Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានក្រឡុកស៊ីម៉ងត៍ទាក់ខ្លោងទ្វារវត្តបាក់ បើកដេញបុកប៉ូលិស

ឡានក្រឡុកស៊ីម៉ងត៍ទាក់ខ្លោងទ្វារវត្តបាក់ បើកដេញបុកប៉ូលិស

ភ្នំពេញ ៖ រថយន្តលាយបេតុង ១គ្រឿង បានបើកចូលទៅក្នុងវត្ត ជាហេតុធ្វើឱ្យស៊ីទែនផ្ទុកបេតុង ទាក់ខ្លោងទ្វារវត្ត បណ្តាលឱ្យបាក់ ដួលរាបដល់ដី រងការខូចខាតទាំងស្រុង និងត្រូវបានសមត្ថកិច្ចចុះទៅឃាត់រថយន្តខាងលើ ដើម្បីឱ្យដោះស្រាយគ្នាជាមួយព្រះសង្ឃ និងគណៈកម្មការវត្ត បែរជាត្រូវតៃកុងឡាន បើករថយន្តដេញបុកសមត្ថកិច្ចទៅវិញ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កហេតុ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2216 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ចំណែកមេការ ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនោះ ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

អ្នកឃើញហេតុការណ៍ បាននិយាយថា នៅក្នុងវត្តត្រពាំងឈូកនេះ ព្រះសង្ឃ ពុំបានហាមឃាត់ការធ្វើដំណើរឆ្លងកាត់វត្តនោះទេ ហើយសព្វថ្ងៃនេះ មានរថយន្តធុនតូច និងម៉ូតូមួយចំនួន បានបើកឆ្លងកាត់តាមវត្ត។ រីឯរថយន្ត និងម៉ូតូភាគច្រើន ជាពិសេសរថយន្តធុនធំៗ បានបើកបរ ធ្វើដំណើរតាមផ្លូវក្រៅវត្ត។ ដោយឡែក នៅពេលកើតហេតុ រថយន្តបង្កហេតុខាងលើ ពុំបើកតាមផ្លូវខាងក្រៅវត្តនោះទេ បែរជាបើកចូលទៅក្នុងវត្តវិញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ បានបើកចេញពីមហាវិថីឈ្នះ-ឈ្នះ ចូលតាមខ្លោងទ្វារវត្តខាងលិច ដែលមានកម្ពស់ខ្ពស់ លុះពេលទៅដល់ខ្លោងទ្វារខាងកើត ដែលមានកម្ពស់ទាប ក៏ស៊ីទែនផ្ទុកបេតុង ទាក់ខ្លោងទ្វារនោះ បណ្តាលឱ្យបាក់ដួលសង្កត់ពីលើរថយន្តតែ

ម្តង។ ខណៈនោះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅឃាត់ ដើម្បីឱ្យភាគីរថយន្តក្រឡុកស៊ីម៉ងត៍សម្រសម្រួលគ្នាជាមួយព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្ត ពីការខូចខាតនេះសិន។

ប្រភពខាងលើ បានបន្តថា ខណៈពេលពុំទាន់មានការដោះស្រាយគ្នាផង ស្រាប់តែមានបុរស៣នាក់ ដែលជាមេការក្រុមហ៊ុនលាយបេតុងនោះ បានមកដល់ និងចេញមុខបញ្ជាឱ្យអ្នកបើកបររថយន្ត បើករថយន្តបង្កហេតុនេះចេញ។ ភ្លាមៗនោះ អ្នកបើកបររថយន្តចិត្តសឿង ស្តាប់បញ្ជាមេរបស់ខ្លួន ក៏បានបើកចេញ ដេញបុកទាំងសមត្ថកិច្ចដែលកំពុងឃាត់នោះទៀត ប៉ុន្តែសំណាងល្អ សមត្ថកិច្ចលោតចេញទាន់។ បន្ទាប់មក សមត្ថកិច្ចបានដេញតាមឃាត់បាន

ខណៈដែលរថយន្តនេះ បើករត់ចេញពីកន្លែងកើតហេតុ បានចម្ងាយប្រមាណជាង ៥០ម៉ែត្រ ប៉ុន្តែអ្នកបើកបរ បានរត់គេចខ្លួនបាត់ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរស ៣នាក់ ដែលជាមេការនោះ នាំយកទៅសាកសួរនៅប៉ុស្តិ៍។

ជុំវិញករណីខាងលើនេះ តំណាងក្រុមហ៊ុនខាងលើ បានធ្វើការសម្របសម្រួលជាមួយព្រះសង្ឃហើយ ប៉ុន្តែមិនទាន់ដឹងថា ត្រូវរ៉ូវគ្នាឬយ៉ាងណានៅឡើយ៕

RELATED ARTICLES