Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ខ្ចៅទូរស័ព្ទ២ វ៉ៃរយះក្បាល សង៩០០ដុល្លារ

បាត់ខ្ចៅទូរស័ព្ទ២ វ៉ៃរយះក្បាល សង៩០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ បានយកទូរស័ព្ទរបស់ខ្លួនទៅជួសជុលទៅហាងលក់និងជួសជុលទូរស័ព្ទ១កន្លែង លុះក្រោយពីធ្វើរួចបាន ១សប្តាហ៍ ក៏បកមកសួរនាំម្ចាស់ហាងវិញ រឿងបាត់ខ្មៅទូរស័ព្ទ ២គ្រាប់ ជាហេតុធ្វើឱ្យកើតមានទំនាស់ពាក្យ

សម្តីតឹងសរសៃកដាក់គ្នា រហូតក្លាយជាអំពើហិង្សា ដោយភាគីម្ចាស់ហាង បានទាញដំបងដែករលាស់ វាយទៅលើភាគីភ្ញៀវ បណ្តាលឱ្យរយះក្បាល បាក់ដៃម្ខាង រងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសជាម្ចាស់ហាងទូរស័ព្ទនាំយកទៅដោះស្រាយជាមួយជនរងគ្រោះ ដោយព្រមសង ៩០០ដុល្លារ បញ្ចប់រឿង។

ហេតុការណ៍អំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ លី ហេង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ហាង និងជាជនដៃដល់ខាងលើនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបើតាមប្រភពពីកន្លែងកើតហេតុ ប្រាប់ថា យីហោ លី ហេង នោះគឺជាឈ្មោះរបស់ជនដៃដល់តែម្តង។ ជនសង្ស័យជាម្ចាស់ហាងទូរស័ព្ទនេះ ត្រូវ

បាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅឃាត់ខ្លួន ដល់ហាង កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ រួចនាំទៅសាកសួរ និងដោះស្រាយជាមួយជនរងគ្រោះ នៅប៉ុស្តិ៍។

ចំណែកបុរសរងគ្រោះ មានឈ្មោះ ផន សំណាង អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុនោះដែរ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្រហែល ១អាទិត្យមុន គាត់បានយកទូរស័ព្ទ ១គ្រឿង ទៅឱ្យម្ចាស់ហាងលក់លក់ទូរស័ព្ទដៃ យីហោ លី ហេង នេះជួសជុល ដោយនៅពេលនោះ ទូរស័ព្ទមានខ្ចៅគ្រប់ចំនួនទាំងអស់ គ្មានបាត់ ១គ្រាប់ឡើយ។ លុះក្រោយពីជនដៃដល់ជួសជុលរួច គាត់បានទៅយកមកប្រើជាធម្មតា ប៉ុន្តែអត់បានដោះស្រោមមើលទេ ហើយក៏ចេះតែប្រើទៅ ហើយ១អាទិត្យក្រោយមក ទើបគាត់ដកទូរស័ព្ទចេញពីស្រោម មកមើល ស្រាប់តែបាត់ខ្ចៅ ២គ្រាប់។

បុរសរងគ្រោះ បានបន្តថា ខណៈនោះ គាត់បានទៅសួរនាំជនដៃដល់ ហើយជននេះ ពុំព្រមទទួលខុសត្រូវឡើយ ទើបបង្កឱ្យមានទំនាស់ពាក្យសម្តីគ្នាកើតឡើង ហើយម្ចាស់ហាងនេះទាញដំបងដែករលាស់ មកវាយសំពងគាត់ បណ្តាលឱ្យរងរបួសដៃ ខ្លួនប្រាណ និងបែកក្បាលហូរឈាមទៀតផង។ ពេលនោះ គាត់ពុំអាចតបតបានឡើយ ព្រោះ

ដៃទទេ ហើយបើកុំតែបានអ្នកជិតខាងជួយឃាត់ កុំអីគាត់ត្រូវស្លាប់មិនខាន បន្ទាប់មក គាត់អត់បានទៅដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ ព្រោះជាប់ទៅព្យាបាលរបួស ហើយគ្រូពេទ្យដេររបួសក្បាល ចំនួន៥ថ្នេរ។ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ទើបគាត់ចេញពីមន្ទីរពេទ្យ រួចក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនដៃដល់ មកធ្វើការសាកសួរនៅប៉ុស្តិ៍ ហើយក៏មានការសម្របសម្រួលគ្នា ដោយភាគីជនរងគ្រោះ បានទាមទារថ្លៃព្យាបាលរបួស ចំនួន១០០០ដុល្លារ ហើយជនដៃដល់ សុំត្រឹម៩០០ដុល្លារ ខណៈនោះ ដោយខ្ជិលមានរឿងវែងឆ្ងាយតទៅទៀត ភាគីរងគ្រោះក៏យល់ព្រមទទួលយក បញ្ចប់រឿងនៅចំពោះមុខសមត្ថកិច្ចតែម្តង៕

RELATED ARTICLES