Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ដេកលក់ ចោរបំពុលឆ្កែងាប់ លួចម៉ូតូ

ម្ចាស់ដេកលក់ ចោរបំពុលឆ្កែងាប់ លួចម៉ូតូ

ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម ឆ្លៀតពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ ក៏បានធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែ បណ្តាលឱ្យងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿង បានសម្រេច និងគេចខ្លួនបាត់ដោយសុវត្ថិភាព លុះព្រឹកឡើង ម្ចាស់ផ្ទះភ្ញាក់ពីដេក ទើបដឹងថា បាត់ម៉ូតូ ក៏រាយការណ៍ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍។

ករណីបំពុលឆ្កែ លួចម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះយាន រឿង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ។ ចំណែកម៉ូតូដែលក្រុមចោរលួចទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1T-1378 (ជាម៉ូតូខូច ទុកចោលក្រោមផ្ទះ ប្រមាណកន្លះខែមកហើយ)។

ការបំភ្លឺពីជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា ម៉ូតូរបស់គាត់ដែលត្រូវចោរលួចយកទៅនោះ គឺជាម៉ូតូខូច ដេអត់ឆេះទេ និងត្រូវបានគាត់ទុកចោលនៅក្រោមផ្ទះ អស់រយៈពេលជាងកន្លះខែមកហើយ គឺទុកចោល មិនចាក់សោទេ។ លុះមកដល់វេលាម៉ោង ៩យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ គាត់និងកូនស្រី ២នាក់ ម្នាក់ឈ្មោះតូ ធាន អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះតូ គឹមលាង អាយុ១៤ឆ្នាំ បាននាំគ្នាឡើងទៅដេកនៅលើផ្ទះ ហើយក៏បានដេកលង់លក់ទាំងអស់គ្នាទៅ រហូតដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កូនស្រីគាត់ឈ្មោះតូ ធាន បានចុះទៅក្រោមផ្ទះ ក្នុងគោលបំណងទៅរកហូបបាយ រួចស្រែកហៅ “ម៉ែៗ បាត់ម៉ូតូ”។ ភ្លាមនោះ គាត់ក៏បានចុះទៅមើល ឃើញថាបាត់ម៉ូតូមែន ថែមទាំងឃើញឆ្កែរបស់គាត់ ១ក្បាល ដេកងាប់ទៀត។

ជនរងគ្រោះ បន្តថា ឃើញដូច្នោះ គាត់ក៏បានផ្តល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចក៏បានចុះដល់ និងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពបំពុលឆ្កែងាប់  ហើយលួចយកម៉ូតូ ១គ្រឿងនោះ៕

RELATED ARTICLES