ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅដើរកម្សាន្ដនៅប្រទេសបារាំងកាលពីថ្ងៃទី២០ខែឧសភា ដែលការទៅជើងនេះក៍មិនខុសពីលើកមុនៗដែរពោលគឺនីរ័ត្ន មិនបង្ហាញមុខអ្នកដែលរួមតំណើរជាមួយនាងឡើយ។ទោះជាយ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់ក្រោយច័ន្ទនីរ័ត្ន ទៅក្រៅស្រុកបាន២ថ្ងៃគេឃើញលោកចេន ដែលធ្លាប់ត្រូវបានគេសង្ស័យថាជាសង្សាររបស់នាងនោះបានរៀបការជាមួយអ្នកនាងវ៉ាន់ លក្ខិណា ទៅហើយកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ ដោយមានសិល្បកររួមអាជីពមួយចំនួនបានចូលរួមសាទរទៀតផង ខណៈច័ន្ទនីរ័ត្ន ក៍វិលត្រឡប់ពីបារាំងមកចូលរួមមង្គលការរបស់តារាចម្រៀងរូបនេះដែរដោយបង្ហាញទឹកមុខរីករាយហាក់គ្មានទុក្ខស្នេហ៍ឡើយ។ការចូលរោងការរបស់លោកចេន នៅពេលនេះធ្វើឲ្យច័ន្ទនីរ័ត្ន ប្រាកដជាបានស្រាលខ្លួនឡើងវិញជាមិនខាន ដោយសារតែគ្រប់គ្នាលែងដាក់បន្ធុកមកលើនីរ័ត្ន ថាមានស្នេហាដោយមិនបើកចំហនិងម្ចាស់បទ”អាក្របី”ទៀតហើយ ព្រោះថាពេលនេះលោក ក៍មានភរិយាស្របច្បាប់ចំណែកនីរ័ត្ន ក៍មិនមែនទុកបេះដូងឲ្យនៅទំនេរដែរបើទោះជានាងមិនទាន់បង្ហាញស្នេហ៍ថ្មីជាសាធារណៈក្ដី។


គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាតារាម្នាក់ដែលមានសម្រស់លេចធ្លោនិងជាមុខសញ្ញានៃការតាមប្រម៉ាញ់ពីសំណាក់មន្រ្ដីធំខ្លះ និងប្រុសអ្នកជំនួញមួយចំនួនទៀត។តែច័ន្ទនីរត្ន បែជាប៉ៈស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារ ហើយកាលពីខែឧសភាឆ្នាំ២០២១ នាងនិងលោកចេន បានបញ្ចេញសារជាភាសាស្នេហាគ្នាជាចំហនៅលើបណ្ដាញសង្គមទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈគិតថាតារាទាំងពីរគឺជាគូស្នេហ៍និងគ្នា។តែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលកាលពីដើមខែមករាឆ្នាំ២០២២ លោកចេន បែជាទៅភ្ជាប់ពាក្យជាមួយនាងលក្ខិណា រហូតដឹកដៃគ្នារៀបការនៅពេលនេះទៀតផង ទើបធ្វើឲ្យFan របស់ពិធីការិនីធ្មេញចំពើសរូបនេះបារម្ភថាខ្លាចតែស្រីស្រស់ច័ន្ទនីរ័ត្ន ប្រឈមការដើរជាន់ដានចាស់។

ប៉ុន្ដែយ៉ាងណាគ្រប់គ្នាដឹងថាអតីតFreshie លេខ១រូបនេះប្រាកដជាមិនខ្វះប្រុសៗចាំត្រងស្នេហ៍ឡើយ ហេតុនេះក្រោយនាងវិលពីបារាំងវិញសង្ឃឹមថាច័ន្ទនីរ័ត្ន ក្លាហានបើកស្នេហ៍ជាចំហដូចមិត្តរួមអាជីពដែរជាមិនខាន ព្រោះតារាវ័យ២៩ឆ្នាំតែនៅគូរឲ្យក្នក់ក្នាញ់រូបនេះធ្លាប់ប្រាប់ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ តែច័ន្ទនីរ័ត្ន មិនបង្ហើបថាតើអនាគតស្វាមីនាងជាបុរសរូបណាឡើយ៕

