ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានម្ដាយលោកអ្នកស្រីផូ សំណាង បានចេញសារជូនពរឲ្យតារាចម្រៀងរូបនេះឲ្យរកស៊ីមានបាននិងមានក្ដីសុខពេញមួយជីវិត ក្នុងឱកាសខួបកំណើតលោកសុវត្ថិ ឈានចូលវ័យ៤៧ឆ្នាំនេះ។ប៉ុន្ដែភរិយាព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ បានSurprise ស្វាមីនាងតាំងពីខែមុនម្លេះ ខណៈដែលថ្ងៃខួបពិតរបស់លោកស្នាយ គឺនៅថ្ងៃទី២៥ខែឧសភា ។អ្វីដែលគូរឲ្យកត់សម្គាល់ព្រាប សុវត្ថិ មិនដែលធ្វើខួបកំណើតធំដូចគេដោយហៅភ្ញៀវរាប់រយនាក់ឬធ្វើពិធីជប់លៀងធំនោះទេ គឺពេលខ្លះលោកត្រូវបានប្រពន្ធកូនធ្វើខួបឲ្យនៅក្រោមដើមត្នោតនៅដីវាលស្រែរបស់លោក និងជូនកាលអ្នកស្រីឡុង ស្រីមុំ ហៅម៉ី លើកនំខេក ទៅជូនលោកនៅភោជនីយដ្ឋានរបស់ខ្លួនយ៉ាងសាមញ្ញ។គេចាប់អារម្មណ៍ថាមុនឈានចូលវ័យ៤៧ឆ្នាំនេះព្រាប សុវត្ថិ មានសម្រេចកិច្ចការធំជាច្រើននៅឆ្នាំ២០២២ នេះក្នុងនោះមានដូចជាលោកបានបើកក្រុមហ៊ុនសាប៊ូ ,អចលនទ្រព្យ ខណៈដែលកាលពីខែ២៩ខែមេសាឆ្នាំ២០២២ លោកក៍បានទទួលគោរម្យងារជាឧកញ៉ាផងដែរ ដែលធ្វើឲ្យលោកសុវត្ថិ ក្លាយទៅជាអ្នកសិល្បៈទី៤ឡើងជាឧកញ៉ាបន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងខែម ប៊ុនថៃ ។ដោយឡែកសម្រាប់អាយុព្រាប សុវត្ថិ ដែលនៅខ្វះតែ៣ឆ្នាំទៀតនឹងឈានចូលវ័យ៥០ឆ្នាំនេះព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថាលោកនៅតែមានអាយុក្មេងជាងវ័យ ស្របពេលដែលកូនកំលោះទាំង៣របស់លោកមានសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះពួកគេពេញកំលោះស្រាងអស់ទៅហើយ។

គូរកត់សម្គាល់ថាក្រោយព្រាប សុវត្ថិ ឡើងងារជាឧកញ៉ាជិត១ខែមកនេះតារាល្បីជាង២០ឆ្នាំមកនេះចាប់ផ្ដើមរយាលៗពីការងារសិល្បៈជាបណ្ដើរហើយព្រោះលោកជាប់ដៃរកស៊ីពុះដីឡូតិ៍លក់ និងកំពុងសាងសង់Resort នៅខេត្តមណ្ឌុលគិរីផងដែរ។ចំណែកមហាជនបានចាត់ទុកលោកព្រាប សុវត្ថិ ថាជាតារាម្នាក់ដែលមានទ្រព្យមិនចាញ់សេដ្ឋីនោះទេ ព្រោះតែកាលពីខែកញ្ញាឆ្នាំ២០២០ លោកឧកញ៉ាស្នាយ ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាអតីតតារាហង្សមាសរូបនេះមានទ្រព្យសរុបចំនួនដល់ទៅ៣០លានដុល្លារឯណ្ណោះ ដែលទឹកលុយនេះមានន័យថាទោះជាលោកសុវត្ថិ លែងច្រៀងសម្ដែងក៍លោកនៅតែរស់នៅដោយសុខសាន្ដគ្មានហានិភ័យសេដ្ឋកិច្ចឡើយ។ដោយឡែកសម្រាប់កូនប្រុសទាំង៣របស់លោកសុវត្ថិ វិញតាំងពីឪពុករបស់គេចេញពីហង្សមាសចូលGalaxy នោះពួកគេមិនសូវលេចធ្លោរដូចអំឡុងពេលច្រៀងសម្ដែងជាមួយលោកសុវត្ថិ ឡើយ ស្របពេលដែលលោកសុវត្ថិ វិញថ្មីៗនេះបានបង្ហាញសកម្មភាពបណ្ដុះបណ្ដាលកូនៗរបស់លោកឲ្យចេះធ្វើជំនួញផ្នែកអចលនទ្រព្យដែលមើលទៅពេលនេះលោកសុវត្ថិ កំពុងតែត្រួសត្រាយផ្លូវឲ្យកូនកំលោះរបស់លោកទាំងការងារសិល្បៈនិងរកស៊ីព្រមគ្នាតែម្ដង។តែលោកឧកញ៉ាព្រាប សុវត្ថិ ចូលវ័យ៤៧ឆ្នាំនេះលោកគ្មានផែនការណ៍តាមយកកូនស្រីឡើយ ព្រោះលោកបានហៅកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ នោះថាជាកូនពៅ ដែលធ្វើឲ្យអ្នកស្រីឡុង ស្រីមុំ អស់ឱកាសពពោះកូនទី៤។

សូមបញ្ជាក់ថាទោះជាព្រាប សុវត្ថិ ចូលវ័យជ្រេបន្ដិចមែន តែលោកនៅតែត្រូវប៉ាន់ទាំងអាជីពចម្រៀងនិងស្ពតពាណិជ្ជកម្មធំៗដែលតម្លៃខ្លួនរបស់លោកខ្ពស់ជាងតារាផ្សេងៗទៀតផង។លោកគង់ វិសាល អ្នកដឹកនាំការប្រគុំតន្ត្រីរបស់ប៉ុស្ដិ៍បាយ័នដែលបានធ្វើការងារជាមួយលោកព្រាប សុវត្ថិ ជាង១០ឆ្នាំមកហើយនោះថាព្រាប សុវត្ថិ នៅតែមិនទាន់មានតារាណាផ្ដួលឡើយរយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕

