Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសជិះម៉ូតូបញ្ច្រាស បុកស្រីស្លាប់

ប្រុសជិះម៉ូតូបញ្ច្រាស បុកស្រីស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ជិះម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន និងបញ្ច្រាសទិសដៅចរាចរណ៍ រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត ជិះដោយស្ត្រីម្នាក់យ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ចំណែកបុរសជាអ្នកបើកម៉ូតូបង្កហេតុ រងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ នាត ផារី  អាយុ ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BT-8287 ខូចខាតទាំងស្រុង។ ចំណែកអ្នកបើកបរបង្កហេតុ មានឈ្មោះគង់ អាំ អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក ជាអ្នកបើកបរម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ មានស្ត្រីម្នាក់បានជិះម៉ូតូម៉ាកស្គុបពី លើផ្លូវលំក្រាលក្រួសក្រហម ដោយធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ក្នុងទិសដៅពីលិចទៅកើត មិនប្រកាន់ ស្តាំ (បញ្ច្រាសទិស) ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីរងគ្រោះរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញដែរ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវ ស្ត្រីរងគ្រោះក៏បានស្លាប់យ៉ាងអាណោចអាធ័ម។

ចំណែកវត្ថុតាង ម៉ូតូទាំង ២គ្រឿង បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងរួច ក៏អូសយក ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសាំង ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

RELATED ARTICLES