Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងសម្លឹងមុខ វ៉ៃប្រាវ ជាប់ខ្នោះ១០នាក់

ខឹងសម្លឹងមុខ វ៉ៃប្រាវ ជាប់ខ្នោះ១០នាក់

ខេត្តកណ្តាល ៖ ក្មេងទំនើងចំនួន ២ក្រុម បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ដោយផ្តើមចេញពីការសម្លឹងមុខឌឺដង រហូតដល់កើតជាជម្លោះដេញវាយតប់កាប់ចាក់គ្នាយ៉ាងប្រសាច បណ្តាលឱ្យភាគីទាំងសងខាង រងរបួសដូចគ្នា និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ក្របួចក្រុមក្មេងទំនើងទាំងសងខាង បានសរុបចំនួន ១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនសង្ស័យទាំង ២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងនោះ ក្រុមទី១ មានគ្នា ៣នាក់ រួមមាន ៖ ទី១-ឈ្មោះជា វ៉ាន់នាថ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី មានលំនៅ ភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ទី២-ឈ្មោះខន សុខខឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី មានលំនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (រងរបួសលើថ្ងាស ជើង និងថ្ពាល់ស្តាំ) និងទី៣-ឈ្មោះពុធ ចេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី មានលំនៅ ភូមិ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម (រងរបួសរលាត់កែងដៃស្តាំ និងមាត់ខាងឆ្វេង)។

ចំណែកក្រុមទី២ មានគ្នា៧នាក់ រួមមាន ៖ ទី១-ឈ្មោះមីន ស៊ាបងី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា មានលំនៅ ភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ទី២-ឈ្មោះចន ឃ្នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះមីន បូរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរយោធា មានលំនៅ ភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម (រងរបួសបួសក្បាលខាងក្រោយ)។ ទី៤-ឈ្មោះធីម ធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៥-ឈ្មោះប៉ក់ រឹម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ។ ទី៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៧-ឈ្មោះផន ដារ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រងរបួសថ្ងាស និងត្រគាតឆ្វេង)។

រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូចំនួន ៣គ្រឿង (១-ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0977។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1S-1034។ ៣-ម៉ាក HONDA MAGNA 250 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FH-0252)។ ២-ស្បែកជើងផ្ទាត់ ចំនួន៤គូ។ ៣-ខ្សែក្រវាត់ ចំនួន២ (អត់ក្បាល១)។ ៤-មួកក្រណាត់ ចំនួន២។ ៥-ធាងដូង ចំនួន១។ ៦-ដំបងឫស្សី១។ ៧-កំណាត់ឈើស្មាច់១។ ៨-ឥដ្ឋប្រហោង ២ដុំ។ ៩-ដុំថ្មបេតុង ចំនួន១ដុំ។ ១០-ឥដ្ឋការ៉ូឡា ១ដុំ។ ១១-ថ្មជើងឆត្រ១ និង១២-កម្ទេចថ្ម ៦ដុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនសង្ស័យក្រុមទី១ ជិះម៉ូតូចេញពីកន្លែងហូបបាយ បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក៏បានជួបជាមួយជនសង្ស័យក្រុមទី២ នៅតាមផ្លូវ ហើយក៏មានការសម្លឹងមើលមុខឌឺដងដាក់គ្នាទៅវិញទៅមក រហូតដល់កើតមានទំនាស់ពាក្យសំដី ជេរគ្នាទៅវិញទៅមក។ ពេលនោះជនសង្ស័យក្រុមទី១ បានជិះម៉ូតូចេញទៅ ស្រាប់តែជនសង្ស័យក្រុមទី២ បានដេញតាម រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការវាយតប់គ្នាទៅវិញទៅមក ដោយដុំថ្ម ធាងដូង ដំបង និងខ្សែក្រវាត់ បណ្តាលឱ្យភាគីទាំងសងខាងមានអ្នករងរបួសរៀងៗខ្លួន។

បន្ទាប់ពីកើតមានករណីអំពើហិង្សាខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំង ២ក្រុម រួមទាំងវត្ថុតាង បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES