Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីលេបថ្នាំសម្លាប់ខ្លួន ប្រពន្ធឃាត់ ចងកស្លាប់

ប្តីលេបថ្នាំសម្លាប់ខ្លួន ប្រពន្ធឃាត់ ចងកស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយរាប់ឆ្នាំមកហើយ ព្យាបាលមិនជាសោះ រហូតដល់អាការជំងឺចេះតែធ្វើទុក្ខខ្លាំងពេក ទ្រាំទ្រលែងក៏បែកគំនិតប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន តែត្រូវប្រពន្ធប្រទះឃើញ ជួយឃាត់ទាន់ពេល ស្រាប់តែចុងក្រោយ ខណៈដែលកូនចៅភ្លេចខ្លួន ក៏ចងកជាប់នឹងចម្រឹងបង្អួចក្នុងផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតត្រង់ចំណុចក្រុមទី៩ ភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអ៊ី ហ៊ត អាយុ៦៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះសាន ឡឹង ភេទស្រី អាយុ ៦១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (ទឹកនោមផ្អែម) អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ លុះមួយរយៈចុងក្រោយនេះ ទំនងជាអាការជំងឺចេះតែធ្វើទុក្ខពេក ទើបធ្វើឱ្យប្តីរបស់គាត់ចេះតែរអ៊ូរទាំ លែងចង់រស់នៅតទៅទៀត រហូតដល់ធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនទៀតផង កាលពីអំឡុង ពេលប្រមាណ ១ខែមុននេះ តែសំណាងល្អ ត្រូវបានគាត់ និងកូនៗឃើញ ចូលទៅឃាត់ទាន់ពេលវេលា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលគាត់នៅក្រោមផ្ទះ ស្រាប់តែឮមាត់ចៅឈ្មោះ ហុន លីមិញ ភេទប្រុស អាយុ១៣ឆ្នាំ បានស្រែកថា “ពុកៗចងកហើយ” ពេលនោះគាត់ក៏ស្ទុះរត់ឡើងទៅមើលភ្លាម ក៏ប្រទះឃើញចៅកំពុងស្រាយចំណងក្រមាចេញពីកប្តីរបស់គាត់ នៅនឹងបង្អួចផ្ទះ ទើបនាំគ្នាលើកគាត់ដាក់លើគ្រែ តែអកុសល ប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES