ថៃ៖សុខ ពិសី បានប្ដូរលុយដុល្លារយកលុយបាត២បាច់ធំហើយនាំប្អូនប្រុសនាងឡើងជិះយន្ដហោះចេញទៅថៃកាលពីថ្ងៃទី២១ខែឧសភា ដើម្បីដើរកម្សាន្ដលំហែកាយ៉ារយៈពេលខ្លី ក្រោយនាងមានការនឿយហត់ទាំងអាជីពសិល្បៈនិងការរកស៊ីស្ទើតែគ្មានពេលលំហែកាយ៉ាដូចគេ។យ៉ាងណាពិសី មិនបង្ហាញថាតើអ្នកដែលរួមដំណើរជាមួយនាងនោះមានលោកថៅកែសាន់ដេលោកឡាយ សុខចំរើន ដែរឬអត់នោះទេ តែគេជឿរថាលោកចំរើន នឹងមិនបណ្ដោយឲ្យស្រីស្អាតទៅក្រៅស្រុកដោយគ្មានលោកអមឡើយ។ចំពោះការចេញដើរចាយលុយនៅក្រៅប្រទេសរបស់ពិសី នៅពេលនេះគឺបន្ទាប់ពីមុននេះតារាចម្រៀងឱក សុគន្ធកញ្ញា បាននាំប្ដីនិងកូនប្រុសទៅដើរលេងដល់ទីក្រុងឌូបៃ កាលពីពេលថ្មីៗនេះទើបពិសី ត្រូវតែឆ្លៀតដើរលេងឲ្យមានអារម្មណ៍ស្រស់ថ្លាឡើងវិញព្រោះថាពេញ១រដូវក្ដៅកន្លងមកនាងបានប្រឹងចេញរកលុយតាមរយៈការច្រៀងសម្ដែងគ្រប់ខេត្តក្រុងបានលុយជាច្រើនម៉ឺនដុល្លារនោះត្រូវតែធ្វើជីវិតឲ្យសប្បាយរីករាយតាមរយៈការទៅដើរលេងនៅតំបន់រម្យនីយដ្ឋានល្បីៗនៅប្រទេសជិតខាង។


សូមបញ្ជាក់ថាសុខ ពិសី ទោះជាបាត់បង់ដៃគូសំខាន់គឺតារាចម្រៀងខែម ប៊ុនថៃ ទៅចូលហង្សមាសក្ដី តែពេលនេះនាងនៅតែជាតារាស្រីឈានមុខរបស់សាន់ដេដដែល ខណៈដែលនាងអ៊ីវ៉ា ឈលេខរៀងទី២។សម្រាប់អ្នកជំនាញសិល្បៈបានលើកឡើងថាឲ្យតែពិសី នៅច្រៀងឲ្យសាន់ដេនោះគឺនាងមិនអាចមានតារាណាដណ្ដើមតំណែងអ្នកចម្រៀងសាច់ដូចបណ្ដូលចេករូបនេះបានឡើយពោលគឺពិសី មានឥទ្ធិពលនៅផលិតកម្មមួយនេះដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ឈជើងនៅហង្សមាសដែរ។តែអ្វីដែលគ្រប់គ្នាមានចម្ងល់នោះថាតើហេតុអ្វីបានជារហូតមកដល់ពេលនេះពិសី និងលោកសុខចំរើន នៅតែបន្ដពន្យាពេលសារភាពស្នេហ៍ព្រោះថាពួកគេជាគូស្នេហ៍ដែលសាកសមគ្នាហើយចំណងស្នេហ៍អ្នកទាំងពីរគ្មានឧបស័ក្កមករារាំងឡើយ។

សុខ ពិសី ក៍មិនខុសពីតារាល្បីៗមួយចំនួនទៀតដែរពោលគឺតាំងពីផ្ទុះកូវីដមកនាងមិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចមុនទេ តែតាមរយៈរូបសម្រស់ស៊ីដាច់គេក្នុងសិល្បៈពិសី នៅតែត្រូវប៉ាន់កើបលុយស្ពតពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងរក្សារប្រាក់ចំណូលពីសិល្បៈមានលំនឹង។យ៉ាងណាក្រៅពីដើរចាយលុយនៅថៃនេះពិសី នៅតែគ្មានដំណឹងជាក់លាក់នៃការចាយលុយធំរៀបការឲ្យផ្អើលមេឃឡើយ៕

