឯងស្ថិតក្នុងភូមិឆែបខាងកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង៣និង៤៥នារីរសៀលថ្ងៃទី១៧ខែឧសភា ខណៈនាងនិងអ្នករួមដំណើរបានវិលត្រឡប់មកពីចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ នៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ កាលពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។តាមសម្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំងអស់មាន៥នាក់គឺទី១៖អ្នកបើកបរលោកមាស សុវត្ថិឌី ភេទប្រុសអាយុ៥៩ឆ្នាំ ត្រូវជាឪពុក(ស្លាប់),ទី២៖អ្នកស្រីពៅ ពុទ្ធារី អាយុ៤៧ឆ្នាំ ភេទស្រីជាម្ដាយ(ស្លាប់),៣៖តារាចម្រៀងសុវត្ថិឌី ធារិកា អាយុ២៦ឆ្នាំរងរបួស ,ទី៤៖សុវត្ថិឌី ធារីរៈយុទ្ធ ត្រូវជាប្អូន រងរបួស និងទី៥៖លោកយាយទេព សាផាន ត្រូវជាម្ដាយនៃសពរងបួស៕
